ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០៖០០នាទី ឈានចូលថ្ងៃទី២១ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពហិ.ង្សាដោយប្រើកាំបិតចុងស្រួច និងឧបករណ៍ឆ.ក់វា.យយកទ្រព្យសម្បត្តិពីជនរងគ្រោះឈ្មោះ MOHMMA ABU TAHER ភេទប្រុស ជនជាតិបង់ក្លាដេស បណ្តាលឲ្យរងរបួស ។ នេះបើយោងតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានបង្ហោះ ។
បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យខាងលើបានជិះរថយន្ត១គ្រឿងម៉ាក PRUIS គេចខ្លួនពីកន្លែងកើតហេតុ ។ ចំពោះសម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទចំនួន២គ្រឿង, ប្រាក់ចំនួន៧៥០ដុល្លារ និងកាតមួយចំនួន ។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋានបានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ , ខេត្តបាត់ដំបង និងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ ។
លុះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៧ ៖០៥នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ រួមមាន ៖ ទី១ ៖ ឈ្មោះ ញ៉ឹក ពៅវេហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ទី២ ៖ឈ្មោះ ជៀង មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទី៣៖ឈ្មោះ នី ណា ហៅMMO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ឃុំជាំសង្កែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ទី៤៖ឈ្មោះ អ៊ូ រីម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៥៖ឈ្មោះ ស វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ ទី៦៖ឈ្មោះ ស៊ុន រ៉ាធិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ