ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន​ខេត្តមណ្ឌលគិរី​លែង​នៅ​ដាច់​ស្រយាល​ទៀត​ហើយ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន​នេះ​ខេត្តមណ្ឌលគិរី​ដែល​នៅ​ឆ្ងាយ​ពី​រាជធានី និង​ទី​តំបន់​នានា​នោះ ហាក់បីដូចជា​នៅ​កៀក​ជិត​លែង​ឆ្ងាយ​ដូច​មុន​ទៀត​ហើយ ព្រោះតែ​ផ្លូវថ្នល់​ត​ភ្ជាប់​យ៉ាង​ល្អ​ប្រណីត​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ

ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន​នេះ​ខេត្តមណ្ឌលគិរី​ដែល​នៅ​ឆ្ងាយ​ពី​រាជធានី និង​ទី​តំបន់​នានា​នោះ ហាក់បីដូចជា​នៅ​កៀក​ជិត​លែង​ឆ្ងាយ​ដូច​មុន​ទៀត​ហើយ ព្រោះតែ​ផ្លូវថ្នល់​ត​ភ្ជាប់​យ៉ាង​ល្អ​ប្រណីត​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ក្រុង​សែន​មនោ​រម្យ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មហាជន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ខេត្តមណ្ឌលគិរី​រីក​ចម្រើន​ខ្លាំង​ណាស់ បើ​ធៀប​នឹង​ពេល​កន្លង​ទៅ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​ក្រុង​សែន​មនោ​រម្យ អភិវឌ្ឍ​គួរ​ជាទី​មោ​ទ​នៈ ។

កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០-១៩៩០ ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី គឺ​រស់នៅ​ក្នុង​សភាព​ស្ងាត់ជ្រងំ ស្ទើរតែ​គ្មាន​ប្រព័ន្ធ​គមនាគមន៍​សម្រាប់​ធ្វើ​ចរាចរណ៍​ទៅ​កាន់​ទីប្រជុំជន និង​រាជធានី​ទេ ។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ខេត្ត ផ្សេង​ៗ និង​រាជធានី​ភ្នំពេញ​កាល​ជំនាន់​នោះ​ភាគច្រើន​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​ត្រូវ​ប្រើ​ពេលវេលា​រាប់​ថ្ងៃ​ទម្រាំ​ដល់​គោលដៅ ម្តង​ៗ ។

បច្ចុប្បន្ន​នេះ ខេត្តមណ្ឌលគិរី​មាន​គ្រប់យ៉ាង ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​ស្រួល មិន​លំបាក​ដូច​ពេល​មុន​ឡើយ ។

ខេត្តមណ្ឌលគិរី​បាន និង​កំពុង​រីក​លូតលាស់​លើ​គ្រប់​វិស័យ តួយ៉ាង​ដូច​ជា​វិស័យ​កសិកម្ម ក​សិ​ឧ​ស្សហកម្ម វិស័យ​រ៉ែ និង​ទេសចរណ៍ វិស័យ​សំណង់​ជាដើម ។ ចំពោះ​ក្រុង​សែន​មនោ​រម្យ​វិញ ក៏​កំពុង​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ទៅ​លើ​វិស័យ​សំណង់ សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុង​ទាំងមូល ។

សព្វថ្ងៃ​ក្រុង​សែន​មនោ​រម្យ កំពុង​មានការ​អភិវឌ្ឍ​លើ​ផ្នែក​ជា​ច្រើន ដូច​ជា​ការ​កសាង​អតីត​អាកាសយានដ្ឋាន​ឲ្យ​ទៅ​ជា​សួន​កម្សាន្ត​របស់​ប្រជាពលរដ្ឋ ការ​កសាង​ប្រព័ន្ធ​គមនាគមន៍ ដោយ​ផ្ដើម​ចេញពី​ក្រុង​សែន​មនោ​រម្យ គឺ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដា​ស្រុក​ទាំង​៤ របស់​ខេត្តមណ្ឌលគិរី យ៉ាង​ងាយស្រួល​បំផុត​លើ​ផ្លូវ​កៅស៊ូ មិនតែប៉ុណ្ណោះ​ភ្ជាប់​ទៅ​បណ្ដា​ខេត្ត ដែល​នៅ​ជាប់​ខេត្តមណ្ឌលគិរី រួម​មាន​ខេត្តក្រចេះ រតនគិរី ស្ទឹង​ត្រេង​ជាដើម ។ ផ្លូវជាតិ​ឆ្ពោះទៅ​បណ្ដា​ខេត្ត​ទាំងនោះ​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ។ មួយវិញទៀត​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​រីក​ធំធាត់ ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​កើន​ឡើងជា​លំដាប់ ។ អ្វី​ដែល​ជា​ចំណុច​ពិសេស​បំផុត​នោះ  គឺ​ដោយសារ​ប្រទេស​កម្ពុជា​មាន​ស្ថិរភាព សន្តិសុខ​ល្អ​ប្រសើរ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី​អាច​ប្រកបការងារ ឬ​របរ​ទ្រទ្រង់​ជីវភាព មានការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

អភិបាលក្រុង​សែន​មនោ​រម្យ លោក​ឡុ​ង វិបុល ឲ្យ​ដឹង​ថា កត្តា​ដែល​ជំរុញ​ឲ្យ​ក្រុង​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ព្រោះ​ប្រទេស​កម្ពុជា​មាន​សន្តិ​ភាពល្អ ហើយ​ផ្អែក​លើ​កត្តា​សន្តិភាព​នេះ​ផ្ដល់​ឲ្យ​ពលរដ្ឋ​អាច​អភិវឌ្ឍន៍​ជីវភាព​របស់​ខ្លួន កាន់តែ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ការ​អភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ​នេះ​ហើយ គឺជា​ចំណែក​ដ៏​វិសេសវិសាល​សម្រាប់​អភិវឌ្ឍ​ក្រុង​សែន​មនោ​រម្យ​ទាំងមូល ។ កត្តា​ពិសេស​មួយទៀត​នោះ គឺ​ផ្អែក​លើ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ខេត្តមណ្ឌលគិរី កាន់តែ​ល្អ​ប្រណីត​ដែល​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន ដោយ​ធ្វើ​ពលរដ្ឋ​បាន​ទទួល​ចំណូល​ច្រើន​ពី​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ ។

អភិបាលក្រុង​សែន​មនោ​រម្យ​បញ្ជាក់​ថា ទាក់ទិន​នឹង​វិស័យ​សំណង់​ក្នុង​ក្រុង​មានការ​រីក​ចម្រើន​ខ្លាំង​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​បើ​គិត​ត្រឹម​ឆ្នាំ​២០១៦ ធៀប​នឹង​ឆ្នាំ​២០១៥ គឺ​មាន​កំណើន​សំណង់​ប្រមាណ​៤០% ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី លោក​ងិ​ន សុ​វិមាន ថ្លែង​ថា «​បច្ចុប្បន្ន​ខេត្តមណ្ឌលគិរី មាន​សណ្ឋាគារ ផ្ទះសំណាក់ ប្រមាណ​ជាង​១​ពាន់​បន្ទប់ សម្រាប់​ភ្ញៀវ​ទេសចរ​សម្រាក    និង​មាន​ភោជនីយដ្ឋាន​ប្រមាណ​ជិត​៤០ ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ខេត្តមណ្ឌលគិរី​មាន​កំណើន​ភ្ញៀវ​ទេសចរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ឥត​ឈប់​ឈរ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​នេះ ព្រោះតែ​កត្តា​សន្តិភាព និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​នេះ​ហើយ​» ។ 

លោក​ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ថ្លែង​ថា «​បើ​ទោះបី​ពេល​នេះ​ខេត្តមណ្ឌលគិរី​កំពុង​មានការ​អភិវឌ្ឍ​លើ​វិស័យ​នានា​បាន​ល្អ​ប្រសើរ​ជាង​ពេល​កន្លង​ទៅ ប៉ុន្តែ​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី នៅ​តែ​ស្វាគមន៍​ដៃគូ​វិនិយោគ​អភិវឌ្ឍ​នៅ​លើ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​លើ​វិស័យ​ទូទៅ​ក្នុង​តំបន់​បន្ថែម​ទៀត សំដៅ​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​» ៕