រាជធានីភ្នំពេញ ៖ កន្លែងប៉ះកង់ម៉ូតូពេលថ្ងៃមានច្រើនកន្លែងងាយរក ប៉ុន្តែពេលយប់វិញមិនសូវមានទេ ។ អ្នកធ្វើដំណើរពេលយប់តែងតែបារម្ភខ្លាចចៃដន្យបែកកង់ម៉ូតូពិតជាពិបាកខ្លាំងណាស់ ។ តើនៅភ្នំពេញមានកន្លែងប៉ះកង់ម៉ូតូពេលយប់នៅទីណាខ្លះ ?
ទីតាំងនៅតាមចិញ្ចើមផ្លូវសម្រាប់មុខរបរប៉ះកង់ម៉ូតូនាពេលយប់មានដូចជា នៅតាមបណ្តោយផ្លូវលេខ២៧១ ក្បែរផ្សារសុវណ្ណា, ស្តុបអូរបែកក្អម, មុខអាកាសយានដ្ឋានពោធិតុង, ខាងក្រោយផ្សាររាត្រី ក្បែរផ្សារចាស់, កាច់ជ្រុងជាប់របងវិទ្យាល័យសន្ធរម៉ុុក, ក្រោមស្ពានអាកាស៧មករា និងក្បែររបងវត្តទួលទំពូងជាដើម ។
បុរសឈ្មោះអ៊ឹម ឃុន ដែលចាប់មុខរបរប៉ះអ៊ុតកង់ម៉ូតូនិងប្តូរប្រេងម៉ាស៊ីនអស់ពេលជិត២០ឆ្នាំមកហើយទាំងថ្ងៃនិងយប់នៅក្បែររបងវត្តទួលទំពូងកាលពីពេល ថ្មីៗកន្លងមកឱ្យដឹងថា របរនេះជាមុខរបរអាយុជីវិតរបស់គាត់តាំងពីនៅពេញកម្លាំងរហូតដល់វ័យចាស់។ គាត់បានបង្រៀនឲ្យកូនប្រុសចេះជំនាញដូចគាត់ដែរ។
ការងាររបស់គាត់ត្រូវបែងចែកជាពីរវេន ដោយពេលយប់ទុកឲ្យកូនប្រុសជាអ្នករ៉ាប់រ៉ងរហូតដល់ម៉ោង១០យប់ទៅ១១យប់ ។ ចំណែកពេលថ្ងៃគាត់ជាអ្នកធ្វើ តែពេលខ្លះកូនចៅមកជួយដែរ ។
មុខរបរនេះលោកអុឹម ឃុន រកប្រាក់ចំណូលបានតាមការងារជាក់ស្តែង បើមានអ្នកមកធ្វើច្រើនចំណូលបានច្រើន បើតិចចំណូលតិចដែរ។ ជាមធ្យមបានកម្រៃក្នុងមួយថ្ងៃពី៥ម៉ឺនទៅ៦ម៉ឺនរៀល ។ ជាពិសេសប្រាក់បានច្រើនពេលមេឃភ្លៀងទឹកលិចផ្លូវបណ្តាលឱ្យម៉ូតូចូលទឹករលត់ម៉ាស៊ីន ដូច្នេះត្រូវប្តូរប្រេងម៉ាស៊ីន ។
លោកអ៊ឹម ឃុន និយាយថា «អ្វីដែលខ្ញុំបារម្ភគឺខ្លាចគេមិនឲ្យរកស៊ី ព្រោះថាប៉ះពាល់ដល់ចិញ្ចើមថ្នល់គេ បើថាពិបាកអត់ភ្ញៀវមិនសំខាន់នោះទេ តែសំខាន់រឿងសណ្តាប់ធ្នាប់ប៉ុណ្ណោះ។ ចំពោះការរកស៊ីពេលយប់ កូនប្រុសរបស់ខ្ញុំប៉ះតែក្នុងតម្លៃដូចពេលថ្ងៃអីុចឹងដែរ បើថ្ងៃយកប៉ុនណា យប់ឡើងយើងយកតម្លៃប៉ុណ្ណឹងដូចគ្នា មិនកេង ឬគិតថាយប់រកស៊ីយ៉ាប់ជាងថ្ងៃ គឺមិនគិតបែបនេះឡើយ ។
ជាពិសេសខ្ញុំបារម្ភតែរឿងចរាចរណ៍ អ្នកស្រវឹងជិះឡាន ម៉ូតូគេជិះប្រដេញគ្នា លឿនៗណាស់ ដោយពេលខ្លះឃើញម៉ូតូប៉ះគ្នាដួលបែកមុខមាត់ ឡានខ្លះទៀតបុកគេ ឬរេចង្កូតឆ្វេងស្តាំប្រថុយនឹងគ្រោះថ្នាក់ច្រើន» ។
បើទោះជាយ៉ាងណាក្តី បុរសអឹុម ឃុន និងកូនមិនចង់បោះបង់របរប៉ះអ៊ុតកង់ម៉ូតូទេ គឺនៅតែតស៊ូនឹងរបរនេះព្រោះអាចចិញ្ចឹមកូនចៅបានរៀនសូត្រ និងផ្គត់ផ្គង់ជីវភាពគ្រួសារ ៕
ចែករំលែកព័តមាននេះ