ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាន​ចោល​ព័ត៌មានចោទ​ថា ​បិទ​ការ​ផ្សាយ​វិទ្យុ​អា​ស៊ីសេរី និង​វី​អូ​អេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោកខៀវ កា​ញា​រី​ទ្ធ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោកខៀវ កា​ញា​រី​ទ្ធ បាន​ថ្លែង​ថា ក្រសួង​ព័ត៌មាន​មិន​បាន​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​VOA​ ដូចដែល​គេ​បាន​និយាយ​នោះ​ទេ គឺ​ក្រសួង​គ្រាន់តែ​អនុវត្ត​ទៅ​តាម​ច្បាប់ លើ​ស្ថានីយ​វិទ្យុ​ណា​ដែល​មិន​គោរព​តាម​គោលការណ៍​និង​លក្ខន្តិកៈ​របស់​ក្រសួង​ប៉ុណ្ណោះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា នៅ​ទីស្តីការក្រសួង លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ មាន​ប្រសាសន៍​ថា កាលពី​ម្សិលមិញ​(២៣ សីហា​) និង​ម្សិល​ម្ង៉ៃ ​(២២ សីហា​)​មានការ​លើក​ឡើង​ថា ក្រសួង​ព័ត៌មាន​បាន​បិទ​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​VOA ។ ប៉ុន្តែ​តាម​ពិត​នោះ​វិទ្យុ​ទាំង​ពីរ​នេះ​មិន​បាន​បិទ​ទេ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​វិទ្យុ​ទាំង​ពីរ​នេះ​ខ្ញុំ​តែងតែ​ការពារ​ដើម្បី​បាន​វត្ត​មាននៅ​ទី​នេះ តែ​ក៏​បាន​បកស្រាយ​បំផ្លើសការពិត​មួយ​ចំនួន​ដែរ ។ កន្លង​មកនេះ មានការ​និយាយ​បំផ្លើស​ថា រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ព័ត៌មាន​បាន​បិទ​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​វី​អូ​អេ​(VOA)។ តាម​ពិត​វិទ្យុ​ទាំង​ពីរ​នេះ​សុទ្ធតែ​បានឃើញ​សេចក្តី​ប្រកាស​របស់​ក្រសួង​រួច​ហើយ ។ កន្លង​មក ក្រសួង​បាន​បិទ​វិទ្យុ​មួយ​ចំនួន ដោយ​សារ​ការ​រំលោភ​លើ​កិច្ចសន្យា​របស់​ខ្លួន​» ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​មួយ​ចំនួន​កន្លង​មក មិនមែន​មក​ពី​វិទ្យុ​នោះ​លក់​ម៉ោង​ផ្សាយ​ឱ្យ​វិទ្យុ​អាស៊ី​សេរី និង​វី​អូ​អេ​ទេ ព្រោះថា​ម្ចាស់​ស្ថានីយ​ដឹង​ច្បាស់​ណាស់ គឺ​ម្ចាស់​ស្ថានីយ​ទាំងអស់​សុទ្ធតែ​បញ្ជាក់​ថា នៅ​ពេល​ជួល​ម៉ោង​របស់​ខ្លួន​ត្រូវ​ឆ្លងកាត់​ឬ​សុំ​ការ អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន ប៉ុន្តែ​វិទ្យុ​មួយ​ចំនួន​នោះ​អត់​បាន​ឆ្លងកាត់​ទេ  ។ អី​ុ​ចឹ​ង ក្រសួង​ត្រូវ​តែ​បិទ​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយ​ត្រូវការ​រឹត​បន្តឹង​ផ្នែក​ច្បាប់ ផ្នែក​ការ​ផ្សព្វផ្សាយ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា កាលពី​ម្សិលមិញ​(២៣​សីហា​) មាន​វិទ្យុ​មួយ​ចំនួន​នៅ​តែ​ដំណើរការ​ផ្សាយ ព្រោះថា​ម្ចាស់​ស្ថានីយ​បាន​សុំ​ច្បាប់​ត្រឹមត្រូវ ។ គេ​បាន​សុំ​ក្រសួង​ព័ត៌មាន​ផ្សាយវិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​វី​អូ​អេ ឬ​ក៏​នាទី​ផ្សេង​ៗ​ទៀត ។ ជាមួយ​គ្នា​នេះ លោក​រដ្ឋ​មន្ត្រី ​ក៏​បាន​លើក​ឡើង​ថា ក្រសួង​ក៏​មាន​បំណង​បិទ​វិទ្យុ​ស្ត្រី​FM១០២​ដែរ ប៉ុន្តែ​លោក​ថា​វិទ្យុ​ហ្នឹង​បាន​ជួយ​ផ្សព្វផ្សាយ​បញ្ហា​ស្ត្រី​បាន​ច្រើន ។

លោក​បញ្ជាក់​ថា «​ម្សិលមិញ​ក៏​សោកស្តាយ​មិន​ដក​វិទ្យុ​ស្ត្រី តាម​ពិត​ក៏​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ដែរ  ប៉ុន្តែ​វិទ្យុ​មួយ​នេះ​របស់​នារី​ដែល​ជួយ​ការងារ​ច្រើន​ក្នុង​សង្គម ទើប​យើង​អនុគ្រោះ ។ ប៉ុន្តែ​យើង​ត្រូវ​តែ​ដក​ចេញ ព្រោះថា​នៅ​ពេល​ដែល​គាត់​សុំ​មក​ក្រសួង​ក្នុង​ការ​ផ្សាយ​បន្ត​វិ​ទ្យ​អាស៊ី​សេរី និង​វិទ្យុ​វី​អូ​អេ សុំ​តែ​កន្លះ​ម៉ោង​ទេ ប៉ុន្តែ​វិទ្យុ​នេះ​ផ្សាយ​លើស​ម៉ោង​» ។

លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​អគ្គនាយក​ស្ថានីយ​វិទ្យុ​ស្ត្រី​ផង​ដែរ ដែល​បាន​ផ្សាយ​ថា ក្រសួង​ហាម​វិទ្យុ​អាស៊ី​សេរី និង​វី​អូ​អេ ក្នុង​ការ​ផ្សាយ​ទៅ​វិញ ។  លោក​បញ្ជាក់​ថា «​ក្រសួង​ចង់បាន​វិទ្យុ​ផ្សាយ​ទាំងអស់​ឱ្យ​ប្លែក​ពី​គ្នា ហើយ​បាន​គ្រប់​ជ្រុង​ពី​បញ្ហា​សង្គម​នីមួយ​ៗ ។ ដូច្នេះ​សុំ​បញ្ជាក់​ថា ការ​បិទ​ទាំង​អស់នេះ​ជា​ការ​អនុវត្ត​ផ្លូវច្បាប់ ហើយ​ជា​ការ​អនុវត្ត​ដែល​ម្ចាស់​ស្ថានីយ​នីមួយ​ៗ​ដឹង​ថា ខ្លូ​ន​ពិតជា​បាន​ធ្វើ​ខុស​ពិតមែន​» ។ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​វី​អូ​អេ ធ្វើការ​កែតម្រូវ​ឡើង​វិញ​ផង​ដែរ នូវ​ការ​ផ្សាយ​ថា ក្រសួង​បាន​បិទ​វិទ្យុ​ទាំង​ពីរ​នេះ ។​   

លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​ថ្ងៃនេះ ខ្ញុំ​តម្រូវ​ឱ្យ​វិទ្យុ​អាស៊ី​សេរី និង​វី​អូ​អេ កែតម្រូវ​ប្រសិនបើ​បង្ហាញ​ខ្លួនឯង​ថា​ពិតជា​វិទ្យុ​មាន​វិជ្ជាជីវៈ តែ​ប៉ុណ្ណឹង ចៀសវាង​ការ​យក​បញ្ហា​នេះ​ទៅ​ជា​រឿង​នយោបាយ​» ។លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រសិនបើ​មាន​ករណី​ស្នើ​សុំ​បែប​ណា​មក​ក្រសួង នោះ​ក្រសួង​នឹង​ពិចារណា ។ លោក​ថា សុំ​កុំ​យក​ករណី​វិទ្យុ​នោះ​មក​ភ្ជាប់​ជាមួយ​នយោបាយ​ឱ្យ​សោះ ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​២១ ខែសីហា​កន្លងទៅ ក្រសួង​ព័ត៌មាន​បាន​សម្រេច​បញ្ឈប់​កា​ផ្សាយ​របស់​ស្ថានីយ​វិទ្យុ​មហានគរ​FM៩៣.​៥០MHz នៅ​ទូ​ទាំង​ប្រទេស​ទាំងស្រុង ។ វិទ្យុ​នេះ​បាន​លក់​ម៉ោង​ទៅ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​វី​អូ​អេ តែ​ការ​បញ្ឈប់​ការ​ផ្សាយ​របស់​វិទ្យុ​នេះ​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​កិច្ចសន្យា​នោះ​ទេ មិនមែន​មក​ពី​វិទ្យុ​នេះ​ជួល​ម៉ោង​ផ្សាយ​ឱ្យ​វិទ្យុ​អាស៊ី​សេរី​-​វី​អូ​អេ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ។

យោង​តាម​លិខិត​របស់​នាយិកា​គ្រប់គ្រង​ការ​ផ្សាយ​របស់​វិទ្យុ​មហានគរ ដាក់​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​ថា ស្ថានីយ​វិទ្យុ​មហានគរ​FM៩៣.៥MHz ផ្អាក​ដំណើរការ​ផ្សាយ​ទាំងស្រុង​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​តទៅ ពីព្រោះ​ក្រសួង​ព័ត៌​មាន​បាន​ចេញ​ប្រកាស​លេខ​៣២៦​ពម​.​ប្រក ចុះ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ ហើយ​ដែល​ស្ថានីយ​វិទ្យុ​ទើបតែ​ទទួល​បាន​ថ្ងៃនេះ ដោយ​​លុប​ចោល​ប្រកាស​លេខ​៥៩៥​ពម​.​ប្រក ចុះ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ ដែល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ស្ថានីយ​វិទ្យុ​មហានគរ និង​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា ។

លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ បាន​សម្រេច​លុប​ប្រកាស​លេខ​៥៩៥​ពម​.​ប្រក ចុះ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាត​ឱ្យ​លោកស្រី ឈួ​ន វេជ្ជ​នី បើក​ស្ថានីយ​វិទ្យុ​មហានគរ​FM៩៣.៥០​MHz មាន​កម្លាំង​ផ្សាយ​១០​គីឡូវ៉ាត់ បង្គោល​អង់​តែ​ន​កម្ពស់​១២០​ម៉ែត្រ ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ  និង​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​FM៩៣.៥០MHz​នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយ​វៀង ត្បូងឃ្មុំ និង​ខេត្តកំពង់ស្ពឺ ។

លិខិត​បន្ត​ថា ស្ថានីយ​វិទ្យុ​បាន​ផ្សាយ​បន្ត​តាម​វិទ្យុ​FM៩៣.៧៥MHz​នៅ​ខេត្ត​ប៉ៃលិន កំពង់ធំ​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត FM៩៣.២៥MHz ខេត្ត​ឧត្ត​មាន​ជ័យ សៀមរាប និង​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្តFM១០៦.២៥MHz​នៅ​ខេត្តបាត់ដំបង ដែល​សាមីខ្លួន​បាន​រំលោភ​ប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​អាជីវកម្ម​របស់​ក្រសួង​ព័ត៌មាន និង​កិច្ចសន្យា​ដែល​បាន​តម្កល់​ទុកជា​ផ្លូវការ​នៅ​ក្រសួង​ព័ត៌មាន ៕