ខេត្តព្រៃវែង ៖ ក្រុមអ្នកដំណើរជាច្រើនបានសម្តែងការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ពេលដែលបានឆ្លងកាត់លើស្ពាន «ត្សឹបាសា» ហៅស្ពានអ្នកលឿងហើយឃើញនៅលើបង្កាន់ដៃស្ពានចំនួន៥កន្លែង ត្រូវបានគេយកថ្នាំស្ព្រាយកំប៉ុងទៅបាញ់ជាអក្សរធំៗថា«យួន» នៅលើបង្កាន់ដៃស្ពាននោះ ។
អ្នកដំណើរទាំងនោះម្នាក់ៗឆ្ងល់ថា តើអ្នកសរសេរនោះ គេមានចេតនាអ្វី ព្រោះអ្នកណាៗក៏ដឹងដែរថា ស្ពានត្សឹបាសានេះ គឺប្រទេសជប៉ុន ជាអ្នកធ្វើឱ្យទេ ។ ប៉ុន្តែអ្វីដែលគេកាន់តែឆ្ងល់ថែមទៀតនោះ គឺហេតុអ្វីសមត្ថកិច្ចនិងអាជ្ញាធរ មិនព្រមលុបអក្សរទាំងនោះចេញ ម្តេច ក៏ទុកបង្ហាញយូរម្ល៉េះ ។ ករណីនេះ ត្រូវបានសមត្ថកិច្ចខាងស្រុកពាមរក៌ ខេត្តព្រៃវែង ប្រាប់ឱ្យដឹងដែរថា អក្សរដែលត្រូវគេលួចបាញ់នៅលើបង្កាន់ដៃស្ពាននេះ គឺប្រទះឃើញតាំងពីព្រឹកថ្ងៃទី០៥ មិថុនា មកម្ល៉េះ គឺមានន័យថា «អ្នកដែលលួចសរសេរនោះ គេធ្វើកាលពីយប់ថ្ងៃទី៤» ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់តែម្តង ។
ចំណែកលោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍វិញ ឱ្យដឹងទៀតថា ចំពោះអក្សរទាំងនោះ នៅលើស្ពានក្នុងទឹកដីខេត្តព្រៃវែង មានតែ២កន្លែងទេ ហើយពេលប្រទះឃើញភ្លាម លោកបានបញ្ជាឱ្យកំលាំងលុបចោលវិញភ្លាម តាំងពីព្រឹកថ្ងៃទី០៥ មិថុនា មកម្ល៉េះ ។ ចំណែកជនដែលលួចសរសេរនោះ លោកសង្ស័យថា ជាក្រុមក្មេងទំនើង ហើយពេលនេះកំពុងតែតាមឃ្លាំមើលហើយ
ដោយឡែក លោកអធិការស្រុកលើកដែក ខេត្តកណ្តាលថា រឿងនេះលោកកំពុងតែដាក់កំលាំងចុះស្រាវជ្រាវហើយ ។
ចែករំលែកព័តមាននេះ