រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បានរៀបចំសំណុំបែបបទ និងឯកសារពាក់ព័ន្ធរួចហើយ ដើម្បីស្នើទៅអង្គការយូណេស្កូ សុំដាក់ទីក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌពិភពលោកទី២ បន្ទាប់ពីក្រុងសៀមរាប ។
ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងនៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំសន្និសីទ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ និងសន្និសីទអន្តរជាតិ ស្ដីពីកិច្ចសន្ទនាក្នុងក្របណ្ឌអាស៊ី (ACD) និងសន្និសីទអន្តរជាតិស្តីពីទេសចរណ៍និងទីក្រុងបេតិកភណ្ឌនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ក្នុងក្របខ័ណ្ឌ ACD ដែលមាន៣៤ប្រទេស ។
លោក ទិត ចន្ថា បានបញ្ជាក់ថា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌វិចិត្រសិល្បៈបានឯកភាពគ្នារើសយកទីក្រុងចំនួន៣ក្នុងនោះមាន ក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត ដែលយើងចាត់ទុកថាជាទីក្រុងបេតិកភណ្ឌសំខាន់ៗដែលជាគោលដៅទេសចរណ៍បេតិកភណ្ឌលំដាប់ទី២ (secondary tourist destination) បន្ទាប់ពីក្រុងសៀមរាបនោះ ដើម្បីស្នើដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដើម្បីឲ្យមានការទទួលស្គាល់ជាអន្តរជាតិ និងផ្សព្វផ្សាយទៅដល់សកលលោកថា ទីក្រុងទាំង៣នេះជាទីក្រុងបេតិកភណ្ឌពិភពលោក សំដៅទាក់ទាញទេសចរ និងអ្នកវិនិយោគនានា ឲ្យចូលរួមអភិរក្សនិងអភិវឌ្ឍទីក្រុងទាំងនោះ ។
លោករដ្ឋលេខាធិការបានបន្ថែមទៀតថា កម្ពុជានឹងយកឱកាសក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពីកិច្ចសន្ទនាក្នុងក្របខ័ណ្ឌអាស៊ី (ACD) នេះ ធ្វើសន្និសីទមួយស្ដីពី ទេសចរណ៍និងទីក្រុងបេតិកភណ្ឌ ដើម្បីផ្សព្វផ្សាយទៅអន្តរជាតិថា ទីក្រុងបេតិកភណ្ឌរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រមទាំងជំរុញឲ្យទីក្រុងទាំងនោះក្លាយជាទីក្រុងដែលមានការយកចិត្តទុកដាក់ខ្ពស់ ។
ហើយអ្វីដែលយើងបានសើ្នសុំបញ្ចូលទីក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពតនេះ ដាក់ជាទីក្រុងបេតិកភណ្ឌពិភពលោក ដោយសារទីក្រុងទាំងនេះសម្បូរទៅដោយសំណង់អគារ និងផ្ទះបុរាណជាច្រើន ពិសេសសម័យអាណានិគមនិយមបារាំង និងសម្បត្តិបេតិកភណ្ឌចំណាស់ៗដ៏សន្ធឹកសន្ធាប់ទៀត ដែលមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងទាមទារឲ្យមានការថែរក្សានិងអភិរក្សជាចាំបាច់ ។
នាឱកាសនោះដែរលោក ថុក សុខុម ប្រធាននាយកដ្ឋានអាស៊ាន និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ទាំងសំណុំបែបបទ និងសំណុំឯកសារពាក់ព័ន្ធនានា ត្រូវបានក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធផ្សេងទៀត រៀបចំទុកមុនរួចជាស្រេចហើយ រង់ចាំកិច្ចប្រជុំនៅខេត្តសៀមរាបនាពេលខាងមុខនោះមកដល់ ភាគីកម្ពុជានឹងដាក់ពិភាក្សាជាមួយបណ្ដាប្រទេសក្នុងក្របខ័ណ្ឌ ACD និងសម្រេចលទ្ធផលតែម្ដង ។
ចែករំលែកព័តមាននេះ