តាមបាងកកប៉ុស្តិ៍ប៉ូលិសថៃអះអាងកាលពីថ្ងៃទី១៩ មីនា ថា បានរកឃើញគម្រោងការប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្រោយពីការរកឃើញកន្លែងលាក់អាវុធមួយរបស់ពួកសកម្មជនប្រឆាំងរបបយោធា ។ អាវុធដែលរកឃើញទាំងនេះគេថា ជារបស់សមាជិកក្រុមអាវក្រហមស្និទ្ធអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
ប៉ូលិសនិយាយទៀតថា បានរកឃើញកាំភ្លើងវាយលុយរាប់សិបដើម និងគ្រាប់បែកដៃរួមទាំងគ្រឿងផ្ទុះជាច្រើនដុំក្នុងផ្ទះរបស់មេដឹកនាំអាវក្រហមលោកវុទ្ធិពុង ។ ក្រោយរកឃើញកន្លែងលាក់អាវុធនេះប៉ូលិសចាប់ខ្លួនមនុស្ស៩នាក់ ដែលគេថាជាប់ពាក់ព័ន្ធ ។
មេប៉ូលិសថៃលោក JAKTHIP CHAIJINDA និយាយថា យើងចាប់បានកាំភ្លើងវែងជាច្រើនដើម ព្រមទាំងកែវយិតដែលគេត្រៀមសម្រាប់ធ្វើឃាតមេដឹកនាំប្រទេសលោកចាន់អូចា ។ ទោះបីយ៉ាងណា លោកពុំបានបង្ហាញភស្តុតាងផ្សេងទៀតនៃការប៉ងធ្វើឃាតឡើយ ។ គេថា មេដឹកនាំអាវក្រហមរូបនេះអាចលាក់ខ្លួននៅកម្ពុជាផង ។
ទោះជាបែបណា មិនទាន់អាចស្វែងរកការបំភ្លឺណាមួយពីមន្ត្រីកម្ពុជានៅឡើយទេ ជុំវិញព័ត៌មាននេះ ។ គេនៅចាំបានថា កន្លងមក ភាគីថៃតែងបានចោទប្រកាន់ដោយខ្វះមូលដ្ឋានភ្ជាប់ពួកអាវក្រហមថៃ ដែលគាំទ្រលោកថាក់ស៊ីន ដែលរត់គេចខ្លួនថា លាក់ខ្លួននៅកម្ពុជា ។
យុវជនជាសកម្មជនប្រឆាំងម្នាក់ត្រូវកងទ័ពសម្លាប់សកម្មជនសំខាន់ម្នាក់នៃយុវជនថៃ ត្រូវសម្លាប់កាលពីថ្ងៃទី១៨ មីនា កន្លងទៅ ពេលមានការប៉ះទង្គិចគ្នាជាមួយកងទ័ពនៅភាគខាងជើងប្រទេស ។ នេះជាសេចក្តីរាយការណ៍របស់កាសែតក្នុងស្រុកមួយ ។ យុវជនអាយុ១៧ឆ្នាំរូបនេះ ត្រូវបាញ់ស្លាប់ពេលរូបគេប្រឆាំងនឹងការចាប់ខ្លួនគេនៅត្រង់ចំណុចត្រួតពិនិត្យយោធាមួយ ។
កងទាហានអះអាងថា ក្មេងជំទង់រូបនេះមានកាំភ្លើង និងគ្រឿងញៀន ។ តាមពិតទៅក្មេងប្រុសឈ្មោះ CHAIPHUM PASAE ជាតំណាងឱ្យបណ្តាក្រុមជនជាតិភាគតិចពេលចូលរួមក្នុងបណ្តាព្រឹត្តិការណ៍ជាតិ ។ រូបគេជាអ្នកទាមទារសិទ្ធិអប់រំ និងសិទ្ធិពលរដ្ឋ ។ ឯកសារជាច្រើនរបស់គេត្រូវបានផ្សាយតាមទូរទស្សន៍ជាតិ ហើយខ្លះទទួលបានពានរង្វាន់ផង ។ សាក្សីតែម្នាក់គត់ពុំមែនជាទាហានអំពីការសម្លាប់យុវជននេះជាមិត្តរបស់គេ ហើយជាអ្នកបើករថយន្តត្រូវចាប់ខ្លួន ។ ឧប្បត្តិហេតុថ្មីនេះកើតមានក្រោយពីអំពើហិង្សាជាច្រើនសំដៅលើសហគមន៍ LAHU ជាសហគមន៍របស់យុវជន CHAIPHUM PASAE ។
អ.ស.ប ផ្តោតលើការរំលោភបំពានសិទ្ធិមនុស្សនៅថៃចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤មក ។
ភាពធ្ងន់ធ្ងរនៃសភាពការណ៍នយោបាយនៅថៃជាកម្មវត្ថុនៃការពិនិត្យពិសេសរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នាថ្ងៃទី២១ និង២២ មីនា នៅក្រុងហ្សឺណែវ ។
យោងតាមសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ FIDH ថា ចាប់តាំងពីរបបយោធាឡើងកាន់អំណាចពីខែឧសភា ឆ្នាំ២០១៤មក សន្ធិសញ្ញាអន្តរជាតិទាក់ទិននឹងសិទ្ធិមនុស្ស និងសិទ្ធិនយោបាយត្រូវបានរំលោភបំពានយ៉ាងខ្លាំង ។ អង្គការនេះបានចងក្រងការរំលោភបំពានក្នុងវិស័យសិទ្ធិនៃការរស់នៅ ការរំលោភបំពានដល់សេរីភាព សន្តិសុខ ការធ្វើបាបបណ្តាមនុស្សដែលបាត់បង់សេរីភាព គ្មានការកាត់ទោសដោយស្មើភាព ការបំបាត់សេរីភាពនៃការបញ្ចេញមតិ សិទ្ធនៃការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសិទ្ធិបោះឆ្នោត ។
តាមពិតទៅ ក្រៅពីការបង្ក្រាបយ៉ាងសាហាវលើបណ្តាសកម្មជនស្និទ្ធលទ្ធិប្រជាធិបតេយ្យភាគច្រើនជានិស្សិតរដ្ឋធម្មនុញ្ញដែលអនុម័តកាលពីរដូវក្តៅកន្លងទៅតំណាងឱ្យមធ្យោបាយមួយជំរុញដំណើរការឆ្លងកាត់ប្រជាធិបតេយ្យនោះតាមពិតបម្រើតែផលប្រយោជន៍របស់ពួកយោធា ហើយធានាដល់អភ័យឯកសិទ្ធិរបស់ពួកគេប៉ុណ្ណោះ ។ ចំណែកទោសឧក្រិដ្ឋពីបទប្រមាថព្រះមហាក្សត្រត្រូវបានប្រើសម្រាប់ទប់ទល់ពួកប្រឆាំង ។ ចាប់តាំងពីថ្ងៃទី២៧ មេសា ដល់ថ្ងៃទី៦ សីហា ឆ្នាំ២០១៦ ពេលធ្វើយុទ្ធនាការឃោសនាបោះប្រជាមតិលើរដ្ឋធម្មនុញ្ញមនុស្ស៥៥នាក់ត្រូវចាប់ឃុំឃាំងពីបទបញ្ចេញការរិះគន់នានាលើរដ្ឋធម្មនុញ្ញនេះ ។ សមាជិក៣៨រូបរបស់រណសិរ្សរួបរួម ដើម្បីលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងលទ្ធិផ្តាច់ការស្និទ្ធអតីតក្រុមអាវក្រហម ក៏ត្រូវបំបិទមាត់ដែរ ។
របាយការណ៍របស់ FIDH បន្តថា របបយោធាបានគាបសង្កត់លើគ្រប់រូបភាពនៃការប្រឆាំងដោយសន្តិវិធីជា ការបង្ក្រាបមានកម្រិតខ្ពស់បំផុតពុំធ្លាប់មានចាប់តាំងពីច្រើនទសវត្សមកហើយ ៕
ចែករំលែកព័តមាននេះ