ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយរណបធ្វើពីឈើដំបូងបង្អស់លើលោក ផលិតដោយជប៉ុន គ្រោងបា.ញ់បង្ហោះនៅឆ្នាំនេះ

4 ខែ មុន

ប្រទេសជប៉ុន ៖ ផ្កាយរណប ឬ Satellite ធ្វើអំពីឈើដំបូងបង្អស់នៅលើពិភពលោក ត្រូវបានផលិត

ប្រទេសជប៉ុន ៖ ផ្កាយរណប ឬ Satellite ធ្វើអំពីឈើដំបូងបង្អស់នៅលើពិភពលោក ត្រូវបានផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន ដែលនឹងត្រូវបាញ់បង្ហោះដោយរ៉ុក្កែតក្រុមហ៊ុន SpaceX របស់សហរដ្ឋអាមេរិក នាខែកញ្ញា ខាងមុខ។

ផ្កាយរណបធ្វើពីឈើដំបូងបង្អស់លើពិភពលោក ដែលមានឈ្មោះថា LignoSat គឺជាគូបតូចទំហំ ១០សង់ទីម៉ែត្រធ្វើពីបន្ទះឈើ Magnolia មានកម្រាស់ ៤ ទៅ ៥.៥មីលីម៉ែត្រ ដែលមានទម្ងន់ប្រហែល ១គីឡូក្រាមប៉ុណ្ណោះ ជាមួយស៊ុមមួយផ្នែកផលិតចេញពីអាលុយមីញ៉ូម ភ្ជាប់ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅផ្នែកខ្លះ។

ប្រភពពីសារព័ត៌មានជប៉ុន ក្យូដូ (Kyodo News) កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ បានឱ្យដឹងថា ផ្នែកនីមួយៗនៃផ្កាយរណបពិសោធន៍ ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ ក្យូតូ (Kyoto University) រួមជាមួយនឹងក្រុមហ៊ុនកាប់ និងកែច្នៃឈើ Sumitomo Forestry Co. នេះ គឺមានគោលបំណងប្រើប្រាស់ការផ្សារភ្ជាប់ជាមួយបរិស្ថាន និង​ដោះស្រាយ​កង្វល់ ដែល​កំពុង​កើនឡើង​នៃ​កម្ទេចកម្ទី​អវកាស ក៏​ដូច​ជា​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព​បន្ថែម​ទៀត នៅ​ក្នុង​ការ​អភិវឌ្ឍ​លំហ​។

ផ្កាយរណបធ្វើពីឈើត្រូវបានមើលឃើញថា មានភាពល្អប្រសើរសម្រាប់បរិស្ថាន នៅពេលឆេះ អំឡុងពេលត្រឡប់ចូលបរិយាកាសផែនដីវិញ នៅចុងបញ្ចប់នៃប្រតិបត្តិការរបស់វា។ បើប្រៀបធៀបទៅនឹងផ្កាយរណបធម្មតាធ្វើពីលោហធាតុ អាចបង្កើតភាគល្អិតអាលុយមីញ៉ូម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាកាសធាតុ ទូរគមនាគមន៍ និងទំនាក់ទំនងផ្សេងទៀត។

នេះបើតាមការអះអាងពីក្រុមអ្នកអភិវឌ្ឍ នៅពេលប្រកាសបញ្ចប់ដំណើរការផលិតផ្កាយរណបនេះ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ លោក Takao Doi អវកាសយានិក និងជាសាស្ត្រាចារ្យពិសេសនៃសកលវិទ្យាល័យ ក្យូតូ បានប្រាប់សន្និសីទសារព័ត៌មានថា «ផ្កាយរណបមិនធ្វើពីលោហៈ គួរតែក្លាយជាធាតុដ៏សំខាន់»។

ប្រភពដដែលបន្តថា ក្រុមអ្នកអភិវឌ្ឍគ្រោងនឹងប្រគល់ផ្កាយរណបផលិតពីឈើនេះ ទៅទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA នៅសប្តាហ៍ក្រោយ។ នៅពីទីនោះ ផ្កាយរណប LignoSat នឹងត្រូវបានឆ្លងកាត់ម៉ូឌុលពិសោធន៍ ISS របស់ជប៉ុន ដើម្បីសាកល្បងកម្លាំង និងភាពធន់ មុនពេលបញ្ជូនបន្តទៅកាន់ក្រុមហ៊ុន SpaceX ហើយនឹងត្រូវបាញ់បង្ហោះដោយរ៉ុក្កែតចេញពីមជ្ឈមណ្ឌលអវកាស Kennedy ដែលមានមូលដ្ឋានលើកោះ Merritt នៃរដ្ឋផ្លរីដា (Florida) នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ផងដែរ រ៉ុក្កែតដែលផ្ទុកផ្កាយរណបដ៏ទំនើបដាច់ដោយឡែកមួយៀផ្សេងទៀត ដែលជាកិច្ចសហការរវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA បានបាញ់ចេញពីរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងបេសកកម្មស៊ើបអង្កេតថា តើពពកមានតួនាទីអ្វីខ្លះ? នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕ (ប្រភព ៖ Kyodo News និង The Star)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ