ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គ្រោង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទូ​ទាំង​ប្រទេស​ជិត​១២​ដុល្លារ​ក្នុង​១​ថ្ងៃ ចាប់ពី​ខែ​ក្រោយ

1 អាទិត្យ មុន

ទីក្រុង​បាងកក ៖ ប្រទេស​ថៃ​គ្រោង​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទូ​ទាំង​ប្រទេស​រហូត​ដល់​៤០០​បាត ដែល​ស្មើនឹង ១១,៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៤ តទៅ​។ បើ​ទោះបីជា​មានការ​ព្រួយបារម្ភ​ថា…

ទីក្រុង​បាងកក ៖ ប្រទេស​ថៃ​គ្រោង​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទូ​ទាំង​ប្រទេស​រហូត​ដល់​៤០០​បាត ដែល​ស្មើនឹង ១១,៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៤ តទៅ​។ បើ​ទោះបីជា​មានការ​ព្រួយបារម្ភ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អាជីវកម្ម​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្តិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤​។

លោក ភី​ផាត រ៉ា​ឃី​ត​ប្រា​កាន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ បាន​បញ្ជាក់​អំពី​គម្រោង​ដំឡើង​ប្រាក់​ឈ្នួល​នេះ បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយនឹង​ប្រតិបត្តិ​ករ​អាជីវកម្ម និង​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អនុ​គណៈកម្មាធិការ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​ការងារ​ផ្ទាល់​។ ហើយ​ជា​លទ្ធផល​ក្រសួង​បាន​សម្រេច​បន្ត​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទូ​ទាំង​ប្រទេស​តាម​ការ​កំណត់​។ ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​ជាមួយនឹង​ការិយាល័យ​សន្តិសុខ​សង្គម​ថៃ​បាន​រក​ឃើញ​ថា នៅ​ពេល​ដែល​ក្រសួង​ការងារ​ប្រកាស​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ៤០០​បាត គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​គួរ​អនុវត្ត​ចំពោះ​ក្រុមហ៊ុន ឬ​រោងចក្រ​ដែល​មាន​កម្មករ​យ៉ាងតិច​២០០​នាក់​។

លោក ភី​ផាត បាន​បន្ត​ទៀត​ថា ការិយាល័យ​សន្តិសុខ​សង្គម​ថៃ នឹង​អនុម័ត​វិធានការ​ផ្តល់​សំណង​ដល់​អាជីវកម្ម​ដែល​មាន​និយោជិត​ជាង​២០០​នាក់ ដោយ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ការ​បញ្ចុះតម្លៃ ១% លើ​ការ​រួមចំណែក​របស់​ពួក​គេ​ទៅ​ក្នុង​មូលនិធិ​សន្តិសុខ​សង្គម ចាប់ពី​ខែ​ក្រោយ​រហូត​ដល់​ខែកញ្ញា ឆ្នាំ ២០២៥​។

យ៉ាងណាមិញ លោក ភី​ផាត បាន​គូសបញ្ជាក់​ថា សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មាន​បុគ្គលិក​តិច​ជាង​២០០​នាក់ នឹង​មិន​ត្រូវ​បាន​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​ជួយ​ដល់​ក្រុមហ៊ុន​ខ្នាត​តូច​ទាំងនេះ រហូត​ដល់​សេដ្ឋកិច្ច​ប្រទេស​ថៃ​ងើបឡើង​វិញ​។

លើស​ពី​នេះ លោក​ក៏​បាន​បង្ហាញ​ពី​លទ្ធភាព​នៃ​ការ​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ការ​ផ្តល់​ឥណទាន ដែល​មានការ​ប្រាក់​ទាប​ទៅ​ដល់​បណ្តា​ក្រុមហ៊ុន ដើម្បី​ជួយ​រក្សា​សាច់ប្រាក់ និង​លំហូរ​សាច់ប្រាក់​របស់​អាជីវកម្ម​ពួក​គេ បន្ទាប់​ពី​ការ​ដំឡើង​ប្រាក់​ឈ្មួ​ល​ចូល​ជា​ធរមាន​។ ជាង​នេះ​ទៅ​ទៀត លោក​បាន​បន្ថែម​ចុង​ក្រោយ​ថា​នឹង​មាន​វិធានការ​ផ្តល់​ការ​បញ្ចុះតម្លៃ​ពន្ធ សម្រាប់​បណ្តា​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​កម្មករ​-​កម្មការិនី​៕ (ប្រភព ៖ បាងកក​ប៉ុស្តិ៍ និង VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ