រាជធានីភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋមួយកន្លែងត្រូវភ្លើងឆាបឆេះសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២២ សីហា ២០១១ ស្ថិតនៅខាងក្រោយវត្តចង្ក្រានតាព្រហ្មមានជ័យ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយសារតែផ្ទុះកំប៉ុងហ្គាសចាស់ៗពុកផុយ ខណៈដាក់លក់នៅមុខផ្ទះ ។ ជាមួយគ្នានេះ នាងក្រមុំកូនម្ចាស់ផ្ទះអាយុ១៨ឆ្នាំម្នាក់បានក្លាយជាចំណីភ្លើងគួរឱ្យសោកស្តាយ។
លំនៅនេះថ្មក្រោម ឈើលើ មានដាក់លក់គ្រឿងទេសពាសពេញខាងក្រោម ព្រមទាំងលក់ដបសាំង និងកំប៉ុងហ្គាសផងដែរ ដោយសារកំប៉ុងហ្គាសនោះចាស់ៗពេក មានស្នាមពុកផុយ ពេលត្រូវកំដៅថ្ងៃក៏ផ្ទុះឆាបឆេះពីកំប៉ុងមួយទៅកំប៉ុងមួយ និងរាលដាលដល់ដបសាំងក្លាយជាអណ្តាតភ្លើងសន្ធោសន្ធៅឆេះគ្របដណ្តប់លើផ្ទៃផ្ទះតែម្តង ។
បន្តិចក្រោយមករថយន្តពន្លត់អគ្គិសនីរបស់សមត្ថកិច្ច៥គ្រឿង បានមកដល់ ខណៈមនុស្សម្នានៅទីនោះផ្អើលឆោឡោកាន់តែខ្លាំង ហើយបាញ់ទឹកពន្លត់អស់៣គ្រឿង ទើបភ្លើងបាក់បបខ្លបខ្លាចរលត់សូន្យសុង ប៉ុន្តែស្តាយណាស់ផ្ទះលក់គ្រឿងទេសនេះ ក្លាយជាចំណីភ្លើងទាំងស្រុងទៅហើយ ព្រមទាំងទំនិញអីវ៉ាន់ទ្រព្យសម្បត្តិជាច្រើនក៏ដូច្នោះដែរ។ ទោះជាយ៉ាងណា ការបាញ់ទឹកពន្លត់របស់សមត្ថកិច្ចយ៉ាងហោចណាស់ក៏បានត្រឹមទប់ស្កាត់មិនឱ្យរាលដាលទៅដល់លំនៅឋានផ្សេងៗផងដែរ ប្រសិនបើរថយន្តទឹកនេះហ៊ានតែយឺតពេលជាងនេះទៀត ប្រាកដជាផ្ទះជាច្រើនខ្នងត្រូវឆេះ មនុស្ស និងទ្រព្យសម្បត្តិត្រូវរងគ្រោះ និងខូចខាត។
បុរសម្ចាស់ផ្ទះដែលក្លាយជាចំណីភ្លើងនេះឈ្មោះឌឿ ណារ៉ុម អាយុ៤៥ឆ្នាំ ជាអ្នកលក់ដូរ ប្រពន្ធរបស់គាត់សន្លប់បាត់ទៅហើយ ដោយសារតែបាត់បង់ទ្រព្យសម្បត្តិអស់រលីង និងកូនស្រីក្រមុំម្នាក់បានបាត់បង់ជីវិត ស្លាប់ក្នុងអណ្តាតភ្លើងឈ្មោះឌឿ លីនដា អាយុ១៨ឆ្នាំជានិស្សិត ។ ពេលឆេះដំបូងនាងឌឿ លីនដា បានឆ្លេឆ្លាស្វែងរកជញ្ជូនទ្រព្យសម្បត្តិចេញក្រៅ ប៉ុន្តែទីបំផុតនាងត្រូវភ្លើងឆេះព័ទ្ធជុំជិតអស់រកច្រកចេញមិនរួច ទើបរលាកស្លាប់គួរឱ្យអាណោចអាធ័ម និងសោកស្តាយជាទីបំផុត ៕
ចែករំលែកព័តមាននេះ