ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​បញ្ឈប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ កូរ៉េ​ខាងជើង​បាន​បាត់បង់​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ពួក​គេ បន្ទាប់​ពី​ប្រទេស ឥណ្ឌា បាន​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម ជាមួយនឹង​ប្រទេស​នេះ ។

ប្រទេស​ឥណ្ឌា ៖ កូរ៉េ​ខាងជើង​បាន​បាត់បង់​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ពួក​គេ បន្ទាប់​ពី​ប្រទេស ឥណ្ឌា បាន​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម ជាមួយនឹង​ប្រទេស​នេះ ។

រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​កាលពី​ស​ប្ដា​ហ៍ មុន​ថា ពួក​គេ​កំពុង​តែ​ផ្អាក​រាល់​ការ​ធ្វើ​ពាណិជ្ជកម្ម​លើកលែងតែ​អាហារ និង​ឱសថ​ប៉ុណ្ណោះ ខណៈ​ដែល​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ៗ​ក្នុង​ឧបទ្វីប​កូរ៉េ ហើយ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ជំរុញ​ឲ្យ​មាន​វិធានការ​ជាស​កល​ដើម្បី​ផ្តាច់ខ្លួន​ចេញពី​កូរ៉េ​ខាងជើង ។

ការ​ហាមឃាត់​នេះ​បាន​អនុម័ត​ក្នុង​ខែមេសា​ដែល​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ដើរ​ស្រប​ទៅ​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ​លើ​ប្រទេស​នេះ​ផង​ដែរ ។

ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​បាន​ព្យាយាម​អស់​រយៈពេល​ច្រើន​ជាង​១០ ឆ្នាំ​មក​ហើយ​ក្នុង​ការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច។

ប្រទេស​លោក​ខាងលិច​ភាគច្រើន​បាន​បញ្ឈប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះ​។ យោង​តាម​ទិន្នន័យ​ពី​មូលនិធិ​រូបិយប័ណ្ណ​ពិភពលោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រទេស​ឥណ្ឌា​ធ្លាប់​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​លំដាប់​លេខ​៣​របស់​កូរ៉េ​ខាងជើង ។

យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ឥណ្ឌា​បាន​នាំ​ចេញ​ផលិតផល​ដែល​មាន​តម្លៃ​សរុប​១១១​លាន​ដុល្លារ​ទៅ​កាន់​កូរ៉េ​ខាងជើង​ក្នុង​អំឡុង​ឆ្នាំ​២០១៥-២០១៦ ហើយ​បាន​នាំ​ចូល​ផលិតផល​មាន​តម្លៃ​សរុប​ប្រមាណ​៨៨​លាន​ដុល្លារ​ផង​ដែរ ។

ប្រទេស​ឥណ្ឌា​បាន​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយនឹង​កូរ៉េ​ខាងជើង ហើយ​ដីកា​ក្នុង​ការ​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​នេះ គឺជា​លើក​ទី​មួយ​សម្រាប់​ឥណ្ឌា​ក្នុង​ការ​ចេញ​បញ្ជា​ជា​ផ្លូវការ​ថា នឹង​សម្រប​ខ្លួន​តាម​សេចក្តីសម្រេច​ទាក់ទិន​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ។

ក្នុង​ឆ្នាំ​២០១៥ ប្រទេស​ឥណ្ឌា​បាន​បោះ​ឆ្នោត​អនុបវាទ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ទាក់ទិន​នឹង​ការ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​បាន​កើត​មាន​ឡើង​នៅ​កូរ៉េ​ខាងជើង ។ ក្នុង​ឆ្នាំ​ដដែល​នោះ រដ្ឋាភិបាល​ឥណ្ឌា​បាន​ស្វាគមន៍​រដ្ឋមន្ត្រី​ការទូត​របស់​កូរ៉េ​ខាងជើង​មក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ខ្លួន​ផង​ដែរ ។

ប្រទេស​ឥណ្ឌា​ក៏​ធ្លាប់​អនុញ្ញាត​ឲ្យ​ជនជាតិ​កូរ៉េ​ខាងជើង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ខ្លួន​ដើម្បី​ធ្វើការ​ហ្វឹកហាត់​ផង​ដែរ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​រាល់​ទាហាន ប៉ូលិស អ្នក​វិទ្យាសាស្ត្រ និង​អ្នកបច្ចេកទេស​របស់​កូរ៉េ​ខាងជើង ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​នោះ​ទេ ។

ឥណ្ឌា​ក៏​បាន​និយាយ​ថា ពួក​គេ​បាន​បិទ​រាល់​មូលនិធិ និង​ទ្រព្យ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ដែល​មាន​ក្នុង​ទឹកដី​ខ្លួន​ទៀត​ផង ៕