ខេត្តសៀមរាប ៖ ភ្នំគូលែន ជាភ្នំហៅតាមឈ្មោះរុក្ខជាតិមួយប្រភេទ ។ ភ្នំនេះមានទីតាំងស្ថិតនៅទិសឦសាន ចំងាយប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប មានកម្ពស់ពី៣០០ ទៅ៤០០ម៉ែត្រ និងមានបណ្តោយជាង៤០គីឡូម៉ែត្រ ដោយសណ្តូកលើអ័ក្សដែលមានទិសដៅពីទិសពាយ័ព្យទៅទិសអាគ្នេយ៍ ខ្នងភ្នំជាវាលរាបលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងមានខ្យល់អាកាសល្អបរិសុទ្ធ និងមានមនុស្សរស់នៅច្រើន ។
ភ្នំគូលែន ជាទីតាំងសក្ការៈមួយ ដែលមានភាពល្បីល្បាញផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងជារាជធានីដំបូងគេនៅក្នុងយុគសម័យអង្គរ ដែលតំណាងឱ្យសុខសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរបានចាកផុតពីការគ្រប់គ្រងរបស់ពួកជ្វា។
នាពេល ថ្មីៗកន្លងមក ព្រះចៅអធិការស្តីទី សុខ វណ្ឌី បានសំណូមពរភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសមគ្គុទ្ទេសក៏ទេសចរណ៍ សូមជួយណែនាំឱ្យភ្ញៀវដោះមួក បឈ្ឈប់ការស្លៀកពាក់ខ្លី ខើចលើ ខើចក្រោម ចូលក្នុងវត្តអារាមព្រះអង្គធំ ដើម្បីថែរក្សាតម្លៃព្រះពុទ្ធសាសនា និងប្រពៃណីជាតិខ្មែរ ។
បច្ចុប្បន្នភ្នំគូលែន បានក្លាយទៅតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដ៏មានសារសំខាន់ និងពោរពេញទៅដោយសក្តានុពលខាងផ្នែកវប្បធម៌ និងធម្មជាតិ និងជាកន្លែងផ្តល់កំណើតដល់អារ្យធម៌អង្គរ ដែលមានភាពល្បីល្បាញ ។ ភ្នំគូលែនគឺកោះមួយស្ថិតនៅកណ្តាលសមុទ្រ ដែលមានសំពៅចិនចូលចត ហើយក៏មានហេតុការណ៍អាក្រក់បានកើតឡើង ឱ្យសំពៅលិចនៅទីនោះ ។ ភ្នំគូលែនគឺជាអតីតរាជធានីខ្មែរនៅសតវត្សរ៍ទី៩ គេតែងរំលឹកដល់ស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយព្រះអង្គ ក្នុងសម័យកាលនៃចក្រភពខ្មែរ ។ ក្រោយពីសម្រេចបាននូវការបង្រួបបង្រួមជាតិនេះ ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសយកភ្នំគូលែន ដើម្បីរៀបចំពិធីទេវរាជនៅឆ្នាំ៨០២ ក្នុងបំណងប្រកាសពីការបង្រួបបង្រួមជាតិ និងឯករាជ្យជាតិ ដោយបញ្ជាក់ថា ចាប់ពីពេលនេះទៅ អាណាចក្រខ្មែរលែងចំណុះឱ្យជ្វាទៀតហើយ ។
ភ្នំគូលែនជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ដែលជាដើមកំណើតនៃអារ្យធម៌អង្គរ សំណង់ប្រាសាទជាច្រើន ដែលមានការតុបតែងលំអប្លែកៗ បានកសាងឡើង ហើយអ្នកស្រាវជ្រាវចាត់ទុកថា ជាការចាប់ផ្តើមនៃទម្រង់ស្ថាបត្យកម្មថ្មីមួយតភ្ជាប់ពីសិល្បៈសម័យមុនអង្គរ និងសម័យអង្គរ។
លោកព្រំ ជា ប្រធានគណៈកម្មការវត្តព្រះអង្គធំ បញ្ជាក់ពីការស្ថាបនា សាងសង់វត្តព្រះអង្គធំ និងការបន្តសាងសង់បន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យទៅកម្សាន្ត។ ការសាងសង់ស្ថាបនាវត្តព្រះអង្គធំមានការចូលរួមពីប្រជាពលរដ្ឋ និងសហគមន៍ ក្នុងឆ្នាំ២០០៥ ។ លោកហាក់ ប៊ុនថា និងឧកញ៉ា ឡាយ ម៉េងគិន និងលោកជំទាវ បានរៀបចំកសាងជណ្តើរ និងបាំងដំបូលព្រះអង្គធំ ឆ្នាំ២០១២ លោកឧកញ៉ាទ្រី ភាព បានកសាងសាលាឆាន់មួយ មានទទឹង១៥ម៉ែត្រ បណ្តាយ៣៥ម៉ែត្រ ។
ក្រោយមកគណៈកម្មការអាចារ្យវត្តបានឃោសនារកបច្ឆ័យចាក់បេតុងឡើងដល់វត្ត។
លោកព្រំ ប៉ុន តំណាងព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំ ស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំខ្នងភ្នំមាន៩ភូមិ បញ្ជាក់ថា ប្រជាពលរដ្ឋជួបប្រទះនឹងផលពិបាកក្នុងការដឹកជញ្ជូនសម្ភារ ដំណាំកសិផល និងការធ្វើដំណើរ ។ ត្រូវចំណាយពេលវេលាមិនតិចជាង៣ម៉ោងសម្រាប់ការដឹកជញ្ជូន និងការធ្វើដំណើរ បើមានផ្លូវចុះពីលើខ្នងភ្នំ ចាប់ពីភូមិតាពេញ ទៅស្រុកស្វាយលើគឺចំណាយពេលត្រឹមតែ២៥ទៅ៣០នាទីប៉ុណ្ណោះ។ ព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ សំណូមពរឱ្យរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាពិសេសលោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប សូមជួយកសាងផ្លូវចុះពីលើខ្នងភ្នំតាពេញ ទៅស្រុកស្វាយលើ ដើម្បីឱ្យងាយស្រួលដល់ការទស្សនារបស់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានបេងមាលា បន្តទៀត ដោយមិនចាំបាច់បកក្រោយវិញទេ៕
ចែករំលែកព័តមាននេះ