តាមការស្ទង់មតិសាធារណៈមួយបានបង្ហាញថា យុវជនជាតិអាមេរិក៤នាក់ មាន៣នាក់ប្រើប្រាស់ទូរស័ព្ទឆ្លាតវៃដែលធ្វើឲ្យមានកំណើនផ្នែកសេវាកម្មអីុនធើរណែត ។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញទិន្នន័យស្ទង់មតិថា ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទវៃឆ្លាតក្នុងឆ្នាំ២០១៦កន្លងទៅនេះ មានចំនួន៧៧% កើនឡើងពី៣៥%នៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទវៃឆ្លាតនៅឆ្នាំ២០១១ ។ មូលហេតុនៃការកើនឡើងយ៉ាងច្រើនបែបនេះបណ្តាលមកពីអ្នកប្រើប្រាស់ទូរស័ព្ទវៃឆ្លាតរបស់អ្នកដែលមានចំណូលទាប និង អ្នកដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅមានការកើនឡើង ។
លោកAaron Smith អ្នកស្រាវជ្រាវមកពីPew បាននិយាយថា សម្រាប់យុវជនប្រើទូរស័ព្ទវៃឆ្លាតមានស្ទើរគ្រប់ទីកន្លែង មានន័យថា អ្នកដែលមានអាយុក្រោម២៩ឆ្នាំ មាន៩២% មានទូរស័ព្ទវៃឆ្លាតប្រើប្រាស់ក្នុងដៃ ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺប្រជាជនអាមេរិកដែលមានវ័យចាប់ពី៥០ឆ្នាំឡើង ៤នាក់ មាន៣នាក់ប្រើប្រាស់ទូរស័ព្ទវៃឆ្លាត។ ជាងនេះទៅទៀតអ្នកដែលមានវ័យចាប់ពី៥០ឡើងទៅក៏ជាអ្នកប្រើប្រាស់ទូរស័ព្ទទំនើបដែរ តួយ៉ាងអ្នកដែលមានវ័យចាប់ពី៦៥ឆ្នាំឡើងទៅ១០នាក់ មាន៤នាក់ប្រើប្រាស់ទូរស័ព្ទទំនើប ។
កត្តាមួយទៀតដែលគួរឲ្យកត់សម្គាល់ដែរថា យុវជនរស់នៅក្នុងជីវភាពដែលមានប្រាក់ចំណូលទាបក៏ប្រើប្រាស់ទូរស័ព្ទទំនើបដែរ ឬយើងអាចនិយាយបានថា អ្នកដែលមានប្រាក់ចំណូលទាបជាង៣០.០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំប្រមាណ៦៤ភាគរយមានទូរស័ព្ទទំនើបប្រើប្រាស់។
ចំណែកអ្នកដែលប្រើប្រាស់ក្តារចុចឆ្លាតវៃអាយផេតវិញ មានចំនួន៥១%នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ គឺមានការកើនឡើងយ៉ាងខ្លាំង ព្រោះនៅឆ្នាំ២០១០ចំនួនអ្នកដែលប្រើប្រាស់ក្តារចុចឆ្លាតវៃមានត្រឹមតែ៣%នោះ ។
ជាងនេះទៅទៀតតាមការស្ទង់មតិក៏មានការកើនឡើងនូវតម្រូវការប្រើប្រាស់អីុនធើរណែតល្បឿនលឿនខ្ពស់ណាស់ដែរនៅតាមផ្ទះរបស់ប្រជាជនអាមេរិក ។ ក្នុងចំនោម៧៣%នៃប្រជាជនអាមេរិកបានប្រាប់ថា ខ្លួនមានប្រើប្រាស់សេវាអីុនធើរណែតនៅក្នុងផ្ទះគេផងដែរ ។
តាមការស្រាវជ្រាវបង្ហាញថា ប្រជាជនអាមេរិកប្រមាណ៨៨%ភ្ជាប់សេវាកម្មអីុនធើរណែតនៅផ្ទះ និងមានប្រជាជនអាមេរិកប្រមាណ១២%ទៀត ប្រើប្រាស់អីុនធើរណែតតាមរយៈទូរស័ព្ទរបស់គេដោយឯករាជ្យ ។ Pew បានរកឃើញថា ប្រជាជនអាមេរិក៦៩%ប្រើប្រាស់ បណ្តាញសង្គមដែលមាន Facebook ជាបណ្តាញសង្គមនាំមុនលើអ្នកប្រើប្រាស់វា ។ ក្នុងនោះអ្នកប្រើប្រាស់ Facebook មានចំនួន៦៨% អ្នកប្រើប្រាស់ Instagram មានចំនួន២៨% អ្នកប្រើប្រាស់ Pinterest មានចំនួន២៦% និងអ្នកប្រើប្រាស់ Twitter មានចំនួនន២១%៕
ចែករំលែកព័តមាននេះ