ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ រដ្ឋាភិបាល​ថៃ​គួរ​ប្រយ័ត្ន​ពី​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ផលិតផល និង​ការ​វិនិយោគ​ចិន

3 អាទិត្យ មុន

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ កំពុង​ត្រូវ​បាន​ជំរុញ​ឱ្យ​ដោះស្រាយ​ជា​បន្ទាន់ ចំពោះ​កង្វល់​ជុំវិញ​បញ្ហា​ផលិតផល និង​ការ​វិនិយោគ​របស់​ប្រទេស​ចិន ដែល​បង្ក​ការ​គំរាមកំហែង​ដល់​ប្រជាជន​ថៃ មុន​ពេល​បញ្ហា​នេះ​កាន់តែ​អាក្រក់ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​។…

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ កំពុង​ត្រូវ​បាន​ជំរុញ​ឱ្យ​ដោះស្រាយ​ជា​បន្ទាន់ ចំពោះ​កង្វល់​ជុំវិញ​បញ្ហា​ផលិតផល និង​ការ​វិនិយោគ​របស់​ប្រទេស​ចិន ដែល​បង្ក​ការ​គំរាមកំហែង​ដល់​ប្រជាជន​ថៃ មុន​ពេល​បញ្ហា​នេះ​កាន់តែ​អាក្រក់ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្តិ៍ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤​។

លោក សោម​ផ​ប ម៉ា​ណា​រ៉ុ​ង​សាន (Sompop Manarungsan) ប្រធាន​វិទ្យាស្ថាន​គ្រប់គ្រង​បញ្ញា​​ភី​វ៉ា​ត់ (Panyapiwat Institute of Management) និង​ជា​អ្នកឯកទេស​ខាង​សេដ្ឋកិច្ច​ចិន និង​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា ប្រទេស​ថៃ និង​ចិន គួរតែ​សហការ​គ្នា ដើម្បី​បង្កើត​គំរូ​ពាណិជ្ជកម្ម​ឈ្នះ​ៗ​។

លោក​ថ្លែង​ថា «​អារម្មណ៍​អវិជ្ជមាន​បាន​និង​កំពុង​កើនឡើង ដែល​សូ​ម្បី​តែ​យីហោ​សាច់​មាន់​បំពង​របស់​ចិន ដែល​ទើប​បង្កើត​សិទ្ធិ​ផ្តាច់មុខ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ការ​គំរាមកំហែង​ដល់​អាជីព​កម្ម​ក្នុងស្រុក​ដែរ​។ តាម​ពិត​មាន​ភោជនីយដ្ឋាន​ជប៉ុន និង​កូរ៉េ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ហាង​មាន់​បំពង​របស់​ចិន​មាន​តិចតួច​»​។

លោក​បន្ត​ថា «​បើ​ការ​យល់​ឃើញ និង​អាកប្បកិរិយា​ចំពោះ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​របស់​ចិន មិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស​ទេ វា​អាច​នាំ​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​រឿង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ដែល​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​ការ​នាំ​ចេញ និង​ទេសចរណ៍​របស់​ប្រទេស​ថៃ​»​។

លោក​ទទួលស្គាល់​ថា ការ​វិនិយោគ​របស់​ចិន និង​ការ​ហូរ​ចូល​នៃ​ផលិតផល​ចិន​ក្នុង​ទីផ្សារ​ថៃ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន​លើ​អាជីវកម្ម​ក្នុងស្រុក ប៉ុន្តែ​លោក​សម្គាល់ថា ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​ចិន​មាន​អត្ថប្រយោជន៍ និង​គុណវិបត្តិ ដោយសារ​រោងចក្រ​ភាគច្រើន​ក្នុង​ប្រទេស​ថៃ ប្រើប្រាស់​សមាសធាតុ​ដែល​មាន​តម្លៃ​ទាប ឬ​វត្ថុធាតុដើម​ពី​ចិន​។ ដូច្នេះ​រដ្ឋាភិបាល​ចិន និង​ថៃ ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់ និង​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ឆាប់រហ័ស គឺជា​ការ​ស្វែងរក​គំរូ​ឈ្នះ​ៗ​សម្រាប់​ប្រទេស​ទាំង​ពីរ​។

ប្រទេស​ថៃ​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ជាមួយនឹង​ប្រទេស​ចិន​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ភាគច្រើន​បាន​មក​ពី​ការ​នាំ​ចូល​វត្ថុធាតុដើម និង​ទំនិញ​កម្រិត​មធ្យម ខណៈ​ដែល​ការ​នាំ​ចូល​ផលិតផល​សម្រេច​ពី​ប្រទេស​ចិន​មាន​កម្រិត​ទាប​នៅឡើយ​។ ទាក់ទង​នឹង​ឧស្សាហកម្ម​រថយន្ត និង​ការ​ប្រកួតប្រជែង​ពី​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន​នៅ​ក្នុង​ប្រទេស​ថៃ លោក សោម​ផ​ប លើក​ឡើង​ថា រថយន្ត​អគ្គិសនី និង​រថយន្ត​សាំង មិន​ប្រកួតប្រជែង​ដោយ​ផ្ទាល់​នៅ​ក្នុង​ទីផ្សារ​តែ​មួយ​នោះ​ទេ​។

ណាមួយ​ទីផ្សារ​នៃ​រថយន្ត​អគ្គិសនី នៅ​តែ​មាន​ទំហំ​តូច​ជាង​ទីផ្សារ​រថយន្ត​សាំង​។ ត្រង់​ចំណុច​នេះ លោក​លើក​ឡើង​ថា «​រដ្ឋាភិបាល​ថៃ​គួរ​សិក្សា​ពី​រចនាសម្ព័ន្ធ​ឧបត្ថម្ភ​ធន​របស់​ប្រទេស​ផ្សេង​ៗ ដើម្បី​វាយតម្លៃ​ពី​របៀប​ដែល​ការ​ឧបត្ថម្ភ​អាច​លើក​ទីផ្សារ​រថយន្ត​អគ្គិសនី ប៉ុន្តែ​មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​លើ​ទីផ្សារ​រថយន្ត​សាំង​។

ទីផ្សារ​ពិភពលោក​ស្ថិត​ក្នុង​ដំណាក់កាល​អន្តរកាល ដោយសារ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​បាន​ដាក់​របាំង​ពាណិជ្ជកម្ម​លើ​ប្រទេស​ចិន ដែល​នាំ​ឱ្យ​មានការ​ថយ​ចុះ​នៃ​ការ​នាំ​ចេញ​របស់​ចិន​ទៅ​កាន់​ប្រទេស​ទាំងនោះ រួម​ទាំង​សហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង ជប៉ុន និង​អឺរ៉ុប ដែល​ច្រើន​ជាង ១០% ជា​រៀង​រាល់​ឆ្នាំ​។

លោក សោម​ផ​ប ថា ប្រទេស​ចិន​មិន​ទាន់​កាត់​បន្ថយ​សមត្ថភាព​ផលិត​របស់​ខ្លួន​នៅឡើយ​ទេ ដែល​បណ្តាល​ឱ្យ​មាន​អតិរេក​នៃ​ទំនិញ​របស់​ចិន​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ នៅ​ពេល​អនាគត ប្រទេស​ចិន​ប្រហែលជា​ត្រូវ​កាត់​បន្ថយ​ការ​ផលិត​របស់​ខ្លួន ឬ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម ហើយ​អំឡុង​ពេល​ការ​ផ្លាស់​ប្តូរ​នេះ ដំណើរការ​ត្រូវ​តែ​ដោះស្រាយ​យ៉ាង​ប្រុង​ប្រយ័ត្ន​តាម​រយៈ​ការ​គ្រប់គ្រង​ការ​ផ្លាស់​ប្តូរ​៕ (​ប្រភព ៖ បាងកក​ប៉ុស្តិ៍​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ