ជឿឬទេថា ទម្លាប់ផ្ទាល់ខ្លួនគឺជាកត្តាមួយដែលអាចកំណត់ភាពជោគជ័យ ឬបរាជ័យក្នុងជីវិតបាន មនុស្សខ្លះខ្លាចការខុសឆ្គងនឹងការផ្លាស់ប្តូរ ។ បើពិចារណាពីបុគ្គលទទួលបានជោគជ័យហើយ គឺពួកគេមិនងាយនឹងចុះចាញ់ឡើយ ប៉ុន្តែរៀនសូត្រពីកំហុសឆ្គងក្នុងអតីតកាលទុកជាមេរៀននាពេលបច្ចុប្បន្ន ។
នេះជាទម្លាប់៥យ៉ាងដែលនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សបរាជ័យក្នុងជីវិត ៖
១-រង់ចាំពីមួយថ្ងៃទៅមួយថ្ងៃ ៖
ប្រសិនបើអ្នកបានដាក់ផែនការក្នុងជីវិត ឬផែនការបំពេញការងារ ប៉ុន្តែមិនអាចធ្វើតាមផែនការនោះបាន ដោយសារតែអ្នកចូលចិត្តទុកពីមួយថ្ងៃទៅមួយថ្ងៃ ឬគិតថា «ទុកធ្វើបណ្តើរៗ» ឬ «ស្អែកនេះ ក៏មិនយឺតពេលដែរ» រហូតដល់ក្លាយជាទម្លាប់នោះ និងធ្វើឱ្យអ្នកក្លាយជាមនុស្សយឺតយ៉ាវ និងខ្វះកម្លាំងជំរុញចិត្តក្នុងការបំពេញការងារ ។
ដំណោះស្រាយ ៖ ក្នុងការដាក់ផែនការម្តងៗ មិនគួរគិតបែបបណ្តែតៗឡើយ គឺគួរតែកំណត់ឱ្យច្បាស់លាស់ទាំងថ្ងៃ និងពេលវេលា ហើយកំណត់លទ្ធផលនិងផែនការបន្ទាន់ដែលរំពឹងថា នឹងទទួលបាន បើការងារនោះមិនដំណើរការតាមផែនការកំណត់ទុក ។ នៅពេលធ្វើបែបនេះជាញឹកញាប់នឹងជួយឱ្យអ្នកអាចធ្វើតាមផែនការរបស់ខ្លួនដោយងាយឡើង ។
២-ខ្លាចការផ្លាស់ប្តូរថ្មីៗ ៖
ជាទម្លាប់ដំបូងដែលគួរតែកម្ចាត់វាចេញ ព្រោះការបានសាកល្បងធ្វើអ្វីថ្មីៗ គឺជាផ្លូវដែលធ្វើឱ្យយើងក្លាហានដើរទៅមុខទៀតយ៉ាងឆាប់រហ័ស ។ មនុស្សជាច្រើនចូលចិត្តខ្លាចរឿងដែលមិនទាន់មកដល់ រហូតធ្វើឱ្យពួកគេមិនហ៊ានធ្វើអ្វីថ្មីៗ ព្រោះខ្លាចថា «អាចនឹងខុស» ។
ដំណោះស្រាយ ៖ ផ្លាស់ប្តូរ «ភាពភ័យខ្លាច» ឲ្យទៅជា «ភាពក្លាហាន» ដូចពាក្យលើកឡើងថា “Sometimes you just have to jump off the cliff and build your wings on the way down.” ដែលពេលខ្លះយើងត្រូវតែក្លាហានប្រឈមជាមួយនឹងបញ្ហា ។
៣-ព្រមចុះចាញ់ងាយពេក ៖
មនុស្សមួយចំនួនសួរខ្លួនឯងថា ហេតុអ្វីបានជាទៅមិនដល់គោលដៅ ? សាកល្បងត្រឡប់មកសួរខ្លួនឯងម្តងទៀតថា យើងព្រមចុះចាញ់ងាយឬទេ ? អ្នកមួយចំនួនយល់ព្រមចុះចាញ់តាំងតែមិនទាន់បានចាប់ផ្តើមព្យាយាម ។ បើអ្នកមានទម្លាប់បែបនេះ ទោះបីជាអ្នកបង្កើតគោលដៅថ្មីរាប់រយដងទៀត ក៏គ្មានថ្ងៃនឹងទៅដល់ដែរ ។
ដំណោះស្រាយ ៖ ចូរផ្លាស់ប្តូរខ្លួនឯងឱ្យក្លាយជាមនុស្សមិនព្រមចុះចាញ់ មានការតាំងចិត្តខ្ពស់ និងមិនធ្វើខ្លួនទន់ជ្រាយទៅតាមការញុះញង់ដោយយល់ព្រមលំបាកហត់នឿយដើម្បីឱ្យបានអ្វីដែលជាតម្រូវការ ។
៤-ចូលចិត្តដោះសា ៖
ចាត់ទុកជាទម្លាប់ដែលមិនគួរមានជាប់ខ្លួននោះទេ ដោយការយករួចខ្លួនហើយឆ្លើយដាក់កំហុសទៅលើអ្នកដទៃ ឬអាងនេះអាងនោះដើម្បីលាក់បាំងកំហុសឆ្គងឱ្យចេញពីខ្លួន ។
ដំណោះស្រាយ ៖ កែតម្រង់ឥរិយាបថជាថ្មី កុំខ្លាចបាក់មុខបើសិនជាត្រូវទទួលកំហុស ប៉ុន្តែចូរព្រមទទួលកំហុសនោះដោយក្លាហាន និងត្រៀមខ្លួនដោះស្រាយជាថ្មីឱ្យបានល្អឡើង ។
៥-ខ្វះទំនុកចិត្តលើខ្លួនឯង ៖
នឹងមានប្រយោជន៍អ្វី បើសិនជាអ្នកកែតម្រង់ទម្លាប់ទាំង៤ខាងលើរហូតដល់អស់ ហើយចុងក្រោយបែរជាមិនជឿជាក់លើខ្លួនឯងអាចធ្វើបាន ជាពិសេសបំផុត ក្នុងស្ថានការណ៍ដែលត្រូវសម្រេចចិត្ត ប៉ុន្តែអ្នកបែរជាមិនទុកចិត្តខ្លួនឯងថា នឹងធ្វើបានល្អ ខណៈអ្នកខ្វះទំនុកចិត្តនោះ ។
ដំណោះស្រាយ ៖ ព្យាយាមគិតដល់ចំណុចល្អរបស់ខ្លួន ឬអ្វីដែលអ្នកធ្លាប់បានធ្វើក្នុងអតីតកាលហើយជោគជ័យ ដោយទទួលបានការកោតសរសើរពីអ្នកដទៃ វានឹងជួយបង្កើនទំនុកចិត្តដល់យើងឡើងមក ។ ទោះជាយ៉ាងណា បើអ្នកគិតថា សមត្ថភាពផ្នែកណាដែលអ្នកគ្មានទំនុកចិត្ត គឺគួរតែរៀនសូត្របន្ថែមទៀតដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯងខ្លាំងឡើង ៕
ចែករំលែកព័តមាននេះ