កងកម្លាំងសន្តិសុខស៊ីរីបានបាញ់សម្លាប់បាតុករ៤នាក់ទៀត កាលពីថ្ងៃទី១៣ កក្កដា កន្លងមក ខណៈពេលប្រទេសលោកខាងលិចបង្កើនសម្ពាធឱ្យមានការចាត់វិធានការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងក្រុងដាម៉ាស់ ។ បាតុករ៤នាក់នេះត្រូវបានបាញ់ស្លាប់នៅតំបន់ Jebel al-Zawiya ជាកន្លែងមានដាក់ពង្រាយកងទ័ពកាលពី២សប្តាហ៍មុន ដើម្បីបង្ក្រាបការបះបោរប្រឆាំងរដ្ឋាភិបាល។
ប្រធានផ្នែកសិទ្ធិមនុស្សស៊ីរីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP តាមទូរស័ព្ទថា ការបាញ់កាំភ្លើងត្រូវបានគេឮនៅតំបន់នោះដែលនៅក្បែរព្រំដែនជាមួយប្រទេសតួកគី។
ក្រុមសិទ្ធិមនុស្សនិយាយថា កងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់ជនស៊ីវិល១.៣០០នាក់ និងចាប់ខ្លួនមនុស្ស១២.០០០នាក់ ក្នុងការបង្ក្រាបហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ថ្លែងតាមទូរទស្សន៍ CBS ថា ប្រធានាធិបតីស៊ីរី លោកអាសាដ បាត់បង់ឱកាសបង្ហាញពីរបៀបវារៈធ្វើកំណែទម្រង់ពិតប្រាកដ និងច្បាស់លាស់។ ចំណែកពួកប្រឆាំងស៊ីរីអំពាវនាវដល់កងទ័ពឱ្យបែរប្រឆាំងរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ