ខេត្តបន្ទាយមានជ័យ ៖ ទាហានឈុតខ្មៅថៃបានចូលមកកម្ពុជា២ដងក្នុងព្រឹកតែមួយថ្ងៃទី១៣ កុម្ភៈ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីជួបជាមួយមន្ត្រី និងសមត្ថកិច្ចកម្ពុជានៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទាមទារសុំឲ្យកាយដីចេញពីចំណុចដែលគេចាក់លុបមុខទឹកហូរក្នុងអូរព្រំដែនម្តុំកាស៊ីណូហ្គោលដឹនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ទាហានឈុតខ្មៅថៃដឹកនាំដោយលោកវរសេនីយ៍ត្រី ឆាន វង់វ៉ៃមេតទ្រី ជាមេបញ្ជាការកងរយ១២០១ មានគ្នា៤នាក់ភាគីទាំងសងខាងបានចុះដល់កន្លែងកេីតហេតុដោយខាងកម្ពុជាមានមន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមជាមួយតំណាងកាស៊ីណូខាងលើចូលរួមផងដែរ ។
យ៉ាងណាក៏ដោយជុំវិញករណីខាងលេីលោក តេង ឆៃយ៉ា ប្រធានផ្នែកសន្តិសុខកាស៊ីណូហ្គោលដឹនក្រោនប្រាប់កោះសន្តិភាពថា ដីដែលគេចាក់ហៀចូលអូរព្រំដែននោះ មិនមែនជាកំហុសរបស់ក្រុមហ៊ុនកាស៊ីណូលោកទេ ។
លោកបន្តថា តាមពិតក្រុមអ្នកយករថយន្តទៅចតនៅទីនោះជាអ្នកដឹកដីទៅចាក់ ព្រោះចង់បានកន្លែងចតឲ្យទូលាយ លុះពួកគេភ្លេចគិតឈូសឆាយដីទៅក៏ហៀចូលដល់អូរព្រំដែន ៕
ចែករំលែកព័តមាននេះ