ប្រទេសកូរ៉េខាងត្បូង ៖ បញ្ហាជំងឺផ្តាសាយបក្សីនៅកូរ៉េខាងត្បូង កំពុងតែធ្វើឲ្យប្រទេសមួយនេះជួបបញ្ហាកង្វះស៊ុត និងបានស្នើឲ្យសហរដ្ឋអាមេរិកលក់ពងមាន់ឲ្យខ្លួនជាលើកទី១ ។
តម្រូវការពងមាន់ពីសហរដ្ឋអាមេរិក គឺមានភាពល្អប្រសើរ បន្ទាប់ពីបានផ្លាស់ប្តូរមាន់របស់ខ្លួន ក្រោយមានការសាយភាយជំងឺផ្តាសាយបក្សីកាលពីឆ្នាំ២០១៥ ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលបានហាមឃាត់មិនឲ្យមានការនាំចូលពងមាន់ និងសាច់មាន់ ក្នុងអំឡុងពេលមានការសាយភាយជំងឺនេះក្នុងសហរដ្ឋអាមេរិក ដែលបានធ្វើឲ្យងាប់មាន់បារាំង និងមាន់ធម្មតាអស់ប្រមាណ៤៩ លានក្បាល ។ ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានស្នើសុំជំនួយ បន្ទាប់ពីបានបាត់បង់សត្វមាន់ប្រមាណ២៦លានក្បាល ដោយសារតែជំងឺ H5N6 តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦មក ។
កិច្ចព្រមព្រៀងក្នុងការលក់ពងមាន់ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ដោយក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិក ។
សហរដ្ឋអាមេរិកត្រូវបានជ្រើសរើសឲ្យជួយព្រោះតែប្រទេសនេះបានរួចផុតពីជំងឺផ្តាសាយបក្សី ។ ប៉ុន្តែជំងឺនេះនៅតែបន្តជាបញ្ហាក្នុងតំបន់អាស៊ី អឺរ៉ុប និងផ្នែកដទៃទៀតនៃពិភពលោក ។
យ៉ាងណាក្តី ជំងឺនេះនៅបន្តគំរាមកំហែងដល់សហរដ្ឋអាមេរិក ។ USDA បាននិយាយក្នុងសប្តាហ៍នេះថា ទាព្រៃមួយក្បាលក្នុងរដ្ឋ Montana ត្រូវបានធ្វើតេស្តដឹងថា មានផ្ទុកវីរុស H5N2 នេះ ។
អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា មាន់បារាំងប្រមាណ២១ពាន់ក្បាលត្រូវបានសម្លាប់ចោល បន្ទាប់ពីជំងឺនេះសាយភាយក្នុងកសិដ្ឋានមួយនៅប្រទេសអាល្លឺម៉ង់ ។ ការសាយភាយនៃជំងឺនេះក្នុងប្រទេសអាល្លឺម៉ង់ នៅទាបជាងក្នុងប្រទេសបារាំងនៅឡើយ ដោយមានការសម្លាប់ទាយ៉ាងតិចក៏៨០ម៉ឺនក្បាលដែរ បន្ទាប់ពីមានករណីផ្ទុះជំងឺក្នុងប៉ែកនិរតីនៃប្រទេស ។
ជំងឺផ្តាសាយបក្សីខុសៗគ្នា ក៏បានសាយភាយដល់ប្រទេសនៅតំបន់អាស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឲ្យមានការសម្លាប់បក្សីរាប់លានក្បាលនៅកូរ៉េខាងត្បូង និងជប៉ុន ហើយបានឆ្លងដល់មនុស្សក្នុងប្រទេសចិនផងដែរ ៕
ចែករំលែកព័តមាននេះ