កិច្ចព្រមព្រៀងលក់យន្តហោះប្រមាណ៨០គ្រឿងរបស់ Boeing ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ Iran Air គឺមានបញ្ហាតាំងពីមុនពេលលោកប្រធានាធិបតី Trump ឡើងកាន់តំណែងម្ល៉េះ ប៉ុន្តែពេលនេះ Boeing កាន់តែភ័យព្រួយខ្លាំងឡើង មានន័យថា ពលករធ្វើការក្នុងរោងចក្រអាមេរិក ដែលពឹងផ្អែកលើកិច្ចព្រមព្រៀងខាងលើនេះ អាចនឹងមានបញ្ហាផងដែរ ។
បន្ទាប់ពីឡើងកាន់តំណែង លោក Trump បានហាមឃាត់អ្នកដំណើរមកពីប្រទេស ដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ិស្លាម រួមទាំងអីុរ៉ង់ផងដែរ មិនឲ្យចូលក្នុងទឹកដីសហរដ្ឋអាមេរិក ។ បន្ទាប់ពីអីុរ៉ង់ធ្វើតេសកាំជ្រួចមីស៊ីល លោកក៏បានសម្រេចដាក់ទណ្ឌកម្មលើប្រទេសនេះម្តងទៀតកាលពីព្រឹកថ្ងៃសុក្រ ។
ការដាក់ទណ្ឌកម្មនេះ គឺមិនបញ្ចប់កិច្ចព្រមព្រៀងរបស់ Boeing ទាំងស្រុងទេ ប៉ុន្តែវាអាចនឹងធ្វើឲ្យកាន់តែពិបាកសម្រេច ព្រោះអីុរ៉ង់អាចនឹងសងសឹក ហើយបញ្ចប់កិច្ចសន្យានេះ ។
កិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយក្រុមហ៊ុនប្រកួតប្រជែងរបស់ Boeing គឺ Airbus ក្នុងការលក់យន្តហោះ១០០គ្រឿងតម្លៃប្រមាណ១០០ប៊ីលានដុល្លារ ក៏អាចនឹងមានបញ្ហាដែរ ព្រោះយន្តហោះរបស់ Airbus ប្រើប្រាស់គ្រឿងជាច្រើនពីសហរដ្ឋអាមេរិក ហើយការលក់ក៏ត្រូវមានការអនុញ្ញាតពីសហរដ្ឋអាមេរិកផងដែរ ។
លោក Richard Aboulafia អ្នកវិភាគផ្នែកអាកាសចរណ៍ Teal Group និយាយថា ៖ « វាមិនល្អឡើយសម្រាប់កិច្ចព្រមព្រៀងយន្តហោះ » ។
បញ្ហាសម្រាប់លោក Trump គឺការសម្រេចចិត្តនេះអាចនឹងធ្វើឲ្យបាត់បង់ការងារផ្នែកផលិតក្នុងសហរដ្ឋអាមេរិក ដែលលោកអះអាងថា ជាអ្វីសំខាន់បំផុតចំពោះលោក ។
Boeing ក៏ធ្លាប់និយាយដែរថា កិច្ចព្រមព្រៀងជាមួយអីុរ៉ង់នេះសំខាន់ណាស់សម្រាប់ការងារជិត១០ម៉ឺនក្នុងក្រុមហ៊ុនរបស់ពួកគេ និងក្រុមហ៊ុនផ្គត់ផ្គង់ ។
ការបញ្ចប់កិច្ចព្រមព្រៀងនេះ ក៏មិនប្រាកដថា អាចនឹងធ្វើឲ្យការងារចំនួន១០ម៉ឺនត្រូវបាត់បង់ដែរ ប៉ុន្តែ Boeing បានកាត់បន្ថយបុគ្គលិកពិតមែន ។
លោក Adam Pilarski អនុប្រធានក្រុមហ៊ុន Avitas ថ្លែងថា ៖ « ប្រសិនបើលោក Trump រារាំងការលក់របស់ Airbus នោះ លោកអាចនឹងបង្កបញ្ហាដល់ក្រុមហ៊ុនផលិតគ្រឿងរបស់អាមេរិក ដែលផ្គត់ផ្គង់ដល់ Airbus » ៕
ចែករំលែកព័តមាននេះ