សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃទី៦ មេសា ចាប់វាយប្រហារលើប្រទេសស៊ីរី ដោយបាញ់មីស៊ីលបណ្តែតជាច្រើនសិបគ្រាប់ប្រឆាំងមូលដ្ឋានអាកាសចរណ៍មួយរបស់របបស៊ីរី ជាការឆ្លើយតបចំពោះការវាយប្រហារអាវុធគីមីដែលប្រធានាធិបតីអាមេរិកលោកត្រាំ ចាត់ទុកថា ជាការអាម៉ាស់មួយសម្រាប់មនុស្សជាតិ ។
អ្នកទទួលខុសត្រូវម្នាក់របស់សេតវិមានប្រកាសថា ការវាយប្រហារនេះធ្វើឡើងតាមរយៈការបាញ់មីស៊ីលធុន TOMAHAWK ៥៩គ្រាប់ ដោយបញ្ជាក់ថា សំដៅលើមូលដ្ឋានអាកាសចរណ៍ SHAAYRATE ដែលទាក់ទិននឹងកម្មវិធីអាវុធគីមីរបស់ក្រុងដាម៉ាស់ ហើយជាប់ទាក់ទិនដោយផ្ទាល់ចំពោះព្រឹត្តិការណ៍ដ៏សែនទារុណកាលពីថ្ងៃទី៤ មេសា ។
ប្រធានាធិបតី លោកដូណាល់ ត្រាំ អះអាងថា ប្រតិបត្តិការនេះ គឺក្នុងផលប្រយោជន៍ស្លាប់រស់នៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ទូរទស្សន៍ស៊ីរីចាត់ទុកការវាយប្រហារទាំងនេះជាការឈ្លានពាន ។
ថ្ងៃទី៦ មេសា ពេលមកដល់រដ្ឋផ្លរីដាទទួលសមភាគីចិន លោកស៊ី ជីនពីង លោកត្រាំ បានបរិហារពីការប្រមាថមួយសម្រាប់មនុស្សជាតិ ហើយទាមទារថា ត្រូវមានអ្វីមួយតបតវិញ ។
ក្រោយកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដែលពិភាក្សាចាប់តាំងពី២ថ្ងៃមកហើយ នូវដំណោះស្រាយមួយដែលថ្កោលទោសការវាយដោយអាវុធគីមីនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោកវ្ល៉ាឌីមៀរ សាហ្វ្រេនកូវ បានព្រមានពីបណ្តាផលវិបាកជាអវិជ្ជមាននានាក្នុងករណីមានអន្តរាគមន៍យោធាអាមេរិក ៕
ចែករំលែកព័តមាននេះ