រាជធានីភ្នំពេញ ៖ ផ្ទះល្វែងលក់គ្រឿងសង្ហារឹមមួយកន្លែងដែលត្រូវបានអគ្គីភ័យលេបត្របាក់ទាំងកណ្តាលអធ្រាត្របណ្តាលឱ្យឆេះអស់សម្ភារ និងទ្រព្យសម្បត្តិមួយចំនួនធំ ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ មីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង ស្ថិតនៅផ្ទះលេខ៦៥C ផ្លូវ២៧១ ភូមិ១ ក្រុមទី៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុខពេលកើតហេតុគេឃើញផ្ទះខាងលើគឺមានមនុស្សស្នាក់នៅខាងក្នុងចំនួនប្រាំបីនាក់ រួមទាំងក្មេងតូចម្នាក់ទៀត ហើយក៏បានបិទទ្វារនាំគ្នាដេកលង់លក់អស់លុះដល់វេលាកើតហេតុ ស្រាប់តែឃើញមានផ្សែងហុយចេញមកពីក្នុងផ្ទះជាន់ផ្ទាល់ដី ហើយក៏មានប្រជាពលរដ្ឋដែលនៅជិតនោះបានស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើល និងនាំគ្នាទាញ់ទុយយោទឹកបាញ់ពន្លត់ តែដោយសារតែមិនអាចគ្រប់គ្រង់ស្ថានកាលបានទើបប្រជាពលរដ្ឋដែលនៅជិតនោះទូរស័ព្ទប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍ ។ ខណៈពេលដែលអគ្គីភ័យកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅគេឃើញនាក់ដែលដេកនៅក្នុងផ្ទះខាងលើទាំងអស់បានឡើងទៅជាន់ខាងលើហើយក៏បានផ្លោះចូលទៅផ្ទះមួយទៀតដែលនៅជាប់គ្នាហើយចុះមកក្រោយដោយសុវត្ថិភាព ។
បើតាមប្រភពពីសមត្ថកិច្ចបានរៀបរាប់ឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ថុង សុធា ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើហើយបានជួលទៅឱ្យម្ចាស់លក់គ្រឿងសង្ហារឹមយីហោ ព្រុំ សំអុល ចំណែកឯករណីអគ្គីភ័យខាងលើនេះគឺឆេះចេញមកពីជាន់ផ្ទាល់ដីគឺជាកន្លែងដែលតំឡើងគ្រឿងសង្ហារឹមហើយម្ចាស់ផ្ទះបានបិទទ្វារនិងចាក់សោពីក្នុងរួចនាំគ្នាឡើងទៅដេកនៅជាន់ខាងលើ ខណៈពេលដែលមានអគ្គីភ័យឆាបឆេះឡើងបង្កឱ្យមានផលវិបាកដល់សមត្ថកិច្ចក្នុងការពន្លត់ទើបសមត្ថកិច្ចសម្រេចចិត្តវាយបំបែកកញ្ចក់បង្អួចខាងចំហៀងផ្ទះដើម្បីចូលទៅធ្វើការពន្លត់ ។
ហេតុការណ៍ខាងលើនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ចំនួន៤គ្រឿង ចំណែកផ្ទះគឺខូចខាត់ឆេះអស់ផ្នែកខាងក្នុងមួយល្វែងស្មើនឹងបីជាន់ សម្ភារៈមួយចំនួនធំ និងម៉ូតូ៤គ្រឿង តែមិនបង្កឱ្យមាននាក់រងរបួសនោះទេ ហើយករណីខាងលើនេះជំហ៊ានដំបូងសមត្ថកិច្ចសណ្ឋានថាជាករណីផ្ទុះសេខ្សែភ្លើងតែមិនទាន់ដឹងថាផ្ទុះចេញមកពីប្រភពណានោះទេ ៕
ចែករំលែកព័តមាននេះ