កុមារធាត់ សំដៅកុមារដែលមានបិរមាណ ជាតិខ្លាញ់នៅក្នុងរាងកាយច្រើនហួសកម្រិតប្រក្រតី ដោយលើសសមាមាត្ររវាងទម្ងន់ខ្លួន និងកម្ពស់ ។ ធាត់ ឬជំងឺធាត់បណ្ដាលមកពីការបរិភោគច្រើនលើសកំណត់ និងការបរិភោគមិនត្រឹមត្រូវ ។
លោកស្រីវេជ្ជបណ្ឌិត Thipaporn Furangseroj អ្នកជំនាញផ្នែកអាហារូបត្ថម្ភកុមារនៃមន្ទីរពេទ្យវេជ្ជថានី ប្រចាំប្រទេសថៃ ឲ្យដឹងថា កំណើនជាតិខ្លាញ់ បន្ដិចម្ដងៗធ្វើឱ្យរាងកាយធាត់ហួសកម្រិត ហើយមិនសមាមាត្រនឹងវ័យ ក៏ដូចជាកម្ពស់របស់កុមារ ។
គ្រោះថ្នាក់នៃការធាត់របស់កុមារនះមានច្រើនដូចជាមនុស្សធំពេញវ័យដែរដូចជា៖
-អាចបង្កឲ្យកើតមានជំងឺសរសៃឈាម បេះដូង ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ។
-ដោយសារតែបរិមាណខ្លាញ់នៅក្នុងខ្លួនច្រើនធ្វើឲ្យខ្លាញ់រុំថ្លើម ហើយអាចបណ្តាឲ្យកើតមានជំងឺរលាកថ្លើម និងអាចវិវឌ្ឍទៅជាជំងឺមហារីថ្លើម ។
-អាចបណ្តាលឲ្យកើតមានជំងឺសន្លាក់ ផ្សេងៗដូចជាមនុស្សចាស់ដែរ ពិសេសត្រង់ជង្គង់ ។
-កុមារធាត់ភាគច្រើនត្រូវរស់ឯកោ ដោយត្រូវកុមារដទៃសើចចម្អកពីរាងកាយដូចជ្រូករបស់គេ ។
អំពើទាំងនេះទើបកុមារដែលធាត់ច្រើនមានអារម្មរណ៍ឆេវឆាវ ខឹងច្រើន នឹងគ្មានទំនុកចិត្តលើខ្លួនឯងជាដើម ។
លោកស្រីវេជ្ជបណ្ឌិត Thipaporn Furangseroj បន្តថា ដើម្បីដោះស្រាយអំពីបញ្ហាគ្រោះថ្នាក់ដែលបណ្តាលមកពីបញ្ហាធាត់នេះ លោកអ្នកដែលជាឪពុកម្តាយ ឬអាណាព្យាបាលត្រូវតែព្យាយាមធ្វើឲ្យ កូនៗរបស់លោកអ្នកស្រកទម្ងន់ ដោយវិធីដូចជា៖
-គួរជ្រើសរើសរបបអាហារមួយដ៏ត្រឹមត្រូវ ជាប្រការប្រសើរបំផុតសម្រាប់សុខភាពរបស់កូនលោកអ្នក ។ របបអាហារត្រឹមត្រូវចាំបាច់ត្រូវមានបរិមាណសមល្មមនៃប្រូតេអុីន និងកាឡូរី ។
-ពិសេសចៀសវាងការចម្អិនអាហារដោយការចៀន បំពង ឬឆា ព្រោះថាអាចធ្វើឱ្យជាតិខ្លាញ់កើនឡើង ។ អាហារប្រភេទខ្លះដែលផ្សំឡើងពីប៊័រ ឬខ្លាញ់សត្វ ដូចជាសាច់ក្រកជាដើម ជាអាហារដែលគួរតែទទួលទានឱ្យបានតិចបំផុត ។
-កុំបណ្តោយឲ្យកុមារមើលទូរទស្សន៍ ឬអីុនធើរណេតទាក់ទងទៅនឹងចំណីអាហារច្រើនពេក ព្រោះអាចបណ្តាលឲ្យឃ្លាន ។
-គួរហាត់ប្រាណឱ្យបានជាប្រចាំ ដើម្បីបញ្ចេញជាតិខ្លាញ់ដែលនៅសល់ក្នុងរាងកាយចេញមក ។ ការរស់នៅស្រណុកពេក អាចឱ្យប្រឈមនឹងជំងឺធាត់ ដូច្នេះព្យាយាមផ្លាស់ប្តូរជីវិតដែលធ្លាប់តែស្រណុកសុខស្រួល ដោយប្រើកម្លាំងដើម្បីបញ្ចេញញើស ការពារការធាត់លើសទម្ងន់ ៕
ចែករំលែកព័តមាននេះ