ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលើកខ្លួនឯងដូចមេឃរស់នៅមិនបានសុខទេ

6 ឆ្នាំ មុន

ទិដ្ឋិ​ក្នុង​ទី​នេះ​សំដៅយក​ដំណើរ​យល់​ឃើញ​ខុស ឬ​សេចក្តី​ប្រកាន់​មាំ​តាម​ការ​យល់​ឃើញ​ទៅ​តាម​គំនិត​របស់​ខ្លួន​ដែល​ប្រាសចាក​ការ

ទិដ្ឋិ​ក្នុង​ទី​នេះ​សំដៅយក​ដំណើរ​យល់​ឃើញ​ខុស ឬ​សេចក្តី​ប្រកាន់​មាំ​តាម​ការ​យល់​ឃើញ​ទៅ​តាម​គំនិត​របស់​ខ្លួន​ដែល​ប្រាសចាក​ការ​ពិត​ដោយ​ប្រកាន់​ថា ខ្លួន​ជា​អ្នកមាន​ទ្រព្យ ជា​អ្នកមាន​ចំណេះដឹង​ខ្ពស់​ជាងគេ ជា​អ្នកដឹកនាំ​ល្អ​…​ហើយ​មើល​ស្រាល​អ្នក​ដទៃ​បើ​ទោះជា​គេ​ផ្តល់​គំនិត ឬ​ផ្តល់​យោបល់​ក្នុង​ផ្លូវ​ត្រឹមត្រូវ​។ ការ​ដែល​ប្រកាន់​អស្មិមានះ​(​ដំណើរ​ប្រកាន់ខ្លួន​, ការ​រឹងត្អឹង​, ដំណើរ​ប្រកាន់​មាំ​)​បែប​នេះ​ធ្វើ​ឱ្យ​ចិត្ត​របស់​បុគ្គល​មិន​ស្ងប់រម្ងាប់​គឺ​ចេះ​តែ​ហក់​កញ្រ្ជោលទៅ​តាម​អំណាច​នៃ​ការ​លោភលន់ ការ​អួតអាង​របស់​ចិត្ត​គ្មាន​ទីបំផុត រក​សេចក្តីសុខ​មិនឃើញ​ទេ ព្រោះ​បើ​បាន​ផល​ដូច​ចិត្ត ក៏​ត្រេកអរ តែបើ​ធ្វើ​មិន​បាន​ដូច​បំណង ក៏​ធ្វើ​ឱ្យ​ចិត្ត​ក្តៅក្រហាយ អន្ទះអន្ទែង រសាប់រសល់​នៅ​មិន​សុខ​ស្រួល​ឡើយ ។

តាម​ពុទ្ធដីកា​ត្រាស់​ថា សម្មាអាជីវៈ ចិញ្ចឹមជីវិត​តាម​ផ្លូវត្រូវ គឺ​ប្រកប​របរ​តាម​ផ្លូវ​សុចរិត មិន​កេង​បន្លំ​របស់ទ្រព្យ​អ្នក​ដទៃ ឬ​មិន​បៀតបៀន​អ្នក​ដទៃ​, សម្មាវាចា និយាយ​តែ​ពាក្យ​ត្រឹមត្រូវ គឺ​វៀរចាក​ការ​និយាយ​ពាក្យ​មិន​ពិត វៀរចាក​ការ​អួតអាង​ដោយ​ប្រការ​ផ្សេង​ៗ ពោល​គឺ​ប្រព្រឹត្ត​បន្ទាបខ្លួន​តាម​កាលៈទេសៈ ទើប​នាំ​មក​នូវ​សេចក្តីសុខ​សម​ដូច​ពុទ្ធភាសិត​មួយ​ឃ្លា​ត្រាស់​ថា និ​វា​តោ ច ឯ​ត​ម្មង្គល​មុត្ត​មំ កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន​ជា​មង្គល​ដ៏​ឧត្តម ។
ពិត​ណាស់ ពាក្យ​ថា​បន្ទាបខ្លួន​នេះ បាន​ដល់​ការ​ដាក់ចុះ​នូវ​សកាយទិដ្ឋិ (​ការ​មិន​ប្រកាន់​ថា​អ្វី​ៗ​គឺ​ស្ថិត​នៅ​ក្នុង​អំណាច​របស់​ខ្លួន​) និង​លះ​អស្មិមានះ​ចេញ​ចាក​សន្តាន ឬ​គ្រាន់តែ​ធ្វើ​ឱ្យ​ស្រាលស្តើង​ក៏​ជា​សេចក្តីសុខ ។ អ្នក​មិន​ប្រកាន់​ជាតិ​ត្រកូល​ថា យើង​ជា​ជាតិ​ក្សត្រ យើង​ជា​ជាតិ​ព្រាហ្មណ៍ យើង​ជា​ជាតិ​សេដ្ឋី គហបតី ឬថា​យើង​ជា​មហាត្រកូល យើង​ជា​ត្រកូល​ស្តុកស្តម្ភ យើង​មានយស​ស័ក្តិ​ច្រើន យើង​មាន​បរិវារ​ច្រើន យើង​មានទ្រព្យ​ច្រើន​…​ប៉ុណ្ណេះ​ជាដើម​ក៏​ឈ្មោះ​ថា ជីវិត​របស់​បុគ្គល​នោះ​ជា​អ្នក​រស់នៅ​ពោរពេញ​ទៅ​ដោយ​សេចក្តីសុខ​ចម្រើន​ឥត​គណនា ។

មែនទែន​ទៅ​មានះ​និង​ទិដ្ឋិ​ទាំង​ពីរ​នេះ បើ​បុគ្គល​ណា​ប្រកាន់​យក​យ៉ា​ង​មុតមាំ​ដក់​ជាប់​ក្នុង​អារម្មណ៍​ហើយ​នោះ នាំ​ក្តី​អន្តរា​យមក​ដាក់ខ្លួន​ទាំង​បច្ចុប្បន្ន​ផង និង​ជាតិ​ខាង​មុខ​ផង ។ រីឯ​អ្នក​អំនួត  អួតអាង​លើក​ខ្លួនឯង​ដូច​ដងទង់​គ្មាន​អ្នក​ដទៃ​ប្រៀប​ក៏​មាន​វាសនា​មិន​ខុស​ពី​អ្នក​ប្រកាន់​ទិដ្ឋិនិង​មានះ​នេះ​ដែរ ។ ចំណែក​ពួក​ជន​អ្នក​មិន​មាន​សកាយទិដ្ឋិ អស្មិមានះ ឬ​អំនួត​អួតអាង លើកតម្កើង​ខ្លួន​រមែង​រស់នៅ​ជា​សុខ​ក្នុង​លោក​ទាំង​ពីរ  ៕  (​ឈ្វេងយល់​ឱវាទ​ព្រះពុទ្ធ​សាសនា​ចេញផ្សាយ​រៀងរាល់ថ្ងៃ​សីល​)