ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណេញ​ឧស្សាហកម្ម​ចិន​កើនឡើង​យឺត​ក្នុង​ខែមីនា

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការិយាល័យ​ស្ថិតិ​ជាតិចិន​ឱ្យ​ដឹង​ថា ប្រាក់​ចំណេញ​ក្នុង​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​ៗ​បាន​កើនឡើង​យឺត​នៅ​ខែមីនា ។ ការ​ថយ​ចុះ​នេះ​មក​ពី​ការ​ដំឡើង​តម្លៃ​វត្ថុធាតុដើម​ហួសហេតុ និង​ការ​ធ្លាក់​ចុះ​កំណើន​ប្រាក់​ចំណេញ

ប្រទេស​ចិន ៖ ការិយាល័យ​ស្ថិតិ​ជាតិចិន​ឱ្យ​ដឹង​ថា ប្រាក់​ចំណេញ​ក្នុង​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​ៗ​បាន​កើនឡើង​យឺត​នៅ​ខែមីនា ។ ការ​ថយ​ចុះ​នេះ​មក​ពី​ការ​ដំឡើង​តម្លៃ​វត្ថុធាតុដើម​ហួសហេតុ និង​ការ​ធ្លាក់​ចុះ​កំណើន​ប្រាក់​ចំណេញ​ក្នុង​ឧស្សាហកម្ម​រ៉ែ ធ្យូងថ្ម ប្រេង និង​ដែកថែប ។

ប្រាក់​ចំណេញ​ឧស្សាហកម្ម​បាន​កើនឡើង​២៣,៨% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កាលពី​ខែមីនា ស្មើនឹង​៦៨៨,៧​ប៊ី​លាន​យន់ (៩៩,៩​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ធ្លាក់​ចុះ​ពី​៣១,៥%​សម្រាប់​ខែមករា និង​ខែកុម្ភៈ ប៉ុន្តែ​វា​លឿន​ជាង​កំណើន​៨,៥%​ក្នុង​ខែមីនា ឆ្នាំ​២០១៦ ។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ ។

លោក He Ping អ្នកវិភាគ​ក្នុង​ការិយាល័យ​មួយ​ឱ្យ​ដឹង​ថា កំណើន​ប្រាក់​ចំណេញ​នៅ​តែ​ខ្លាំង​ក្នុង​ខែមីនា ឯការ​ថយ​ចុះ​នេះ​បង្ហាញ​ពី​ការ​វិល​ត្រឡប់​មក​លក្ខខណ្ឌ​ធម្មតា​វិញ ។ តម្លៃ​វត្ថុធាតុដើម​បាន​កើនឡើង​លឿន​ជាង​តម្លៃ​ផលិតផល​ដែល​ក្រុមហ៊ុន​លក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់​ប្រាក់​ចំណេញ ។

លោក​បន្ត​ថា ឧស្សាហកម្ម​ប្រេង ធ្យូងថ្ម គីមី និង​ដែកថែប​បាន​ទទួល​រង​ឥទ្ធិពល​ច្រើន​បំផុត​ពី​ការ​ផ្លាស់​ប្តូរ​តម្លៃ និង​ប្រាក់​ចំណេញ​មួយ​ខ្ពស់​កាលពី​ឆ្នាំ​មុន ដែល​មាន​ចំណែក​៨,៥%​ក្នុង​ការ​ថយ​ចុះ​កំណើន​ប្រាក់​ចំណេញ​ឧស្សាហកម្ម​ជា​រួម ។

ទោះជា​យ៉ាងណា ការិយាល័យ​នេះ​ឱ្យ​ដឹង​ថា ប្រាក់​ចំណេញ​ផ្នែក​ឧស្សាហកម្ម​បាន​ប្រែប្រួល​ជា​វិជ្ជមាន ខណៈ​ប្រាក់​ចំណេញ​កើនឡើង​កាន់តែ​លឿន​លើ​ទំនិញប្រើប្រាស់ និង​ក្រុមហ៊ុន​ផលិត​ឧបករណ៍ ដែល​បង្ហាញ​ពី​រចនាសម្ព័ន្ធ​ប្រសើរ​ឡើង ។

« ប្រាក់​ចំណេញ​ខ្លាំង​នៅ​ត្រីមាស​ដំបូង និង​ការ​កើនឡើង​១៤,១%​នៃ​ប្រាក់​ចំណូល​សារពើពន្ធ បាន​កំណត់​គ្រឹះ​ល្អ​សម្រាប់​គុណភាព​កំណើន​ប្រសើរ​ឡើង​នៅ​ឆ្នាំ​២០១៧ » ។ នេះ​បើ​តាម​លោក Ning Jizhe អនុប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិ បាន​ប្រាប់​កាសែត People’s Daily កាលពី​ថ្ងៃ​ពុធ ។

រដ្ឋាភិបាល​ចិន​បាន​ទម្លាក់​ទិស​ដៅ​កំណើនសេដ្ឋកិច្ច​មក​ត្រឹម​ប្រហែល​៦,៥%​នៅ​ឆ្នាំ​នេះ ពី​ចន្លោះ​៦,៥​ទៅ​៧% កាលពី​ឆ្នាំ​មុន ។

ក្រុម​អ្នកវិភាគ​និយាយ​ថា កំណើន​នៅ​ត្រីមាស​ដំបូង​បានឮ​កើនឡើង​លឿន​ជាង​ការ​រំពឹង​ទុក គឺ​៦,៩% ដែល​អាច​ជំរុញ​គោលដៅ​សេដ្ឋកិច្ច​ពេញ​១​ឆ្នាំ ៕