ក្រុងប៉ោយប៉ែត ៖ ស្បែកសត្វក្រពើជាង៥០ក្បាល (ដែលមួយក្បាលៗមានបណ្តោយចាប់ពី២ម៉ែត្រ ទៅ៣ម៉ែត្រ) ត្រូវបានកំលាំងខណ្ឌជលផលខេត្តស្រះកែវ តាមប្រមាញ់និងដេញស្ទាក់ចាប់បាន ខណៈដែលជនជាតិថៃម្នាក់ បានមកទំនាក់ទំនងទិញស្បែកទាំងនេះពីខ្មែរម្នាក់ នៅក្នុងផ្សាររុងក្លឿ ដើម្បីយកទៅកែច្នៃនៅខេត្តសមុទ្របាកាន ប្រទេសថៃ ។
យោងតាមគេហទំព័រអនឡាញរបស់កាសែតថៃរ៉ាត់ ដែលចេញផ្សាយនៅថ្ងៃទី៦ កុម្ភៈ នោះបានបញ្ជាក់ថា នៅវេលាម៉ោង១១ ថ្ងៃត្រង់ (ថ្ងៃដដែល) ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងបទល្មើសឆ្លងដែនរួចមក កំលាំងខណ្ឌជលផលខេត្តស្រះកែវ ដឹកនាំកំលាំងដោយលោកប្រាសឺត ប៉ានបារមី បានសហការជាមួយក្រុមតម្រួតចេញប្រតិបត្តិការឈរជើងនៅត្រង់ចំណុចផ្លូវបែកជា៣ ស្ថិតនៅក្នុងភូមិ២ ឃុំបិនចៈខន ស្រុកខ្លងហាត ខេត្តស្រះកែវ ។
នៅពេលនោះ កំលាំងបានពិនិត្យឃើញមានរថយន្តមួយគ្រឿងម៉ាកហុងដា ពណ៌ណខៀវ ពាក់ស្លាកលេខបាងកក៥៣៦៧ ដែលរថយន្តនេះ ហាក់បីដូចជាមានដឹកអ្វីម្យ៉ាងធ្ងន់ ហើយនៅពេលដែលឃើញសមត្ថកិច្ច ក៏ស្រាប់តែអ្នកបើកបរបានជាន់ហ្គែរបន្ថែមល្បឿនទៀត ដើម្បីគេចពីកំលាំងឈរជើងត្រួតពិនិត្យ ។
ភ្លាមៗនោះ កំលាំងបានចេញរថយន្តដេញតាម រហូតដល់ចំណុចភូមិ៨ ឃុំសៃដៀវ ស្រុកខ្លងហាត ទើបចាប់បាន ដោយអ្នកបើកបរមានឈ្មោះផាត់ផុន ឈិនរ៉ាំ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ១៣ ឃុំសាមិត ស្រុកមឿង ខេត្តបុរីរ៉ាំ ប្រទេសថៃ ។ ក្រោយពេលកំលាំងបានធ្វើការត្រួតពិនិត្យនៅក្នុងឃ្លុបរថយន្តខាងក្រោយ ឃើញថាមានការ៉ុងជីចំនួន៣ លុះពេលស្រាយមើលទើបដឹងថា មានសុទ្ធតែស្បែកសត្វក្រពើសរុប៥១ក្បាល ជាប្រភេទស្បែកក្រពើដែលល្អបំផុតទៀត ។
ចែករំលែកព័តមាននេះ