ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ជា​ច្រើន​បារម្ភ​ពី​ការ​បោះ​ឆ្នោត​ក្នុង​សហរដ្ឋអាមេរិក​នា​ស​ប្តា​ហ៍​នេះ

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស​ប្តា​ហ៍​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជាស​ប្តា​ហ៍​សំខាន់​មួយ​សម្រាប់​ទីផ្សារ​ភាគហ៊ុន​ទូ​ទាំង​ពិភពលោក រួម​ទាំង​ប្រទេស​សិង្ហ​បុរី​ផង​ដែរ ដោយ​ភាព​មិន​ប្រាកដប្រជា​នៅ​តែ​បន្ត​មាន​ឡើង​ក្នុង​ការ​បោះ​

សហរដ្ឋអាមេរិក ៖ ស​ប្តា​ហ៍​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជាស​ប្តា​ហ៍​សំខាន់​មួយ​សម្រាប់​ទីផ្សារ​ភាគហ៊ុន​ទូ​ទាំង​ពិភពលោក រួម​ទាំង​ប្រទេស​សិង្ហ​បុរី​ផង​ដែរ ដោយ​ភាព​មិន​ប្រាកដប្រជា​នៅ​តែ​បន្ត​មាន​ឡើង​ក្នុង​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋអាមេរិក​នា​ថ្ងៃ​អង្គារ​នេះ ។

ការ​បោះ​ឆ្នោត​នេះ​បាន​កាត់​បន្ថយ​ភាព​ជឿជាក់​របស់​វិនិយោគិន​ជា​ច្រើន និង​ជំរុញ​ឲ្យ​វិនិយោគិន​មួយ​ចំនួន​ងាក​ទៅ​រក​មាស​ដែល​មិនសូវ​មាន​ហានិភ័យ​ទៀត​ផង ក្នុងអំឡុងពេល​មានការ​ស្ទង់​មតិ​បង្ហាញ​ពី​ការ​ខិត​ជិត​គ្នា​យ៉ាង​ខ្លាំង​នៃ​ការ​បោះ​ឆ្នោត ។

បើ​ទោះជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Hillary Clinton កំពុង​តែ​នាំមុខ​ក្តី ក៏​ការ​កើនឡើង​នៃ​សន្លឹក​ឆ្នោត​របស់​លោក Donald Trump ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ​ពី​លទ្ធផល​ណាស់ ។

លោក Nicholas Teo អ្នកជំនាញ​ផ្នែក​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់ KGI Securities ឲ្យ​ដឹង​ថា ៖ « ប្រសិនបើ​លោក Trump ទទួល​បាន​ជ័យ​ជំនះ​នោះ នឹង​មានការ​លក់​ចេញ​នូវ​ប្រាក់​ដុល្លារ រួម​ជាមួយ​ភាគហ៊ុន​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ ។ ហេតុការណ៍​នេះ​ជា​ធម្មតា នឹង​ទាញ​តម្លៃ​របស់​ភាគហ៊ុន​ទូ​ទាំង​ពិភពលោក​ឲ្យ​ធ្លាក់​ចុះ » ។

ប៉ុន្តែ​លោក Alvin Yong បែរជា​គិត​ថា ការ​លក់​ចេញ​នោះ​នឹង​បញ្ចប់​ទៅ​វិញ​យ៉ាង​លឿន ស្រ​ដៀង​នឹង​ការ​ឆ្លើយ​តប​របស់​ទីផ្សារ​ពិភពលោក​ទៅ​លើ​ការ​ប្រកាស​ពី​លទ្ធផល​របស់​ការ​បោះ​ឆ្នោត Brexit ដែរ ។ លោក​បន្ថែម​ថា ៖ « ប្រសិនបើ​លោក Trump មិន​ឈ្នះ​ទេ​នោះ ការ​កើនឡើង​នៃ​តម្លៃ​ភាគហ៊ុន​នឹង​មិន​មាន​ច្រើន​ឡើយ » ។

ក្រៅពី​ការ​បោះ​ឆ្នោត​នេះ ទិន្នន័យ​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ចំនួន​ការងារ​របស់​សហរដ្ឋអាមេរិក​ក្នុង​ខែតុលា ក៏​បាន​ជួយ​ដល់​ការ​ព្យាករណ៍​ថា នឹង​មានការ​កើនឡើង​នៃ​អត្រា​ការ​ប្រាក់​របស់​ធនាគារជាតិ​អា​មេ​រិ​ក​នា​ខែ​ក្រោយ​ផង​ដែរ ។

ការងារ​ក្នុង​សហរដ្ឋអាមេរិក​ត្រូវ​បាន​បន្ថែម​ប្រមាណ​១៦១.០០០​កាលពី​ខែ​មុន បន្ទាប់​ពី​បាន​កើនឡើង​១៩១.០០០​ក្នុង​ខែកញ្ញា ដែល​ជា​ចំនួន​ច្រើន​ជាង​ការ​គិត​ទុក ៕