ខេត្តកណ្តាល ៖ បុរសម្នាក់បន្ទាប់ពីឈ្លោះប្រកែកជាមួយប្រពន្ធរួចបានផ្តាំប្រពន្ធ-កូនថា «បើបាត់អញមិនបាច់ដើររកអញទេ» ។ លុះវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រាប់តែប្រទះឃើញលង់ទឹកស្លាប់នៅចំណុចត្រពាំងប្រិយ៍ ស្ថិតនៅក្នុងភូមិថ្មីឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុលខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កសិករ និងរស់នៅភូមិ-ឃុំកើតហេតុ មានប្រពន្ធឈ្មោះសៀង សម្បត្តិ អាយុ៥៥ឆ្នាំ មុខរបរកសិករ មានកូន៣នាក់ ។
បើតាមលោកវរសេនីយ៍ទោ ម៉ែន សុខឃឿន ជាអធិការស្រុកបានឲ្យដឹងថា នៅមុនពេលកើតហេតុកន្លងមក ជនរងគ្រោះផឹកស្រាស្រវឹងរាល់ថ្ងៃ លុះថ្ងៃទី៨ កុម្ភៈ ជនរងគ្រោះបានផឹកស្រាស្រវឹងឈ្លោះប្រកែកជាមួយប្រពន្ធ បន្ទាប់មកជនរងគ្រោះបានដើរចេញពីផ្ទះ រួចបានផ្តាំប្រពន្ធ និងកូនថា «បើបាត់អញ មិនបាច់ដើររកអញទេ» ចាប់ពីពេលនោះមកក៏មិនឃើញចូលផ្ទះវិញទេ ហើយប្រពន្ធ និងកូនបានតាមរកដែរ តែរកមិនឃើញ ។ លុះមកដល់វេលាកើតហេតុខាងលើ ក្រុមគ្រួសារដើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបានឃើញស្បែកជើង និងកញ្ចប់បារីរបស់ជនរងគ្រោះ ដោយមានការសង្ស័យក៏នាំគ្នាចុះរាវរក ស្រាប់តែឃើញសាកសពជនរងគ្រោះក្នុងត្រពាំងទឹក ស្លាប់បាត់ទៅហើយ។
លោកបានបន្តទៀតថា ក្រោយពីកើតហេតុសមត្ថកិច្ចស្រុកបានចុះទៅធ្វើការត្រួតពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកមែន ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ