សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple មិនទាន់ប្រកាសចេញបង្ហាញស្មាតហ្វូនត្រកូល iPhone 16 គ្រប់ម៉ូដែលនៅឡើយទេ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែលេចចេញពាក្យចចាមអារ៉ាមមួយចំនួនរួចទៅហើយអំពីត្រកូល iPhone 17 ដែលទំនងជានឹងត្រូវដាក់បង្ហាញជាផ្លូវការ នៅខែកញ្ញា ឆ្នាំក្រោយ។
ជាក់ស្តែង ពាក្យចចាមអារ៉ាមមួយដ៏រសើបខ្លាំងជាទីបំផុតបានអះអាងថា ត្រកូល iPhone 17 គ្រប់ម៉ូដែល រួមមាន iPhone 17, iPhone 17 Slim, iPhone 17 Pro និង iPhone 17 Pro Max នឹងបំពាក់កាមេរ៉ាមុខទំហំរហូតដល់ ២៤មេហ្គាភិចសែលឯណោះ។ បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនត្រកូល iPhone 15 បច្ចុប្បន្នទាំង៤ម៉ូដែល ដែលបំពាក់កាមេរ៉ាមុខទំហំត្រឹមតែ ១២មេហ្គាភិចសែលប៉ុណ្ណោះ។ នេះបើយោងតាមការអះអាងរបស់លោក Jeff Pu អ្នកវិភាគរបស់គេហទំព័រ MacRumors។
ការវិភាគរបស់លោក Jeff Pu បានចែករំលែកតារាងមួយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយ សម្រាប់ធនាគារវិនិយោគ Haitong ដែលបានបង្ហាញថា ត្រកូល iPhone 17 គ្រប់ស៊េរីនឹងមានកាមេរ៉ាមុខទំហំ២៤មេហ្គាភិចសែល ជាមួយលេន 6P។ ការលើកឡើងនេះ ក៏មិនខុសពីការលើកឡើងរបស់លោក Ming-Chi Kuo ដែលជាអ្នកវិភាគដ៏មានប្រជាប្រិយ ដែលបានអះអាងដូចគ្នា កាលពីខែមករាកន្លងទៅ។
ប្រភពពី MacRumors និង GSM Arena បានឱ្យដឹងថា ស្មាតហ្វូនត្រកូល iPhone 16 ក៏មិនអន់នោះដែរ ដោយមកជាមួយនឹងការអភិវឌ្ឍថ្មីមិនធម្មតាផងដែរ ជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទំនើបចុងក្រោយ៕
ចែករំលែកព័តមាននេះ