សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរកំពុងជួសជុល
ខេត្តសៀមរាប ៖ គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ ។ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រង
ខេត្តសៀមរាប ៖ គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ ។ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រង
ខេត្តសៀមរាប ៖ គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ ។ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រងលើការងារនៅទីនោះ ។
ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដំណើរការដោយរលូន។ ការជួសជុល គឺធ្វើឡើងដោយយកចិត្តទុកដាក់ និងមានការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីអ្នកជំនាញតាមផ្នែក ផ្សេងៗ ។
លោកយិត ចាន់ដារដ្ឋ ប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការដ្ឋានជួសជុលសារមន្ទីរបានចាប់ផ្តើមដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ គឺបានប្រើពេលជាង២ខែហើយ ។
លោកចាន់ ដារដ្ឋ បន្តថា ការជួសជុលជាសំខាន់គឺផ្តោតលើដំបូលនៃអាគារទាំងមូល។ ការទ្រុឌទ្រោមនៃដំបូលអគារ ធ្វើឲ្យសារមន្ទីររងការខូចខាតជាច្រើនកន្លែង ដូចជាការហូរច្រោះទឹកចូលក្នុងអគារទាំងមូលជាដើម ។ ចំពោះការងារនេះ លោកចាន់ ដារដ្ឋ បញ្ជាក់ថា គេបានកោសដំបូលចាស់ចេញ ហើយជំនួសដោយប្រើបច្ចេកទេសថ្មីដើម្បីធានាពីគុណភាពនៃអគារទាំងមូល ។
លោកហូរី សម្បត្តិ វិស្វករគ្រប់គ្រងការងារជួសជុលនៅការដ្ឋានសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នៃក្រុមហ៊ុនសាតូ ដែលទទួលខុសត្រូវលើការងារជួសជុលនេះឲ្យដឹងថា ដំបូលអគារចាស់គេបានប្រើផ្លាស្ទិកក្រាល ដូច្នេះទើបវាមិនសូវមានគុណភាពយូរ ។ បច្ចេកទេសចាស់នេះយូរឆ្នាំវាធ្វើឲ្យមានការពុកផុយ និងធ្វើឲ្យទឹកចូលជ្រាបចូលទៅតាមពិតាន ទើបធ្វើឲ្យមានស្នាមប្រេះនៅក្នុងអគារ ។ លោកបន្ថែមថា បច្ចេកទេសថ្មីដែលក្រុមហ៊ុនរបស់លោកយកមកធ្វើដំណោះស្រាយ គឺប្រក់សន្លឹកស័ង្កសីពីក្រោម មុននឹងប្រក់ក្បឿងពីលើ ។ បច្ចេកទេសនេះធានាបានយូរអង្វែង មិនងាយខូចឡើយ ។
ក្រៅពីការងារជួសជុលដំបូលដែលជាការងារសំខាន់ ក្នុងនោះទៀតសោត ការកែលម្អយ៉នៃអគារ ក៏ជាការងារសំខាន់ផងដែរ។ ក្រុមការងារបានជួសជុលបានរៀបចំប្រព័ន្ធហូរច្រោះថ្មី ធ្វើយ៉ាងណាឲ្យការហូរច្រោះទឹកភ្លៀងមានជម្រាលហូរកាត់ ។ ក្រៅពីនេះមានការកែលម្អស្នាមប្រេះ និងលាបថ្នាំទាំងក្នុងនិងក្រៅនៃអគារ រួមនិងដូរបង្អួចមួយចំនួនធំ។
រហូតមកដល់ពេលនេះការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សម្រេចបាន៦០%ហើយ។ ការដ្ឋាននេះប្រើប្រាស់បុគ្គលិកសរុបទាំងអស់ចំនួន៦៥នាក់។ តាមគម្រោង ការជួសជុលគ្រោងនឹងបញ្ចប់នៅចុងខែមីនាខាងមុខនេះ ។
ការងារជាក់ស្តែងដែលក្រុមហ៊ុនសាតូ ទទួលពីក្រុមហ៊ុន AEON (អីុអុង) មាន១០ចំណុច រួមមាន ជួសជុលដំបូល លាបថ្នាំពណ៌ ផ្លាស់ប្តូរបង្អួចអាលុយមីញ៉ូមខាងក្រៅដែលរងការខូចខាត ទៅជាបង្អួចស្លាបព្រិល ផ្លាស់ប្តូរបង្អួចឈើដែលពុកផុយ តសំយាបនៅលំហកណ្តាលនៃអគារ កែសម្រួលប្រព័ន្ធហូរទឹកនៅខាងក្រៅអាងទឹក កែសម្រួលទ្វារធំដែលកកិតគ្នា ជួសជុលស្នាមប្រេះនៃជញ្ជាំង និងពិតាន ជួសជុលជណ្តើរឡើងទៅលើដំបូល ធ្វើជម្រាលជនពិការនៅច្រកចូល ។
តាមការបញ្ជាក់ពីលោកចាន់ ដារដ្ឋ ក្រៅពីចំណុចខាងលើនេះ ការងារ ផ្សេងៗទៀតជាបន្ទុករបស់អាជ្ញាធរជាតិអប្សរា ។ ការងារទាំងនោះរួមមាន រៀបចំការតាំងពិព័រណ៍ឡើងវិញ រៀបចំផ្សព្វផ្សាយធ្វើឲ្យមានភ្ញៀវទេសចរ អគ្គិសនី ម៉ាស៊ីនត្រជាក់ រួមនឹងការដឹកជញ្ជូនរូបបដិមាក្នុងសារមន្ទីរទៅរក្សានៅកន្លែងមានសុវត្ថិភាព ។ល។
គម្រោងជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គឺជាកិច្ចសហប្រតិបត្តិកររវាងភាគី៤ស្ថាប័ន ដោយរួមមាន អាជ្ញាធរជាតិអប្សរា មូលនិធិក្លឹបអីុអុង១% (AEON 1% Club Foundation) ក្រុមហ៊ុនឧស្សាហកម្មសាតូ (កម្ពុជា) និងមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ក្រុមហ៊ុនអីុអុង ជាអ្នករ៉ាប់រងចំណាយក្នុងការងារជួសជុលទាំងនេះ ក្រោយពីស្ថាប័ននេះជាអ្នកផ្តល់មូលនិធិកសាងសារមន្ទីរនេះនៅឆ្នាំ២០០៧ ។ ចំណែកអាជ្ញាធរជាតិអប្សរា ជាអ្នកផ្តល់បច្ចេកទេស និងថែរក្សារូបបដិមានៅក្នុងសារមន្ទីរទាំងមូល ៕
ចែករំលែកព័តមាននេះ