រាជធានីភ្នំពេញ ៖ បុរសស៊ីងហ្គាពួរម្នាក់ ដោយមានជំងឺបេះដូង (ខ្សោយបេះដូង) នោះ ខណៈកំពុងឈរមើលមិត្តភក្តិលេងស្នូកឃ័រស្រាប់តែដួលផ្កាប់មុខតែម្តង ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១០យប់ថ្ងៃទី៨ មករា ស្ថិតតាមបណ្តោយផ្លូវ១១៣ ក្នុងបឹងព្រលឹត ខណ្ឌ៧មករា។
ប្រភពឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៤ ទៅ៥នាក់ចូលទៅលេងស្នូកឃ័រ ដែលមានយីហោ «ដាតថ៏ ក្លិប» ប៉ុន្តែជនរងគ្រោះគាត់មិនបានលេងទេ គ្រាន់តែឈរមើលមិត្តភក្តិគាត់ជាអ្នកលេងតែប៉ុណ្ណោះ ។ ខណៈឈរមើលបានមួយសន្ទុះសង្ស័យតែជនរងគ្រោះមានអាការៈមិនស្រួល បានអង្គុយលើកៅអីបានបន្តិច ក៏ដួលផ្កាប់មុខធ្លាក់ពីលើកៅអីសន្លប់ស្តូកស្តឹង ។
ភ្លាមៗនោះដែរ សន្តិសុខក៏បានរត់ចូលទៅជួយសង្គ្រោះ បានដឹកយកទៅមន្ទីរពហុព្យាបាលអូរ៉រ នៅទល់មុខក្លិបស្នូកឃ័រ តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅ ។
ចែករំលែកព័តមាននេះ