ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាកាលបរិច្ឆេទប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន ដែលកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍។ ពីបណ្តារឿងរ៉ាវជាច្រើននៃរបបនោះ ក្នុង «ខែមេសា ឆ្នាំ២០១៧» នេះយើងសូមបង្ហាញជូន «ថ្នាំអាចម៍ទន្សាយ» របស់ពួកខ្មែរក្រហមដោយយោងតាមទស្សនាវដ្តី «ស្វែងរកការពិត » ។
ថ្នាំអាចម៍ទន្សាយជាថ្នាំដែលផលិតឡើងដោយឱសថការិនីមិនសូវចេះអក្សររបស់ខ្មែរ ក្រហម ។ ថ្នាំអាចម៍ទន្សាយផ្សំចេញពីឫសឈើ សំបកឈើ ផ្សេងៗតាមការនឹកឃើញរបស់អង្គការខ្មែរក្រហម ។ ការផលិតថ្នាំពេទ្យដោយគ្មានការពិសោធតាមលក្ខណៈវិទ្យាសាស្ត្រសុខាភិបាល បានធ្វើឲ្យបាត់បង់ជីវិត និងខូចសុខភាពប្រជាជនអស់មួយចំនួនធំ ។
ថ្នាំអាចម៍ទន្សាយជាថ្នាំដែលប្រជាជនកម្ពុជាបានដាក់ឈ្មោះឲ្យបញ្ជាក់ពីរូបលក្ខណៈ និងអសមត្ថភាពនៃថ្នាំ ។ លោកពូអ៊ុក ឡាយអ៊ីម បានឲ្យដឹងថា មូលហេតុដែលប្រជាជនដាក់ឈ្មោះថ្នាំនេះថាថ្នាំ «អាចម៍ទន្សាយ» ព្រោះថ្នាំទាំងនេះធ្វើឡើងពីឫសឈើព្រៃមួយចំនួនកិនឲ្យម៉ដ្ឋលាយជាមួយជ័រធ្នង់ពណ៌ខ្មៅ រួចសូនជាគ្រាប់ តូចៗមានសណ្ឋានដូចអាចម៍ទន្សាយ។ ម្យ៉ាងទៀតថ្នាំនេះគ្មានប្រសិទ្ធភាពទេ ប្រៀបដូចជាលេបអាចម៍ទន្សាយ ហេតុដូច្នេះហើយទើបប្រជាជនកម្ពុជា ហៅថា «ថ្នាំអាចម៍ទន្សាយៗ»។
ថ្នាំអាចម៍ទន្សាយត្រូវបានអគ្គលេខាបក្សកុម្មុយនីស្តកម្ពុជា និងជារដ្ឋមន្ត្រីទី១នៃរបបកម្ពុជាប្រជាធិបតេយ្យ «ប៉ុល ពត» ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ ថ្នាំអាចម៍ទន្សាយត្រូវបានផ្សព្វផ្សាយឲ្យផលិតនៅគ្រប់មន្ទីរពេទ្យទាំងអស់ទូទាំងកម្ពុជាប្រជាធិបតេយ្យ ដើម្បីបម្រើផ្នែកសុខភាពជូនប្រជាជនដោយឥតលក្ខខណ្ឌ ។ ទ្រឹស្តីរបស់អង្គការខ្មែរក្រហមបានអះអាងយ៉ាងច្បាស់ថា «យើងមិនផ្អែកលើបច្ចេកទេសទេ យើងឈរលើគោលជំហរបដិវត្តន៍ដើម្បីកសាងប្រទេស អ្វីៗមិនបដិវត្តន៍ មិនធ្វើ» ។
«ពេទ្យសង្គមនិយមត្រូវកម្ចាត់កាកសំណល់ពីសង្គមចាស់ កម្ចាត់ទស្សនៈសតិអារម្មណ៍គោលជំហរប្រើប្រាស់ថ្នាំសម័យសំបូរបែប» ។ ប៉ុល ពត បានបញ្ជាក់យ៉ាងច្បាស់ថា «យើងត្រូវរៀបចំចាត់តាំងក្រុមស្រាវជ្រាវដោយរួមផ្សំវិជ្ជា យើងរួមផ្សំចលនាជាក់ស្តែង និងពិសោធសាកលផង ។ ទោះបីរូបមន្តមិនទាន់ចងក្រងក៏ដោយ ក៏យើងអាចផលិតថ្នាំបានដែរ ។ យើងអនុវត្តគោលជំហរឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួនខាងថ្នាំសង្កូវ» ។
បងស្រីសុក គឹម អតីតនារីពេទ្យរបស់ខ្មែរក្រហមនៅខេត្តតាកែវ បាននិយាយថា អង្គការឲ្យផលិតថ្នាំបុរាណ «ថ្នាំអាចម៍ទន្សាយ» ព្រោះអង្គការចង់ឲ្យប្រជាជនប្រើថ្នាំពេទ្យផលិតក្នុងស្រុក ។ អង្គការមិនចង់ពឹងពាក់បរទេស។ ម្យ៉ាងទៀតអង្គការនិយាយថា «បើប្រើតែថ្នាំបរទេស យើងអត់ចេះផលិតថ្នាំពេទ្យប្រើដោយខ្លួនឯងឡើយ» ទោះបីមានថ្នាំពេទ្យមកពីបរទេសក៏ដោយ ក៏អង្គការមិនឲ្យប្រើដែរ ។ អង្គការចង់ឲ្យឯករាជ្យម្ចាស់ការដោយខ្លួនឯង ។
រូបមន្តថ្នាំដែលក្រសួងសុខាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យបង្រៀនឱសថការីខ្មែរក្រហមឲ្យចេះផលិតមានជាអាទិ៍ គឺថ្នាំគ្រុនក្តៅ ថ្នាំឈឺក្បាល ថ្នាំឈឺពោះ ថ្នាំគីនីន និងថ្នាំខ្យល់។ ឧទាហរណ៍រូបមន្តថ្នាំបំបាត់គ្រុនក្តៅគឺយកដំឡូងមី ដើមកំប៉ោយចិន និងដើមប្រមោយដំរីហាលឲ្យស្ងួត រួចកិនបញ្ចូលគ្នាឲ្យម៉ដ្ឋទើបយកមកលញ់ជាមួយទឹកដើម្បីសូនជាថ្នាំគ្រាប់ ។ បងស្រីញឹម ហាន អតីតនារីពេទ្យនៅភូមិភាគពាយ័ព្យបានឲ្យដឹងថា រូបមន្តធ្វើថ្នាំបំបាត់គ្រុនក្តៅមានលក្ខណៈ ខុសៗគ្នានៅកន្លែងរបស់គាត់ របៀបធ្វើថ្នាំគ្រុនក្តៅ គឺយកដើមបណ្តូលពេច និងគ្រាប់ស្លែងទៅលីងបុកច្របល់ឲ្យម៉ដ្ឋជាមួយដំឡូងមី រួចទើបយកទៅលាយស្ករក្រហម តិចៗហើយបោះពុម្ពចេញជាថ្នាំគ្រាប់ដែលមានពណ៌ សៗ ។
បងស្រីបន្ថែមថា ថ្នាំទាំងនោះស័ក្តិសិទ្ធិ ឬមិនស័ក្តិសិទ្ធិគាត់មិនដឹងទេ គាត់ធ្វើតាមតែបញ្ជាអង្គការប៉ុណ្ណោះ ។ ចំពោះរូបមន្តថ្នាំឈឺក្បាល គឺពេទ្យខ្មែរក្រហមយកតែដំឡូងមីកិនឲ្យម៉ដ្ឋលាយសាច់ជូរត្រាំ ឬទឹកក្រូចឆ្មារ រួចសូនជាគ្រាប់ហាលឲ្យស្ងួត ។ ថ្នាំត្រជាក់ធ្វើពីទឹកប្រមាត់មនុស្សលាយជាមួយម្សៅមី និងដើមឈើច្រើនមុខកិនលាយបញ្ចូលគ្នា រួចសូន ជាគ្រាប់ៗ ។ ថ្នាំដែលផលិតបាន ជួនកាលមានពណ៌ស ជួនកាលមានពណ៌ខ្មៅ ។ ថ្នាំដែលមានពណ៌ខ្មៅ ជាថ្នាំដែលយកជ័រធ្នង់លាយបញ្ចូលគ្នាទើបបណ្តាលឲ្យមានពណ៌ខ្មៅ ។
បងស្រីមៀច ថាន នារីពេទ្យនៅមន្ទីរពេទ្យស្រុកត្រាំកក់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាពូន។ គាត់ជាបុគ្គលិកធ្វើថ្នាំបុរាណដែលមិនចេះអក្សរទាល់តែសោះ ប៉ុន្តែគាត់អាចផលិតថ្នាំជូនអង្គការបាន។ បងស្រីបញ្ជាក់ថា កងឈ្លបខ្មែរក្រហមបានសម្លាប់មនុស្សនៅនារាយណ៍ រួចបានបញ្ជូនប្រមាត់មនុស្សណាដែលល្អមកឲ្យមន្ទីរពេទ្យស្រុកត្រាំកក់ជារៀងរាល់ខែ ដើម្បីធ្វើថ្នាំបំបាត់គ្រុនក្តៅ ។ នៅក្នុងសៀវភៅជំនុំជម្រះរបស់តុលាការប្រជាជនបដិវត្តន៍ ខែសីហា ឆ្នាំ១៩៧៩ ។
សាក្សីឈ្មោះខឹម មាលិសច័ន្ទ អាយុ៣៧ឆ្នាំបានឲ្យដឹងថា កងឈ្លបខ្មែរក្រហមវះមនុស្សទាំងរស់ដើម្បីយកប្រមាត់ធ្វើថ្នាំ ។ តាហៀង ប្រធានឈ្លបនៅឃុំស្អាងភ្នំ និងជាអតីតសង្ឃរាជនៅវត្តស្អាងភ្នំ បានយកប្រមាត់មនុស្សដែលទើបវះរួចមកបង្ហាញឲ្យបងស្រីមើល ។ តាហៀង និយាយថា ប្រមាត់មនុស្សដែលមានសុខភាពល្អគឺមានទឹកពេញ ឯប្រមាត់មនុស្សមានសុខភាពមិនល្អមានទឹកតែកន្លះ ឬបន្តិចបន្តួចប៉ុណ្ណោះ ។
ទោះបីពេទ្យខ្មែរក្រហមសម្លាប់មនុស្សដើម្បីយកប្រមាត់មកធ្វើថ្នាំព្យាបាលឲ្យអ្នកជំងឺយ៉ាងណាក៏ដោយ ក៏ថ្នាំពេទ្យរបស់ខ្មែរក្រហមពុំសូវមានប្រសិទ្ធភាពដដែល។ ជួនកាលថ្នាំពេទ្យជាមូលហេតុបណ្តាលឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិត ដោយសារតែដាក់លាយគ្រាប់ស្លែងច្រើនហួសកំណត់ ។
នៅក្នុងកំណត់ហេតុប្រជុំគណៈអចិន្ត្រៃយ៍ អៀង ធិរិទ្ធរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងសិក្សាធិការបានរាយការណ៍ប្រាប់អង្គប្រជុំអំពីបញ្ហាដែលពេទ្យខ្មែរក្រហមផលិតថ្នាំពេទ្យពុំសូវមានប្រសិទ្ធភាព ។ ទោះជាមានរបាយការណ៍យ៉ាងនេះក៏ដោយ ក៏ប៉ុល ពត នៅតែបន្តជំរុញឲ្យពេទ្យផលិតថ្នាំឲ្យប្រជាជនប្រើប្រាស់ដដែល ។ ប៉ុល ពត បានលើកហេតុផលថា «ទោះបីជាថ្នាំមានប្រសិទ្ធភាព ឬអត់ប្រសិទ្ធភាពត្រូវតែធ្វើតទៅទៀត ដើម្បីដកពិសោធន៍» ។ លោកយាយអឿន វិះតែនឹងបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យព្រៃល្វា ឃុំលាយបូរ ដោយសារតែថ្នាំអាចម៍ទន្សាយ។ ថ្នាំអាចម៍ទន្សាយបានធ្វើឲ្យលោកយាយវិលក្រឡាប់ចាក់និងវង្វេងស្មារតីនៅពេលលេបវាចូលទៅក្នុងពោះម្តងៗ ។
លោកយាយអឿនបន្ថែមថា បើពេទ្យចែកថ្នាំអាចម៍ទន្សាយឲ្យហើយ យើងមិនព្រមលេប យើងនឹងទទួលការស្តីបន្ទោស និងវិន័យបណ្តេញចេញពីពេទ្យទៅធ្វើការនៅការដ្ឋានវិញ។ គាត់ខំទ្រាំលេបថ្នាំតាមបញ្ជារបស់ពេទ្យ ទោះបីដឹងថាថ្នាំទាំងនោះធ្វើឲ្យសុខភាពរបស់គាត់កាន់តែទ្រុឌទ្រោមក៏ដោយ ។ នៅពេលដែលថ្នាំមានប្រតិកម្ម នារីពេទ្យបានយកស្ករត្នោតមកឲ្យគាត់ពិសាដើម្បីបន្សាបជាតិពុលរបស់ថ្នាំ ។ នៅក្នុងមន្ទីរពេទ្យ គ្មានអ្នកជំងឺណាម្នាក់ចង់លេបថ្នាំដែលអង្គការផលិតដោយឫសឈើ ឫសព្រៃនោះទេ។ ជួនកាលអ្នកជំងឺបានលួចយកថ្នាំទាំងនេះទៅបោះចោលតែម្តង ។
សមមិត្ត គ្រិន ដែលជាប្រធានពេទ្យរបស់ខ្មែរក្រហមនៅដីឆ្នាំង ភូមិភាគបស្ចិម ត្រូវស្លាប់មួយរំពេចដោយសារលេបថ្នាំអាចម៍ទន្សាយ។ គាត់លេបថ្នាំចំនួន៣គ្រាប់ ផ្ទួនៗគ្នា៣ដង ព្រោះតែគាត់ចង់ឆាប់ជាសះស្បើយពីជំងឺគ្រុនញាក់ ប៉ុន្តែគ្រិន បែរជាស្លាប់បន្ទាប់ពីលេបថ្នាំភ្លាម ។
នៅមន្ទីរពេទ្យខេត្តកំពង់ចាម ស្ត្រីមានផ្ទៃពោះចំនួន៣នាក់ត្រូវរលូតកូនភ្លាមបន្ទាប់ពីប្រើប្រាស់ថ្នាំបុរាណ «អាចម៍ទន្សាយ» របស់ខ្មែរក្រហម ។
ដោយសារតែយកថ្នាំបុរាណធ្វើជាថ្នាំដកពិសោធន៍តាមបញ្ជារបស់ប៉ុល ពត ទើបមានប្រជាជនជាច្រើនត្រូវស្លាប់បាត់បង់ជីវិតដោយសារការពិសោធនេះ។ បើតាមការសិក្សាបានឲ្យដឹងថា ការផលិតថ្នាំបែបបុរាណរបស់ខ្មែរក្រហម ធ្វើឡើងដោយគ្មានបច្ចេកទេស ឬក្បួនច្បាប់ច្បាស់លាស់ឡើយ។ អង្គការគ្រាន់តែប្រមូល តាៗសង្គមកិច្ចដែលចេះរូបមន្តថ្នាំបុរាណ ៕
ចែករំលែកព័តមាននេះ