ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ចាស់​មិន​ទាន់​ដោះស្រាយ​ផង​! TikTok ប្រឈម​ព្រន.ង់​ថ្មី​មួយទៀត នៅ​អា​មេ​រិ​ក

3 ខែ មុន

សហរដ្ឋអាមេរិក ៖ គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​អា​មេ​រិ​ក ហៅ​កាត់​ថា FTC បាន​បញ្ជូន​ពាក្យ

សហរដ្ឋអាមេរិក ៖ គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​អា​មេ​រិ​ក ហៅ​កាត់​ថា FTC បាន​បញ្ជូន​ពាក្យបណ្តឹង​ទៅ​នាយកដ្ឋាន​យុត្តិធម៌​អា​មេ​រិ​ក ហៅ​កាត់​ថា DOJ ប្រឆាំង​នឹង​កម្មវិធី TikTok ក៏​ដូច​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន ByteDance ដែល​ជា​ក្រុមហ៊ុនមេ​របស់​កម្មវិធី​នេះ ជុំវិញ​ការ​រំលោភសិទ្ធិ​ឯកជន​ភាព​កុមារ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា FTC បាន​អះអាង​ថា ការ​ស៊ើបអង្កេត​ផ្ទាល់​របស់​ខ្លួន បាន​រក​ឃើញ​ហេតុផល​ជឿ​ថា TikTok និង​ក្រុមហ៊ុនមេ​របស់​ខ្លួន កំពុង​បំពាន ឬ​ហៀបនឹង​បំពាន​ច្បាប់ ដែល​ពាក់ព័ន្ធ​ការ​រំលោភសិទ្ធិ​ឯកជន​ភាព​កុមារ​។ អ្នកនាំពាក្យ TikTok បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់ BBC ដោយ​លើក​ឡើង​ថា ពួក​គេ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេចចិត្ត​នេះ​។

និយតករ​អា​មេ​រិ​កបាន​អះអាង​ថា ការ​ស៊ើបអង្កេត​របស់​ខ្លួន ផ្តោត​លើ​ការ​រំលោភ​ដែល​អាច​កើត​មាន​តប​តាម​ច្បាប់​របស់ FTC និង​ច្បាប់​ការពារ​ឯកជន​ភាព​លើ​អ៊ីនធឺណិត​របស់​កុមារ COPPA ។ ជាក់ស្តែង ច្បាប់ COPPA សំដៅលើ​ការ​គ្រប់គ្រង​ការ​ប្រមូល ការ​ប្រើប្រាស់ និង​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដោយ​សេវាកម្ម​អន​ឡាញ​អំពី​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ​។ ចំណែកឯ​ច្បាប់ FTC កំណត់​គោលដៅ​លើ​ទ​ង្វើ និង​ការ​អនុវត្ត​មិន​យុត្តិធម៌ ឬ​ការ​បោក​បញ្ឆោត ដោយ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​។

ជា​ការ​ឆ្លើយ​តប អ្នកនាំពាក្យ TikTok បាន​លើក​ឡើង​ថា ក្រុមហ៊ុន​មិន​យល់​ស្រប​នឹង​ការ​ចោទប្រកាន់​នោះ​ទេ ដោយ​អះអាង​ថា ខ្លួន​បាន​ធ្វើការ​ជាមួយ FTC អស់​រយៈពេល​ជាង​១​ឆ្នាំ​រួច​មក​ហើយ ដើម្បី​ដោះស្រាយ​កង្វល់​ទាំងអស់​។

ពាក្យបណ្តឹង​នេះ គឺជា​ករណី​ដាច់​ដោយឡែក មិន​ជាប់​ទាក់ទង​ទៅ​នឹង​ច្បាប់​ដែល​បាន​អនុម័ត កាលពីដើម​ឆ្នាំ​នេះ ដើម្បី​បិទ​កម្មវិធី TikTok នៅ​សហរដ្ឋអាមេរិក ប្រសិនបើ​ក្រុមហ៊ុន ByteDance មិន​លក់​អាជីវកម្ម​កម្មវិធី​វី​ដេ​អូ​កម្សាន្ត​ដ៏​ពេញ​និយម​បំផុត នៅ​លើ​ពិភពលោក​មួយ​នេះ នៅ​ក្នុង​រយៈពេល​១២​ខែ គិត​ត្រឹម​ថ្ងៃ​ប្រកាស​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ