ស្នងការជាន់ខ្ពស់ អ.ស.ប ខាងជនភៀសខ្លួន HCR រាយការណ៍កាលពីថ្ងៃទី១៨ មីនា ថា ជនភៀសខ្លួនសូម៉ាលីយ៉ាងតិច៤២នាក់ស្លាប់ កាលពីយប់ថ្ងៃទី១៦ មីនា ក្នុងដែនទឹកយេម៉ែនពេលនាវាពួកគេរងការវាយប្រហារពីសំណាក់ឧទ្ធម្ភាគចក្រមួយគ្រឿង ។
លោក MOHAMED AL ALAY អ្នកទទួលខុសត្រូវនៃកងឆ្មាំឆ្នេរសមុទ្រនៅតំបន់ HODEIDAH ត្រួតត្រាដោយពួកឧទ្ទាមស៊ីអុីតហ៊ូធីថ្លែងប្រាប់រ៉យទ័រថា ពួកជនភៀសខ្លួនដែលមានឯកសារផ្លូវការរបស់ HCR ធ្វើដំណើរពីយេម៉ែនទៅកាន់ស៊ូដង់ ពេលរងការវាយប្រហារដោយឧទ្ធម្ភាគចក្រធុន APACHE មួយគ្រឿងនៅជិតច្រកសមុទ្រ BAB AL MANDEB ។ HCR រៀបរាប់តាម TWITTER ពីមនុស្សស្លាប់យ៉ាងតិច៤២នាក់ ក្នុងចំណោមជនភៀសខ្លួន ។ ចំណែកខាងកាកបាទក្រហមអន្តរជាតិចេញផ្សាយពីតុល្យការអ្នកស្លាប់៣៣នាក់ និងរបួស២៩នាក់ តែបញ្ជាក់ថា អ្នកដំណើរមួយចំនួនបាត់ខ្លួន ។ សម្រាប់ពេលនេះគេនៅពុំទាន់ដឹងពីប្រភពនៃការវាយប្រហារនេះនៅឡើយ ។
លោកស្រី IOLANDA JAGUEMET អ្នកនាំពាក្យរបស់កាកបាទក្រហមអន្តរជាតិ CICR ថ្លែងថា យើងពុំទាន់ដឹងថា តើនរណាជាអ្នកប្រព្រឹត្តរឿងនេះនៅឡើយ ក៏ប៉ុន្តែពួកអ្នកនៅរស់រានមានជីវិតនិយាយថា ពួកគេរងការវាយប្រហារដោយនាវាមួយទៀត ។ ក្រុមនាវិកនៃនាវាដឹកជនភៀសខ្លួនទាំងនេះនិយាយថា បណ្តាអ្នកដំណើរសុទ្ធតែជាជនស៊ីវិល ។ ទោះបីយ៉ាងណា លោកស្រី IOLANDA អះអាងថា ឧទ្ធម្ភាគចក្រមួយគ្រឿងក៏ចូលរួមវាយប្រហារដែរ ។
នាវិកម្នាក់នៃនាវារងការវាយប្រហារនិយាយថា មនុស្ស៨០នាក់ត្រូវបានជួយសង្គ្រោះ ៕
ចែករំលែកព័តមាននេះ