ទីក្រុងម៉ែលប៊ន ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បាននិយាយនៅថ្ងៃអង្គារថាប៉ូលីសបានចាត់ទុកការឡោមព័ទ្ធក្នុងទីក្រុងភាគខាងត្បូងនៃទីក្រុងម៉ែលប៊នថាជា “អំពើភេរវកម្ម” បន្ទាប់ពីមានការអះអាងពីក្រុម ISIS ថាមានខ្មាន់កាំភ្លើងម្នាក់ចូលរួមក្នុងនោះ ។
ប៉ូលីសបានបញ្ជាក់កាលពីថ្ងៃអង្គារថា ការឡោមព័ទ្ធនៅអគារផ្ទះល្វែងមួយនៅជាយក្រុងតំបន់ឆ្នេរ Brighton កាលពីថ្ងៃច័ន្ទនេះ បានសម្លាប់មនុស្សអស់២នាក់ ប៉ូលីស៣នាក់ត្រូវបានរងរបួស ។ ប្រធានប៉ូលីសស្នងការនៅរដ្ឋ Victoria លោក Graham Ashton បានមានប្រសាសន៍ថា មន្ត្រីនគរបាលម្នាក់ត្រូវបានគេបាញ់សម្លាប់នៅត្រង់.ក និងត្រចៀក ហើយនឹងមន្ត្រីទាំងពីរទៀត បានរងរបួសនៅត្រង់ដៃ ប៉ុន្តែមិនមានការគម្រាមកំហែងដល់ជីវិតទេ ។ ប៉ូលីសបានបាញ់ខ្មាន់កាំភ្លើងស្លាប់ម្នាក់ ដែលមានឈ្មោះថា Yacqub Khayre អាយុ២៩ឆ្នាំ ដែលជាជនជាតិអូស្ត្រាលី នៅថ្ងៃចន្ទនេះ ក្រោយពីខ្មាន់កាំភ្លើងម្នាក់នោះចាប់ស្ត្រីម្នាក់ធ្វើជាចំណាប់ខ្មាំងនៅក្នុងអាគារមួយ នាទីក្រុងម៉ែលប៊ន ។ សំណាងល្អដែរ ដែលស្ត្រីម្នាក់នោះមិនរងរបួស ។ ប៉ូលីសបានបញ្ជាក់ អះអាងពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើង Khayre បានបាញ់បុរសជនជាតិចិនកើតនៅអូស្ត្រាលីម្នាក់ស្លាប់ នៅក្នុងអាគារមួយ ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Canberra ថា ៖ “ការវាយប្រហារដោយពួកភេរវកម្មដោយជនឧក្រិដ្ឋម្នាក់នេះ គឺពិតជាទង្វើដ៏កំសាក ។ វាគឺជាការវាយប្រហារភេរវកម្មមួយ ហើយវាបានប្រាប់ឲ្យយើងត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ប្រហែសមិនបាន ។”
ប៉ូលីសអូស្ត្រាលីក៏បានប្រាប់ថា ពូកគេកំពុងតែធ្វើការស៊ើបអង្កេតលើការឡោមព័ទ្ធមួយនេះ ដែលវាត្រូវបានគេចាត់ទុកថាជាទង្វើភេរវកម្ម បន្ទាប់ពីមានការអះអាងពីភ្នាក់ងារភេរវកម្ម ISIS ។ ក្រុមភេរវកម្មបានប្រាប់ថា ការវាយប្រហារនេះត្រូវបានបង្កើតឡើងដោយសារតែប្រទេសអូស្ត្រាលីបានចូលជាសមាជិកជាមួយនឹងការប្រយុទ្ធប្រឆាំង ដែលដឹកនាំដោយអាមេរិក ទៅនឹងក្រុមជ្រុលនិយមអ៊ិស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ ៕
ចែករំលែកព័តមាននេះ