ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nvidia ទ​មា្ល​ក់ Microsoft ក្លាយជា​ក្រុមហ៊ុន​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក

6 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Nvidia បាន​ទម្លាក់​ក្រុមហ៊ុន Microsoft ដើម្បី​ក្លាយជា​ក្រុមហ៊ុន​មាន​តម្លៃ​

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Nvidia បាន​ទម្លាក់​ក្រុមហ៊ុន Microsoft ដើម្បី​ក្លាយជា​ក្រុមហ៊ុន​មាន​តម្លៃ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​តម្លៃ​ភាគហ៊ុន​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNN ក៏​ដូច​ជា BBC បានឱ្យ​ដឹង​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Nvidia បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ក្នុង​តម្លៃ ១៣៨​ដុល្លារ​អា​មេ​រិ​ក ពោល​កើនឡើង ៣.៥% ដោយ​មាន​តម្លៃ​ថ្លៃ​ជាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​អា​មេ​រិ​ក Microsoft​។ នេះ​គឺជា​វិវត្តន៍​ដ៏​អស្ចារ្យ​បំផុត​របស់​ក្រុមហ៊ុន Nvidia ដែល​ទើបតែ​បាន​ទម្លាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​អា​មេ​រិ​ក Apple ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី ៣ កាលពីដើម​ខែមិថុនា​នេះ​។

Nvidia គឺជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​កុំព្យូទ័រ ដែល​ត្រូវការ​ចាំបាច់​សម្រាប់​កម្មវិធី​បញ្ញា​សិប្បនិម្មិត AI ហើយ​តម្រូវការ​សម្រាប់​ផលិតផល​របស់​ក្រុមហ៊ុន​នេះ បាន​ជំរុញ​ការ​លក់ និង​ប្រាក់​ចំណេញ​យ៉ាង​ខ្លាំង នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ស្រប​ពេល​វិនិយោគិន​ជា​ច្រើន​ជឿ​ថា ប្រាក់​ចំណូលរ​ក្រុមហ៊ុន Nvidia អាច​កើនឡើង​ច្រើន​ជាង​នេះ​ទៀត ហើយ​តម្លៃ​ភាគហ៊ុន​ក៏​កើនឡើង​កាន់តែ​ខ្ពស់​។

ឥឡូវនេះ តម្លៃ​របស់​ក្រុមហ៊ុន Nvidia កើន​ដល់ ៣.៣៤​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ ក្រោយ​ការ​ប្រមូលផ្តុំ​តម្លៃ​ភាគហ៊ុន កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​។ ស្រប​ពេល​ដែល​តម្លៃ​ក្រុមហ៊ុន Microsoft មាន​ចំនួន ៣.៣២​ទ្រី​លាន​ដុល្លារ ចំណែកឯ​តម្លៃ​ក្រុមហ៊ុន Apple មាន​ចំនួន ៣.២៧​ទ្រី​លាន​ដុល្លារ​។

តួលេខ​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​គ្មាន​ដែន​កំណត់​របស់​ក្រុមហ៊ុន Nvidia នៅ​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​ក្រុមហ៊ុន​អភិវឌ្ឍន៍ AI ខណៈ​ដែល​កាលពី​៨​ឆ្នាំ​មុន ភាគហ៊ុន​ក្រុមហ៊ុន​មួយ​នេះ មាន​តម្លៃ​តិច​ជាង ១% នៃ​តម្លៃ​បច្ចុប្បន្ន​។ ការ​ប្រកួតប្រជែង​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន Nvidia ដែល​គ្រប់គ្រង​ទីផ្សារ​បន្ទះ​ឈី​ប AI ភាគច្រើន ហើយ​តួលេខ​លក់ និង​ប្រាក់​ចំណេញ​បាន​កើន​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នកវិភាគ​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។

បន្ទះ​ឈី​ប​ទំនើប​របស់ Nvidia ពិបាក​នឹង​រក​គូ​ប្រៀបផ្ទឹម​បាន​ណាស់ ដោយ​បាន​ដើរតួ​យ៉ាង​សំខាន់​ដល់​ប្រព័ន្ធ​បញ្ញា​សិប្បនិមិត្ត AI រួម​ទាំង AI ជំនាន់​ថ្មី ដែល​ជា​បច្ចេកវិទ្យា​គាំទ្រ​ដល់​កម្មវិធី ChatGPT របស់ OpenAI ដែល​អាច​បង្កើត​អត្ថបទ រូបភាព និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​។

ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ខ្នាត​យក្ស​របស់​តៃវ៉ាន់ TSMC គឺជា​ដៃគូ​ផលិត​ដ៏​សំខាន់​បំផុត សម្រាប់​បន្ទះ​ឈី​ប AI ដ៏​ទំនើប​របស់​ក្រុមហ៊ុន Nvidia ។ ហើយ​ភាព​ជោគជ័យ​របស់ Nvidia គឺជា​ការ​ជំរុញ​ដ៏​សំខាន់​ពី TSMC ដែល​ភាគហ៊ុន​របស់​ពួក​គេ​បាន​កើនឡើង​ខ្ពស់ កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​៕ (​ប្រភព ៖ CNN និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ