ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្នង​មរតក​ក្រុមហ៊ុន L’Oréal របូត​តំណែង​ជា​ស្ត្រី​មានទ្រព្យ​ច្រើន​បំផុត​លើ​ពិភពលោក

2 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ លោកស្រី អា​លី​ស វ៉​ល​តុ​ន (Alice Walton) អ្នក​ស្នង​មរតក​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក និង​ពិភពលោក Walmart…

សហរដ្ឋអាមេរិក ៖ លោកស្រី អា​លី​ស វ៉​ល​តុ​ន (Alice Walton) អ្នក​ស្នង​មរតក​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក និង​ពិភពលោក Walmart បាន​ដណ្តើម​មកុដ​ឯក​របស់​លោកស្រី ហ្វ្រ​ង់​ស័ស បេ​តង់​គួរ មេ​យឺ​រ (Françoise Bettencourt Meyers) ដែល​ជា​អ្នក​ស្នង​មរតក​ក្រុមហ៊ុន​គ្រឿងសំអាង​ដ៏​ធំ​បំផុត​របស់​បារាំង L’Oréal សា​ជា​ថ្មី​ម្តងទៀត ដើម្បី​ក្លាយជា​ស្ត្រី​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។

លោកស្រី អា​លី​ស វ៉​ល​តុ​ន អាយុ​៧៤​ឆ្នាំ ម្ចាស់​ភាគហ៊ុន​ច្រើន​ជាង ១១% នៅ​ក្នុង​ក្រុមហ៊ុន Walmart បាន​បង្កើន​ចំនួន​ទ្រព្យសម្បត្តិ​រហូត​ដល់ ២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ចាប់តាំងពី​ដើមឆ្នាំ​នេះ ដោយសារ​ការ​កើនឡើង ៤៤% តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​លក់រាយ​ខ្នាត​របស់​សហរដ្ឋអាមេរិក​មួយ​នេះ ដូចដែល​បាន​រាយការណ៍​ដោយ​គេហទំព័រ Business Insider ។

ក្រឡេក​ទៅ​លោកស្រី បេ​តង់​គួរ មេ​យឺ​រ អាយុ​៧១​ឆ្នាំ ឯណោះ​វិញ បាន​មើលឃើញ​ទ្រព្យសម្បត្តិ​លោកស្រី​ធ្លាក់​ចុះ​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​នេះ ដោយ​ស្រប​តាម​ការ​ធ្លាក់​ចុះ ១២% នៃ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន L’Oréal​។

លោកស្រី អាលីស វ៉លតុន

បើ​តាម​ប្រភព​ពី​សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា ទ្រព្យ​សរុប​របស់​លោកស្រី អា​លី​ស វ៉​ល​តុ​ន មាន​ចំនួន ៩៦.៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​ទី​១៩ នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ Bloomberg ។ ចំណែក លោកស្រី បេ​តង់​គួរ មេ​យឺ​រ នៅ​ចំណាត់ថ្នាក់​ក្រោម​លោកស្រី អា​លី​ស វ៉​ល​តុ​ន ក្នុង​នាម​ស្ត្រី​មាន​ទ្រព្យសម្បតិ្ត​ច្រើន​បំផុត​លើ​ពិភពលោក ជាមួយនឹង​ទ្រព្យ​សរុប​ចំនួន ៩០.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោកស្រី ហ្វ្រង់ស័ស បេតង់គួរ មេយឺរ

លោកស្រី ហ្វ្រ​ង់​ស័ស បេ​តង់​គួរ មេ​យឺ​រ អ្នក​ស្នង​មរតក​ក្រុមហ៊ុន L’Oréal ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ស្ត្រី​មាន​ទ្រព្យសម្បតិ្ត​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​ទស្សនាវដ្តី​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក Forbes កាលពី​ពេល​កន្លង​ទៅ​។ លោកស្រី​បានការ​ពារ​តំណែង​ដ៏​ពិសេស​មួយ​នេះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ លើកលែងតែ​ឆ្នាំ ២០២០ នៅ​ពេល​ដែល​លោកស្រី អា​លី​ស វ៉​ល​តុ​ន ដណ្តើម​បាន​តំណែង​កំពូល​នេះ​។

យោង​តាម​ទស្សនាវដ្តី​ពាណិជ្ជកម្ម Fortune បានឱ្យ​ដឹង​ថា ស្ត្រី​ឆ្នើម​ទាំង​ពីរ​រូប​នេះ គឺជា​អ្នក​ស្នង​មរតក​របស់​គ្រួសារ​ដែល​មាន​កេរ្តិ៍​ដំណែល​យូរអង្វែង​មក​ហើយ​។ តួយ៉ាង លោកស្រី បេ​តង់​គួរ មេ​យឺ​រ និង​គ្រួសារ​លោកស្រី​បាន​កាន់កាប់​ជិត ៣៥% នៃ​ភាគហ៊ុន​ក្រុមហ៊ុន L’Oréal ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​១១៥​ឆ្នាំ​មុន នៅ​ក្នុង​ទី​ក្រុងប៉ារីស​។ ក្រុមហ៊ុន​ឯកទេស​សម្រស់​ដ៏​ល្បីល្បាញ​របស់​ប្រទេស​បារាំង​មួយ​នេះ បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី ៩០ នៃ​បញ្ជី Fortune 500 Europe ដែល​ជា​បញ្ជី​ក្រុមហ៊ុន​កំពូល​ៗ​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​។

ដោយ​ឡេ​ក លោកស្រី អា​លី​ស វ៉​ល​តុ​ន គឺជា​កូនស្រី​របស់​លោក សេ​ម វ៉​ល​តុ​ន (Sam Walton) ស្ថាបនិក​ក្រុមហ៊ុន Walmart ដែល​ជា​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។ ក្រុមហ៊ុន​ដែល​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​អា​កាន​សាស់ (Arkansas) មួយ​នេះ បាន​ឈរ​នៅ​លើ​កំពូល​តារាង Fortune 500 នៃ​ក្រុមហ៊ុន​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក សម្រាប់​រយៈពេល​១២​ឆ្នាំ​ជាប់​ៗ​គ្នា ជាមួយនឹង​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​រហូត​ដល់ ៦៤៨​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២៤៕ (​ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ