ប្រទេសចិន ៖ យោងតាមប្រភពមួយចំនួនឲ្យដឹងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសងសឹក ប្រសិនបើលោក Trump ដាក់ពន្ធលើផលិតផលចិន និងបង្កជាសង្គ្រាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ។
ប្រភពសុំមិនបញ្ចេញឈ្មោះទាំងនោះបន្តថា ការសងសឹកអាចធ្វើឡើងជាលក្ខណៈដាក់ពន្ធ ឬដាក់ការត្រួតពិនិត្យតឹងរ៉ឹងលើក្រុមហ៊ុនសហរដ្ឋអាមេរិកធំៗដែលមានដំណើរការក្នុងប្រទេសចិន ។ លើសពីនេះទៀត វាអាចធ្វើឡើងតាមរយៈការស៊ើបអង្កេតពីការលក់បន្ទាបតម្លៃ និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលលើផលិតផលអាមេរិកផងដែរ។
ប៉ុន្តែការសងសឹកពីប្រទេសចិននេះអាចនឹងមានហានិភ័យខ្ពស់ ។ លោក Michael Every ប្រធានផ្នែកស្រាវជ្រាវទីផ្សារហិរញ្ញវត្ថុក្នុង Rabobank Group នៅហុងកុង និយាយថា ការសងសឹកនេះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសចិនជាមួយដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ។ លោកនិយាយថា ៖ « ពេលដែលប្រទេសមួយមានឱនភាពពាណិជ្ជកម្មខ្ពស់សងសឹកប្រទេសមួយទៀតដែលមានអតិរេកពាណិជ្ជកម្ម គឺប្រទេសមានឱនភាពពាណិជ្ជកម្មជាអ្នកឈ្នះ។ ប្រទេសមានអតិរេកពាណិជ្ជកម្មនឹងចាញ់រៀងរាល់ដង » ។
យោងតាមទិន្នន័យនាពេលថ្មីៗនេះឲ្យដឹងថា ឱនភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បានធ្លាក់ចុះពី៣២,៥ប៊ីលានដុល្លារ មកត្រឹម៣១,១ប៊ីលានដុល្លារក្នុងខែតុលា ដោយប្រទេសនេះនាំចេញទៅកាន់ប្រទេសចិនបានច្រើនជាងគេតាំងពីខែធ្នូ ឆ្នាំ២០១៣មក ។ វាបានធ្វើឲ្យឱនភាពសរុបរបស់ប្រទេសនេះធ្លាក់មកត្រឹម២៨៨,៧៨ប៊ីលានដុល្លារក្នុងរយៈពេល១០ខែដំបូងនាឆ្នាំមុន ។
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Shouwen បានលើកឡើងពីអត្ថប្រយោជន៍នៃការរក្សាទំនាក់ទំនងទ្វេភាគីល្អ និងនិយាយថា ការវិនិយោគរបស់សហរដ្ឋអាមេរិកមិនត្រឹមតែជួយផ្តល់ការងារដល់ប្រទេសចិនទេ ប៉ុន្តែក៏បាននាំមកនូវចំណូលជាច្រើនដល់ក្រុមហ៊ុនអាមេរិកផងដែរ ។ លោកថ្លែងថា ៖ « ទំនាក់ទំនងសេដ្ឋកិច្ចឈ្នះឈ្នះរវាងប្រទេសទាំងពីរនឹងបន្តទៅមុខទៀត គឺគ្មាននរណាម្នាក់ចង់បានស្ថានការណ៍ចាញ់ចាញ់ទេ ហើយក៏គ្មាននរណាចង់ប៉ះពាល់ដល់ទំនាក់ទំនងឈ្នះឈ្នះផងដែរ ។ ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីអនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងអាមេរិក » ។
ដោយស្ថានការណ៍កំពុងមានភាពតានតឹង Rhodium Group ព្យាករណ៍ថា សាជីវកម្មពហុជាតិរបស់អាមេរិកបានវិនិយោគប្រាក់ច្រើនជាង២២៨ប៊ីលានដុល្លារទៅទៀតក្នុងប្រទេសចិន តាំងពីឆ្នាំ១៩៩០មក ។
ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក្រុមហ៊ុនជាច្រើនរួមមាន Boeing Co., Motorola Inc. និង American International Group Inc. បានចូលរួមបញ្ចុះបញ្ចូលឲ្យមានការរក្សាពន្ធទាបសម្រាប់ផលិតផលចិនដែលនាំចូលសហរដ្ឋអាមេរិក ។ ក្នុងឆ្នាំ២០១១ ក្រុមពាណិជ្ជករដែលតំណាងក្រុមហ៊ុនដូចជា Microsoft Corp. និង Wal-Mart Stores Inc. បានប្រឆាំងនឹងការដាក់សម្ពាធដល់ប្រទេសចិន ឲ្យបង្កើនតម្លៃប្រាក់ ។
លោក William Zarit ប្រធានសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិន ថ្លែងថា ៖ « ការអនុម័តច្បាប់ដោយមានការរើសអើងក្រុមហ៊ុនបរទេស មិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុនទាំងនោះទេ តែក៏ប៉ះពាល់ដល់ប្រជាជនចិនជាច្រើនដែលធ្វើការឲ្យពួកគេ ដៃគូពាណិជ្ជកម្មក្នុងស្រុករបស់ពួកគេ អតិថិជនប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ពួកគេផងដែរ ។ ពួកយើងជំរុញដល់រដ្ឋាភិបាលទាំងពីរភាគីឲ្យស្វែងរកវិធីបង្កើនជំនឿទុកចិត្ត » ៕
ចែករំលែកព័តមាននេះ