កម្មករ-កម្មការិនី ទទួលពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ…
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទូទាំងប្រទេសថា
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទូទាំងប្រទេសថា
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទូទាំងប្រទេសថា ចាប់ពីខែមករាឆ្នាំ២០១៨តទៅ កម្មករ-កម្មការិនីគ្រប់ផ្នែកទាំងក្នុងប្រព័ន្ធទាំងក្រៅប្រព័ន្ធទាំងអស់ និងសេវាកម្មផ្សេងៗទៀត ត្រូវបានទទួលពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ ។ រដ្ឋជាអ្នកបង់ថ្លៃជំនួសតាមរយ:មូលនិធិសមធម៌ដែលបាននិងកំពុងអនុវត្តជាង៣លាននាក់រួចមកហើយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងឱកាសអញ្ជើញសាកសួរសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតរោងចក្រនានាចំនួនប្រមាណជា១៧.០០០នាក់ដែលមកពីរោងចក្រសហគ្រាសចំនួន៧២នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្តេចតេជោមានប្រសាសន៍បន្តថា យើងត្រូវធ្វើការងារនេះជាមួយក្រសួងសុខាភិបាលក្រសួងការងារ ក្រសួងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សាធារណការ អាកាសចរណ៍ស៊ីវិលរ៉ែនិងឋាមពល ឧស្សាហកម្ម សិប្បកម្ម មុខងារសាធារណៈ ជាកិច្ចការដែលត្រូវធ្វើជាមួយគ្នា ។
រាជរដ្ឋាភិបាលខិតខំខ្លាំងណាស់ដើម្បីឲ្យប្រទេសមានសន្តិភាព បើគ្មានសន្តិភាពគឺគ្មានការអភិវឌ្ឍនោះទេ ធ្វើយ៉ាងណាកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីបម្រើឲ្យការវិនិយោគ ផ្លូវថ្នល់ ផ្លូវដែក ព្រលានយន្តហោះ កំពង់ផែ អគ្គិសនី…។ ឱកាសមាស ឱកាសពេជ្របានមកដល់សម្រាប់យើង ក៏ប៉ុន្តែជោគជ័យនេះមិនបានធ្លាក់មកពីលើមេឃទេ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់រួមសុខរួមទុក្ខជាមួយកម្មករ ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនគឺដើម្បីបង្កើនការងារដល់បងប្អូនកម្មករ ។
ក្នុងឱកាសសំណេះសំណាលនោះសម្តេចតេជោបានផ្តល់អនុសាសន៍ល្អៗ៥ចំណុចដល់អាជ្ញាធរនិយោជិត កម្មករ និងកម្មការិនីធ្វើការរួមគ្នាដើម្បីធានាដល់លក្ខណៈការងារនិងប្រាក់ចំណូលល្អ ។ ទី១-ត្រូវរួមគ្នារក្សាសន្តិភាព ស្ថិរភាពនិងសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ។ ទី២-រួមគ្នារក្សាការងារនិងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។ ទី៣-រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករនិងកុំឲ្យភ័យខ្លាចពីការបាត់បង់ការងារនិងប្រាក់ចំណូល ។ ទី៤-ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ ចាប់ពីខែមករាឆ្នាំ២០១៨គឺនិយោជក(ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសង្គម១០០%ដល់កម្មករ-កម្មការិនីដែលបងប្អូនអាចចំណេញថវិកា៨.០០០រៀលទៅ១២.០០០រៀលក្នុង១ខែ ។ ទី៥-ផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការិនីដែលធ្វើការនៅក្រៅប្រទេស។ រាជរដ្ឋាភិបាលបន្តគាំទ្រនិងជួយជ្រោមជ្រែងដោយធ្វើការទំនាក់ទំនងល្អជាមួយបណ្តាប្រទេសដៃគូរដើម្បីផ្តល់ការងារដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខណៈការងារល្អៗរួមទាំងជួយសម្រួលនូវលិខិតបទដ្ឋានដែលពាក់ព័ន្ធការងារស្របច្បាប់ដល់ក្មួយៗកម្មករ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនក្មួយៗកម្មករថា កម្មករ-កម្មការិនីនឹងទទួលបានសេវាជិះឡានក្រុងរយៈពេល២ឆ្នាំដោយសេរីគឺចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់សីហាឆ្នាំ២០១៩ ។ នៅឆ្នាំ២០១៩ខាងមុខនេះកម្មករ កម្មការិនីទាំងអស់នឹងមានប្រាក់សោធននិវត្តន៍(ប្រាក់ចូលនិវត្តន៍៨០%នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួល) ។ ចាប់ពីឆ្នាំ២០១៨ទៅកម្មករទាំងអស់ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធទទួលបានការពិនិត្យព្យាបាលជំងឺពីមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ។
សម្តេចបានឲ្យក្រុមហ៊ុនរៀបចំបង្កើតគិលានដ្ឋានតាមរោងចក្ររបស់ខ្លួនដើម្បីជួយកម្មករកម្មការិនី ។ ចំពោះកម្មការិនីដែលសម្រាលកូនគឺទទួលបានការឈប់សម្រាករយៈពេល៣ខែហើយនៅទទួលបានប្រាក់ខែ១២០%។បន្ទាប់ពីការសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និយោជិតរួចមក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅទស្សនារោងចក្រផលិតសម្លៀកបំពាក់ដែលស្ថិតនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចភ្នំពេញផងដែរ ៕
ចែករំលែកព័តមាននេះ