កូរ៉េខាងជើង-អាមេរិក ៖ ឧត្តមសេនីយ៍អាមេរិកមួយរូបវាយតម្លៃកាលពីថ្ងៃទី១៨ កក្កដា ថា ប្រទេសកូរ៉េខាងជើងពិតជាមានសមត្ថភាពវាយប្រហារសហរដ្ឋអាមេរិកជាមួយមីស៊ីលបាលីស្ទិករំលងទ្វីប ក៏ប៉ុន្តែនៅពុំទាន់អាចតម្រង់ដែនដីអាមេរិកឱ្យចំនៅឡើយទេ ។
យោងតាមពួកអ្នកជំនាញការថា ក្រុងព្យុងយ៉ាងកាលពីថ្ងៃទី៤ កក្កដា បានបាញ់សាកល្បងដោយជោគជ័យជាលើកដំបូង មីស៊ីលរំលងទ្វីបដែលអាចវាយប្រហារដល់ដែនដីអាមេរិកនៅអាឡាស្កា ឬហាវ៉ៃ ។
ទោះបីយ៉ាងណា ឧត្តមសេនីយ៍ PAUL SELVA នាយអគ្គសេនាធិការរងកងទ័ពអាមេរិក គូសបញ្ជាក់ថា លោកនៅសង្ស័យលើសមត្ថភាពរបស់កូរ៉េខាងជើងវាយប្រហារចំសហរដ្ឋអាមេរិក ។ នៅមុខគណៈកម្មការកងទ័ពរបស់ព្រឹទ្ធសភាអាមេរិកឧត្តមសេនីយ៍រូបនេះថ្លែងថា ខ្ញុំយល់ស្របលើការវាយតម្លៃដែលថាកូរ៉េខាងជើងមានការអភិវឌ្ឍន៍យ៉ាងលឿនទៅរកសមត្ថភាពមួយទាក់ទិននឹងមីស៊ីលបាលីស្ទិករំលងទ្វីប ។ តាមអ្វីដែលបណ្តាអ្នកជំនាញការនិយាយប្រាប់ខ្ញុំ គឺថា កូរ៉េខាងជើងនៅពុំទាន់បង្ហាញសមត្ថភាពតម្រង់ឱ្យចំគោលដៅ និងត្រួតពិនិត្យបណ្តាមីស៊ីលរបស់ខ្លួននៅឡើយ ដែលនេះជារឿងចាំបាច់សម្រាប់តម្រង់ឱ្យចំគោលដៅណាមួយ ។ ពេលនេះមានត្រឹមរង្វង់វាយប្រហារ តែពុំទាន់ច្បាស់ពីសមត្ថភាព ។
ឧត្តមសេនីយ៍ PAUL SELVA បន្តថា ខ្ញុំពុំជឿជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី៤ កក្កដា បង្ហាញថា ប្រទេសនេះអាចវាយប្រហារអាេមរិកឱ្យចំ ឬដោយជោគជ័យឡើយ ។
កូរ៉េខាងជើងអះអាងថា មីស៊ីលបាលីស្ទិករំលងទ្វីបរបស់ខ្លួននេះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ធ្ងន់មួយ ។ មីស៊ីលធុន HWASONG-14 នេះបើតាមក្រុងព្យុងយ៉ាងថា ពេលបាញ់សាកហោះហើរដល់កម្ពស់២.៨០២គីឡូម៉ែត្រ ហើយហោះហើររយៈពេល៣៩នាទី មុនពេលធ្លាក់ចំគោលដៅដែលដៅទុក ។
អ្នកនាំពាក្យម្នាក់របស់មន្ទីរប៉ង់តាហ្គោនអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកពិតជាមីស៊ីលបាលីស្ទិករំលងទ្វីប ។ យោងតាមពួកអ្នកជំនាញការថា មីស៊ីលនេះហោះបានចម្ងាយជាង៨.០០០គីឡូម៉ែត្រ ដែលអាចបាញ់ដល់ដែនដីអាមេរិកមួយផ្នែក ពិសេសដែនដីអាឡាស្កា ។
ចំណែកទូរទស្សន៍អាមេរិក CNN រាយការណ៍កាលពីថ្ងៃទី១៨ កក្កដា ថា ដើម្បីប្រារព្ធខួបបញ្ចប់សង្គ្រាមកូរ៉េក្រុងព្យុងយ៉ាងបានចេញតែមបង្កហេតុ២ ប្រឆាំងសហរដ្ឋអាមេរិកពេលមានភាពតានតឹងខ្លាំងនៅឧបទ្វីបកូរ៉េ ។ តែមប្រឆាំងអាមេរិកទាំង២នេះ តែមមួយបង្ហាញពីការដាល់កម្ទេចគ្រាប់មីស៊ីលអាមេរិកមួយ ហើយតែមមួយទៀតបង្ហាញក្បាលគ្រាប់ជ្រុំលើរូប ហាក់ដូចជាវិមានកាពីតូលអាមេរិក ៕
ចែករំលែកព័តមាននេះ