ទីភ្នាក់ងារឧតុនិយមជប៉ុន MTA រាយការណ៍ថា ការរញ្ជួយដីខ្លាំងមួយមានកម្រិត៦,៨រីស្ទ័របានកើតមាននៅកោះហុនស៊ូភាគឦសានជប៉ុន កាលពីថ្ងៃទី១៩ សីហា វេលាម៉ោង១៤និង៣៦នាទីម៉ោងក្នុងស្រុក។ ការប្រកាសអាសន្នស៊ូណាមីសម្រាប់ក្រុងមីយ៉ាហ្ស៊ី និងហ្វូគូស៊ីម៉ា ត្រូវបានលុបចោលវិញហើយ។
យោងតាមក្រុមហ៊ុន TOKYO ELEC-TRIC POWER (TEPCO) ថា រហូតមកទល់ពេលនេះពុំមានភាពខុសប្រក្រតីណាមួយត្រូវបានកំណត់ឃើញក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាឡើយ ក្រោយការរញ្ជួយដីនេះ។
ការរញ្ជួយដីដែលចំណុចកណ្តាលរបស់វាស្ថិតនៅជម្រៅ២០គីឡូម៉ែត្រ ក្រោមសមុទ្រនៃតំបន់ក្រុងហ្វូគូស៊ីម៉ា ធ្វើឱ្យទីក្រុងនេះ និងក្រុងមីយ៉ាហ្ស៊ី មានការញ័ររង្គើរយ៉ាងខ្លាំង ញ៉ាំងឱ្យផ្អាកការធ្វើចរាចរណ៍រថភ្លើងលឿន និងការបិទ ផ្លូវថ្នល់ទាំងឡាយក្នុងតំបន់។
ភាគឦសានជប៉ុនជាតំបន់រងការប៉ះពាល់ខ្លាំងបំផុតដោយការរញ្ជួយដី និងស៊ូណាមី កាលពីថ្ងៃទី១១ មីនា បណ្តាលឱ្យមានវិបត្តិនុយក្លេអ៊ែរក្នុងតំបន់ហ្វូគូស៊ីម៉ា។
ចំណែកនៅប្រទេសហ្វ៊ីជីវិញ ក៏កើតមានការរញ្ជួយដីមានកម្លាំង៦,៣រីស្ទ័រដែរ កាលពីថ្ងៃទី១៩ សីហា វេលាម៉ោង១១និង៥៤នាទី ម៉ោងក្នុងស្រុក។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយប្រមាណ៥៤០គីឡូម៉ែត្រ ភាគខាងជើង និងភាគពាយ័ព្យក្រុងនូគូអាឡូហ្វា ៕
ចែករំលែកព័តមាននេះ