សហរដ្ឋអាមេរិក ៖ កូរ៉េខាងជើងកំពុងជួបប្រទះនឹងការកាត់បន្ថយការនាំចេញយ៉ាងខ្លាំង នៅក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ (UN) ដែលមានគោលដៅដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលរបស់លោក Kim Jong Un បន្ទាប់ពីបានធ្វើតេសអាវុធនុយក្លេអ៊ែរកាលពីខែកញ្ញា កន្លងមក ។
សេចក្តីសម្រេចនេះ នឹងកាត់បន្ថយការនាំចេញពីកូរ៉េខាងជើងប្រមាណ៧០០លានដុល្លារក្នុងមួយឆ្នាំ ។ លើសពីនេះ សំណើនេះត្រូវបានគាំទ្រដោយប្រទេសចិន ដែលមានសិទ្ធិច្រានចោលការសម្រេចចិត្ត និងជាប្រទេសនៅស្ទាក់ស្ទើរក្នុងការផ្តន្ទាទោសដល់ប្រទេសជិតខាងរបស់ខ្លួន ។
វិធានការដែលត្រូវបានសម្រេចកាលពីថ្ងៃពុធ ក្នុងទីក្រុងញូវយ៉ក គឺកាត់បន្ថយការនាំចេញធ្យូងថ្មពីកូរ៉េខាងជើងប្រមាណ៦២% ក្នុងនោះរួមមាន ការហាមនាំចេញស្ពាន់ នីកែល និងប្រាក់ផងដែរ ដែលធ្វើឲ្យប្រទេសនេះបាត់បង់ប្រាក់ចំណូលផ្នែកនាំចេញប្រមាណ១០០លានបន្ថែមទៀត ។ លើសពីនេះ អ្នកការទូតក៏ត្រូវបានហាមឃាត់ការលួចលក់ទំនិញខុសច្បាប់ ឬអាវុធ ហើយម្នាក់ៗអាចមានគណនីធនាគារតែមួយប៉ុណ្ណោះ ។
លោក Ralph Cossa ប្រធានក្រុមស្រាវជ្រាវ Pacific Forum CSIS នៅ Honolulu និយាយថា ៖ « ខ្ញុំមិនគិតថា ប្រទេសចិននឹងអនុម័តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះបានតឹងរ៉ឹងឡើយ ។ សកម្មភាពរបស់ប្រទេសចិនពីមុនមកមិនសូវជាល្អទាំងស្រុងទេ ប៉ុន្តែសង្ឃឹមថា ពួកគេអាចនឹងបង្ហាញការប្តេជ្ញាថ្មីក្នុងអំឡុងពេលគ្រោះថ្នាក់នេះ » ។
គួរបញ្ជាក់ថា យោងតាម Council on Foreign Relations ចិនជាដៃគូពាណិជ្ជកម្មរបស់កូរ៉េខាងជើងដ៏សំខាន់មួយ ដែលត្រូវបានរាប់បញ្ចូល៧០%នៃពាណិជ្ជកម្មសរុបរបស់កូរ៉េខាងជើង និងជាប្រទេសដែលផ្តល់អាហារ និងថាមពលដ៏សំខាន់ផងដែរ ។
កាលពីខែមីនា អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មខ្លាំងដល់រដ្ឋាភិបាលរបស់លោក Kim ប៉ុន្តែនៅមានចំណុចខ្វះខាតមួយ គឺការអនុញ្ញាតឲ្យប្រទេសនេះធ្វើពាណិជ្ជកម្មសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជន និងស្ថានភាពបន្ទាន់ ។ បច្ចុប្បន្ន ប្រទេសចិនអនុញ្ញាតឲ្យមានការនាំចូលធ្យូងថ្ម និងរ៉ែដែកពីកូរ៉េខាងជើង ដែលទាំងនោះត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ ។
លោក Cossa បន្តថា ៖ « ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ យ៉ាងតិចណាស់ ក៏បានបង្កើតជាលក្ខណៈវិនិច្ឆ័យ និងបង្កភាពងាយស្រួលដើម្បីតាមដានសកម្មភាពផងដែរ ។ បើទោះជាគ្មានអ្វីអាចទប់ស្កាត់ការធ្វើបាបប្រទេសនេះទាំងស្រុងក្តី រាល់សកម្មភាពដែលអាចបិទ ឬបញ្ជាក់ពីចន្លោះខ្វះខាត គឺមានប្រយោជន៍ណាស់ » ៕
ចែករំលែកព័តមាននេះ