ទីក្រុងហាណូយ ៖ វៀតណាមបានចំណាយប្រាក់ប្រមាណ១៦៤លានដុល្លារអាមេរិកក្នុងរយៈពេល២ខែដើមឆ្នាំនេះ ទៅលើការនាំចូលបន្លែផ្លែឈើ ដែលភាគច្រើនពីប្រទេសចិន និងថៃ ។ នេះបើយោងតាមស្ថាប័នគយវៀតណាមដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៤ មីនា ម្សិលមិញ ។
គយវៀតណាមបាននិយាយថា តម្រូវការអ្នកប្រើប្រាស់ក្នុងប្រទេសនេះបានកើនឡើងនូវការទទួលទានផ្លែឈើ និងបន្លែ ជាពិសេសពីប្រទេសចិន និងថៃ ។ កាលពីខែមករា និងកុម្ភៈ ឆ្នាំនេះ វៀតណាមបានចំណាយប្រាក់ជាង៨២លានដុល្លារអាមេរិកលើការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ។
វៀតណាមបាននាំចូលបន្លែផ្លែឈើពីប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រហែល៥០% ខណៈចិនឈរនៅលំដាប់ទី២ មានចំនួន១៩% តាមពីក្រោយដោយមីយ៉ាន់ម៉ា៩% និងសហរដ្ឋអាមេរិក៨% ។
យោងតាមគយវៀតណាមឲ្យដឹងថា ការនាំចូលផ្លែឈើពីប្រទេសថៃមានការកើនឡើង ចាប់តាំងពីក្រុមហ៊ុនលក់រាយដ៏ធំរបស់ថៃ បានទិញផ្សារទំនើប Big C និង Metro កាលពីឆ្នាំ២០១៥ និង២០១៦ ។
បើទោះបីជាវៀតណាមជាប្រទេសកសិកម្មក្ដី តែកំណើនក្នុងការចំណាយលើការនាំចូលបន្លែផ្លែឈើរបស់ប្រទេសនេះបានកើនឡើងជាបន្ដបន្ទាប់ ។ នៅក្នុងឆ្នាំ២០១៦ វៀតណាមបានចំណាយប្រាក់ក្នុងរង្វង់៩២៥លានដុល្លារអាមេរិកទៅលើផលិតផលទាំងនេះ កើនឡើង៥០%បើធៀបនឹងឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ