រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់មាន់ម្នាក់បានធ្វើដំណើរទៅកាន់នគរបាលប៉ុស្ដិ៍កាកាប ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ និងរកយុត្តិធម៌ ព្រមទាំងទាមទារឲ្យជួយចាត់ការទៅលើស្ត្រីអ្នកលក់បបរ២នាក់ ម្ដាយ និងកូនស្រី ។ ដោយនាងបានអះអាងប្រាប់នគរបាលថា នាងមានផ្ទៃពោះជាង១ខែហើយ ប៉ុន្តែពេលនេះកូននៅក្នុងផ្ទៃរបស់នាងបានរលូតទៅវិញបាត់ហើយ ដោយសារតែស្ត្រីអ្នកលក់បបរ២នាក់ ម្ដាយ និងកូនស្រីនោះ ព្រួតគ្នាវាយមកលើរូបនាង បណ្ដាលឲ្យនាងដួលអុកគូទពេញទំហឹងក្នុងពេលមានទំនាស់គ្នាកាច់កុងរឿងរកស៊ីជិតគ្នា។ រហូតធ្វើឲ្យនាងធ្លាក់ឈាមយ៉ាងខ្លាំង ហើយក្រោយពេលកើតហេតុនាងទៅកាន់មន្ទីរ ពេទ្យព្រះកុសុមៈពិនិត្យសុខភាព និងឲ្យគ្រូពេទ្យពិនិត្យមើលអាការៈរបួស ពេលនោះត្រូវគ្រូពេទ្យប្រាប់ថា កូននៅក្នុងផ្ទៃនាងជាង១ខែនោះ បានរលូតបាត់ទៅហើយ។
ស្ត្រីរងគ្រោះខាងលើនោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយនគរបាលបានទទួលពាក្យបណ្ដឹងរបស់គាត់ និងត្រៀមឃាត់ខ្លួនជនដៃដល់ទាំងពីរនាក់ម្ដាយ និងកូននោះ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ហើយ។
ស្ត្រីរងគ្រោះរូបនោះឈ្មោះ ហុង គីមហៀក អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៣២ ស្ថិតនៅក្នុងបុរីព្រីនថោន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅផ្សារស្លាបលែង ឃុំស្វាយអំពៀរ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីជាប់ចោទមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងឈ្មោះហៅក្រៅថា ចែរី មុខរបរជាអ្នកលក់បបរ នៅតូបក្បែរក្នុងនោះដែរ និងស្នាក់នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យនគរបាលទៀតថា ទំនាស់រវាងនាង និងស្ត្រីឈ្មោះ ចែរី នោះបានកើតឡើងជាបន្តបន្ទាប់មកហើយ ដោយសារការរកស៊ីនៅជិតគ្នា ចេះតែមានរឿងកាច់កុងគ្នារហូតមក ហើយលើកចុងក្រោយនេះ នៅវេលាយប់ថ្ងៃទី៨ កុម្ភៈ ២០១៧ នៅមុនពេលឈានដល់ការវាយតប់គ្នាកើតឡើង នាងបានទូរស័ព្ទសួរនាំទៅឈ្មោះ ចែរី នោះ ពីរឿងដែលកូនស្រី របស់ស្ត្រីនោះមកជេរប្រមាថលើប្ដីរបស់គាត់។ ខណៈនោះបានធ្វើឲ្យស្ត្រីនោះខឹង លុះពេលបានជួបគ្នា ក៏មានការទំនាស់គ្នាកើតឡើងបន្តិចបន្តួច ហើយមុនដំបូងគ្រាន់តែទាស់ពាក្យសម្ដីគ្នាតែប៉ុណ្ណោះ លុះក្រោយមកក៏ស្រាប់តែឈានដល់ការវាយតប់គ្នាតែម្តង ដោយនាងមានតែម្នាក់ឯង ចំណែកភាគីម្ខាងទៀត មានគ្នា២នាក់ម្ដាយ និងកូនស្រី ។ ពេលដែលកំពុងតែវាយតប់គ្នានោះ ស្ត្រី២នាក់ម្តាយនិងកូនបានចាប់បោចសក់បោក បណ្ដាលឲ្យដួលអុកគូទធ្លាក់ឈាម។ ខណៈនោះនាងមានការឈឺចាប់ខ្លាំងណាស់ ក៏បានទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីឲ្យគ្រូពេទ្យជួយពិនិត្យមើល ហើយត្រូវបានគ្រូពេទ្យប្រាប់ថា នាងបានរលូតកូនហើយ ទើបនាងសម្រេចចិត្តប្ដឹងឲ្យនគរបាលជួយតែម្ដង៕
ចែករំលែកព័តមាននេះ