រាជធានីភ្នំពេញ ៖ ចាប់តាំងពីស្ត្រីមេម៉ាយកូន២ និងជាអាជីវករលក់ខោអាវនៅផ្សារធំថ្មីទួលសង្កែ ដែលត្រូវប្រុសស្នេហ៍ជាមន្ត្រីយោធា និងខ្លះថា ជាមន្ត្រីកងរាជអាវុធហត្ថ បាញ់សម្លាប់នៅក្នុងផ្ទះសំណាក់ «សារីធំ» ស្ថិតក្នុងសង្កាត់ទួលសង្កែ រហូតមកដល់ពេលនេះ គឺមានរយៈពេល១៣ថ្ងៃហើយ ដែលឃាតករនៅពុំទាន់មានសមត្ថកិច្ចណាឃាត់ខ្លួនបានឡើយ ។ បើទោះបីជាស្គាល់អត្តសញ្ញាណជនដៃដល់យ៉ាងណាក្តី ។
ទន្ទឹមនឹងនោះ ត្រូវក្រុមគ្រួសារនារីរងគ្រោះបានទទូចសុំដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត មេត្តាជួយជំរុញឱ្យសមត្ថកិច្ចជួយ ក្នុងការស្វែងរកចាប់ខ្លួនឃាតកររូបនោះ មកកាត់ទោសតាមច្បាប់ និងទទូចសុំឱ្យបណ្តាសារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក មេត្តាកុំផ្សាយព័ត៌មានមិនពិត ដោយបានចោទប្រកាន់ថា មូលហេតុដែលនាំឱ្យឃាតករបាញ់សម្លាប់កូនស្រីរបស់គាត់ គឺបណ្តាលមកពីមានទំនាស់គ្នារឿងកូនស្រីគាត់កើតអេដស៍ ដែលព័ត៌មានមួយនេះ វាមិនពិតសោះឡើយ ។
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះសុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ ជាអាជីវករលក់ខោអាវផ្សារធំថ្មីទួលសង្កែ និងជាស្ត្រីមេម៉ាយកូន២នាក់ ស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ត្រូវបានឃាតករបាញ់១គ្រាប់ ត្រូវគ្រាប់ភ្នែកខាងស្តាំ ធ្លាយទៅក្រោយ ហើយ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអធ្រាត្រ ចូលថ្ងៃទី១០ ធ្នូ ២០១៦ កន្លងមក នៅក្នុងបន្ទប់លេខ៤០៤ ក្នុងផ្ទះសំណាក់ «សារីធំ» អគារលេខ១០៨AI ផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
បន្ទាប់ពីករណីបាញ់សម្លាប់នារីរងគ្រោះ ជនដៃដល់ជាឃាតករឈ្មោះអ៊ុំ សុផា អាយុប្រមាណ៣៥ឆ្នាំ ជាមន្ត្រីយោធា មានថានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រី និងមានទីលំនៅផ្ទះជួលម្តុំជ្រោះបាត់ស្នេហ៍ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បានគេចខ្លួនបាត់។
ជុំវិញ រឿងឃាតករនេះ ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ហើយត្រូវបណ្តាញព័ត៌មាន និងសង្គមហ្វេសប៊ុក បានដកស្រង់ព័ត៌មាន និងលើកយកព័ត៌មានពាក្យចរាមរាមជាច្រើន ជាហេតុធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារសព ដែលកំពុងតែមានទុក្ខក្រៀមក្រំ ។ ទន្ទឹមនោះ ឪពុកម្តាយនារីរងគ្រោះក៏បានទាក់ទងជួបកាសែតកោះសន្តិភាព ដើម្បីសុំធ្វើការបំភ្លឺផងដែរ ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព លោកនាក់ ធី អាយុ៤៥ឆ្នាំ ជាអាជីវករលក់ដូរ និងប្រពន្ធឈ្មោះឯក លាន់ អាយុ៤៣ឆ្នាំ ដែលត្រូវជាឪពុកម្តាយនារីរងគ្រោះបានឱ្យដឹងថា កូនស្រីគាត់ដែលត្រូវឃាតករបាញ់សម្លាប់នេះ ឈ្មោះសុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ ជាកូនច្បង ក្នុងចំណោមបងប្អូន២នាក់ ដែលប្អូនប្រុសមានអាយុ១១ឆ្នាំ ។
ស្រីល័ក្ខជាស្ត្រីមេម៉ាយ មានកូន២នាក់ កូនប្រុសបងអាយុ៦ឆ្នាំ និងកូនស្រីប្អូន អាយុជាង២ឆ្នាំ ហើយអតីតប្តីឈ្មោះសេង តារា ជាមន្ត្រីនៅរដ្ឋសភាជាតិ ដែលបានស្លាប់ដោយសារតែជំងឺថ្លើមប្រមាណ៨ខែមកហើយ មិនមែនស្លាប់ដោយសារកើតអេដសិ៍នោះទេ ។
តាមឪពុកម្តាយឱ្យដឹងទៀតថា បន្ទាប់ពីប្តីបានស្លាប់ចោល កូនស្រីគាត់ សុន ស្រីល័ក្ខ បានទៅរស់នៅជាមួយគាត់ នៅភូមិឈើទាលកង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ក្រោយមក បានមកលក់ខោអាវនៅផ្សារសាំហាន់ និងមានទំនាក់ទំនងស្រលាញ់គ្នាជាមួយជនដៃដល់ដោយប្រាប់ថា ជាបុរសពោះម៉ាយ មានកូនស្រីម្នាក់ បានប្រមាណជា២ខែ តាំងពីមុនបុណ្យអុំទូក ។
រយៈពេលនោះ ពួកគេទាំងស្រលាញ់គ្នាណាស់ ហើយកូនស្រីគាត់តែងតែបានទូរស័ព្ទទៅឪពុកម្តាយ និងឱ្យជួបនិយាយគ្នា ជាមួយជនដៃដល់នោះ ។ នៅពេលថ្មី មុនពេលស្លាប់១ថ្ងៃ កូនស្រីបានរៀបចំហាងអ៊ុតសក់ ជាប់កន្លែងលក់ខោអាវនៅក្នុងផ្សារធំថ្មីទួលសង្កែ ហៅផ្សារសាំហាន់ តែមិនទាន់បើកអ៊ុតផង ក៏មានរឿងបាញ់សម្លាប់នេះ ។
តាមក្រុមគ្រួសារនារីរងគ្រោះឱ្យដឹងទៀតថា ការស្លាប់របស់ឈ្មោះសុន ស្រីល័ក្ខ មិនមែនផ្តើមចេញពីទំនាស់គ្នារឿងប្រចណ្ឌឡើយ អាចជារឿងបាញ់សម្លាប់បំបិតមាត់ ដោយសារតែកូនស្រីគាត់ដឹងរឿងផ្ទៃក្នុង ហើយសង្ស័យឃាតករអាចមានអ្នកនៅពីក្រោយផងដែរ ។
ទោះបីជាយ៉ាងណា រឿងពិតនឹងដឹងច្បាស់ នៅពេលចាប់ខ្លួនឃាតករបាន ។ ចំពោះព័ត៌មានមួយចំនួន និងបណ្តាញសង្គម ដែលបានផ្សាយ និងបង្ហោះថា ការបាញ់សម្លាប់កូនស្រីគាត់ មកពីឃាតករដឹងរឿងកូនស្រីគាត់កើតអេដស៍ មិនមែនជាព័ត៌មានពិតនោះទេ ហើយវាបានធ្វើឱ្យប៉ះពាលដល់កិត្តិយសកូនស្រីដែលបានស្លាប់ទាំងបិទភ្នែកមិនជិត ។
តាមឪពុកម្តាយនារីរងគ្រោះ ក៏បានសំណូមយ៉ាងទទួច ដល់សម្តេច តេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត មេត្តាជួយជំរុញអោយសមត្ថកិច្ចជួយ ស្វែងចាប់ខ្លួនឃាតករ មកកាត់ទោសតាមច្បាប់ និងទទួច សុំបណ្តាលសារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក មេត្តាសម្រួលព័ត៌មានឡើងវិញ និងកុំផ្សាយព័ត៌មានមិនពិត និងផ្សាយព័ត៌មានចចាមអារ៉ាមទៀត ដោយគ្មានហេតុផល និងចោទថា កូនស្រីគាត់កើតអេដសិ៍បែបនេះទៀត ។
បន្ទាប់ពីបាញ់សម្លាប់ស្ត្រីរងគ្រោះ ជនជាឃាតករ ត្រូវកម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ បន្ទាប់ពី លោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានផ្តល់រង្វាន់លើកទិកចិត្តចំនួន៣៥លានរៀល ដើម្បីឈានទៅរកការឃាត់ខ្លួនឃាតករដៃដល់ ។
ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ រយៈពេល១៣ថ្ងៃហើយ ឃាតករពុំត្រូវឃាត់ខ្លួនបានឡើយ ខណៈដែលក្រុមគ្រួសារទទួចសុំឱ្យសមត្ថកិច្ច ត្រូវតែឃាត់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ ហើយមហាជនក៏ចង់ដឹងពីមូលហេតុនៃការបាញ់សម្លាប់មកលើនារីរងគ្រោះយ៉ាងសាហាវព្រៃផ្សៃដែរ…!
ចែករំលែកព័តមាននេះ