ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីរាប់រយនាក់មកពីតាមបណ្តាភូមិចំនួន៧ ក្នុងនោះមានដូចជា ភូមិធ្នង់, ទួលថ្មី, ក្បាលអូរ, ទេពនិម្មិត, វាលឃ្មុំ, វាលទឹកចេញ និងភូមិទំនប់សែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ នាំគ្នាមកកាន់កាប់ដីរបស់ក្រុមហ៊ុនសុភក្តិនីកា អ៊ិនសេសមេន គ្រុប ខូអិលធីឌី ដែលបានទទួលសិទ្ធិដាំដុះដំណាំកៅស៊ូ ត្រង់ចំណុចដីឡូត៏លេខ 4.16ABCD, 4.17ABCD និងតាមបណ្តាដីឡូត៍ផ្សេងៗទៀតត្រង់ចំណុចភូមិសាស្ត្រភូមិទួលថ្មី ឃុំគរ ដោយមានបោះតង់ និងបង្គោល រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបានអាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចជាច្រើននាក់មកប្រជុំរកដំណោះស្រាយដើម្បីឲ្យប្រជាពលរដ្ឋចាកចេញ តែមិនទទួលបានជោគជ័យនោះទេ ។
ប្រជាពលរដ្ឋឈ្មោះ ប៉ិល ប៉ូ ភេទប្រុស អាយុ៥៥ឆ្នាំ មកពីភូមិក្បាលអូរ ប្រាប់ឲ្យដឹងថា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩មក រូបគាត់បានប្រឹងប្រែងកាប់រានដីនេះមានទំហំ២ហិកតា ដើម្បីដាំស្រូវ សណ្តែក ព្រមទាំងដំណាំផ្សេងៗទៀតសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ តែក្រោយមកត្រូវបានអាជ្ញាធរស្រុកដកហូតយកទៅដាំដំណាំកៅស៊ូ ។ គាត់មកព្រឹកនេះ ដើម្បីស្តាប់ការណែនាំរបស់អាជ្ញាធរ ក្រែងគេមានចិត្តប្រណីសណ្តោសបានឲ្យដីមកវិញ បើមិនឲ្យក៏មិនដឹងថាអីដែរ ។
ប្រជាពលរដ្ឋនិយាយថា ដីតំបន់នេះកាលពីមុនសំបូរទៅដោយព្រៃ មានសត្វព្រៃតូចធំ ប្រសិនណាបើចង់ធ្វើដំណើរឆ្លងកាត់មានគ្នា២នាក់នោះ មិនហ៊ានដើរឡើយ ទាល់តែមានគ្នាចាប់ពី១០នាក់ឡើង ដោយសារតែជីវភាពខ្វះខាតទើបប្រជាពលរដ្ឋនាំគ្នាកាប់ទន្ទ្រានដីដើម្បីដាំដំណាំទ្រទ្រង់ជីវភាពគ្រួសារ បានតែប៉ុន្មានឆ្នាំប៉ុណ្ណោះស្រាប់តែត្រូវបានអាជ្ញាធរមកសុំឲ្យប្រជាពលរដ្ឋផ្តិតមេដៃគ្រប់ៗគ្នាថា យកទៅធ្វើប្លង់ដីឲ្យ លុះពេលដែលទៅដល់សាលាស្រុកក្នុងអំឡុងឆ្នាំ១៩៩៦ បែរជាគេថា ផ្តិតមេដៃឲ្យដីដាំកៅស៊ូទៅវិញ ធ្វើឲ្យម្នាក់ៗស្រកាំង និងនិយាយលែងចេញ ។ ចំពោះសកម្មភាពខាងលើនោះមិនមានមេខ្យល់ណានាំធ្វើនោះទេ គឺប្រជាពលរដ្ឋម្នាក់ៗ បានមកចូលកាន់កាប់ដី ស្រាប់តែអាជ្ញាធរចុះមកដោះស្រាយឲ្យពួកគាត់ចេញទៅវិញ ។
ប្រជាពលរដ្ឋឈ្មោះ ស្លេះ អ៊ែលសះ ភេទស្រី ជនជាតិខ្មែរអ៊ិស្លាម នៅភូមិទួលថ្មី ប្រាប់ថា កាលពីមុនគាត់មានដីទំហំ១ហិកតា ដាំស្រូវ សណ្តែក ដោយបានបង្កបង្កើនផលបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ត្រូវបានអាជ្ញាធរមកឲ្យប្រជាពលរដ្ឋផ្តិតមេដៃប្រាប់ថា ធ្វើប្លង់ឲ្យ តែក្រោយមកបែរជាដកហូតយកដីទៅដាំកៅស៊ូទៅវិញ ។ ហើយមកដល់ឆ្នាំ២០១៦ ដើមកៅស៊ូចោលអស់រាប់រយហិកតា និងល្បីថា គេបម្រុងងដាំស្វាយចន្ទី ទើបអ្នកភូមិរាប់រយនាក់នាំគ្នាមកតវ៉ា ដើម្បីសុំដីដែលធ្លាប់កាន់កាប់មកវិញ ប្រសិនបើអាជ្ញាធរមិនឲ្យទាំងអស់ទេ បានតែ២៥ម៉ែត្រគុណ៥០ម៉ែត្រក៏បានសម្រាប់ធ្វើផ្ទះនៅ ។
លោក កេង ប៊ុនណា អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា បងប្អូនដែលនាំគ្នាមកវាស់ដីនេះ គឺជាដីរបស់រដ្ឋទេ ។ ជាមួយគ្នានោះដែរលោកទទួលស្គាល់ថាជាដីដែលប្រជាពលរដ្ឋធ្លាប់បានបង្កបង្កើនផលក្នុងឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៤ទៅតាមទំហំដីនីមួយៗ តែចាប់ពីឆ្នាំ១៩៨៦ ដល់បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយរដ្ឋ ហើយរដ្ឋបានប្រគល់ដីទាំងនោះទៅឲ្យក្រុមហ៊ុនចំការកៅស៊ូជប់ ដើម្បីដាំដំណាំកៅស៊ូ ហើយចាប់ពីឆ្នាំ១៩៩១មកទើបមានការបែងចែកដីធ្លីទៅតាមគោលនយោបាយជូនពលរដ្ឋនោះ ។
លោក ធួន ជេដ្ឋា ប្រធានមន្ទីរសុរិយោដីខេត្តត្បូងឃ្មុំ បានពន្យល់ថា ចំពោះដីដែលពាក់ព័ន្ធខាងលើមានទំហំប្រមាណជិត៣០០ហិកតា ដែលប្រជាពលរដ្ឋមកពីតាមបណ្តាភូមិនានាចូលកាន់កាប់នោះ តាមពិតគឺជាដីរបស់រដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ។ ដោយក្រុមហ៊ុនបានទទួលសិទ្ធិនិវិយោគដាំដំណាំកសិឧស្សាហកម្មដែលមានរយៈពេលវែង និងបានបង់កម្រៃជូនរដ្ឋទៅតាមឆ្នាំផងដែរ ។
ចំណែកលោក ហាក់ សុខមករា អភិបាលរងខេត្តវិញ មានប្រសាសន៍ឲ្យដឹងដែរថា ក្រុមការងាររបស់លោកដែលបានចុះមកនៅព្រឹកថ្ងៃទី២២ ខែមករានេះ មិនមែនក្រុមហ៊ុនជាអ្នកហៅមកនោះទេ គឺជាភារកិច្ចរបស់លោកតែម្តង ត្រូវធ្វើអ្វីៗទៅតាមនីតិវិធី ព្រោះប្រទេសកម្ពុជាមានច្បាប់ ។ យោងតាមលិខិតជូនដំណឹងរបស់អាជ្ញាធរស្រុក សូមឲ្យប្រជាពលរដ្ឋដែលកំពុងតែរំលោភទន្ទ្រាន កាន់កាប់ដោយខុសច្បាប់លើដីទាំងនេះ បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ត្រូវរុះរើបង្គោលព្រំដី ជម្រកស្នាក់នៅបណ្តោះអាសន្ន(តង់) ដែលបានបោះ និងសាងសង់ ចាប់ពីថ្ងៃជូនដំណឹង ថ្ងៃទី២២ មករា ២០១៧ រហូតដល់ថ្ងៃទី២៣ មករា ២០១៧ជាកំហិត ។ បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ច និងចាត់ការអនុវត្តទៅតាមច្បាប់ជាធរមាន និងមិនទទួលការខុសត្រូវលើការខូចខាត ឬឧប្បទ្ទវហេតុណាមួយដែលកើតមានពីការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ចនោះឡើយ ៕
ចែករំលែកព័តមាននេះ