រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តទៀតថា ករណីធ្លាយធុងហ្គាសរោងចក្រផលិតទឹកកកនៅខាងមុខផ្សារ PC សង្កាត់បឹងទំពន់ខណ្ឌមានជ័យនោះ កើតរឿងកាន់តែអាក្រក់ហើយ គិតត្រឹមម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី០៨ វិច្ឆិកា នេះ ដោយសារតែបានភាយចេញឧស្ម័នពុលធំក្លិនខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសិស្សសាលា នៅក្បែរនោះផងដែរ ។
ប្រភពបន្តទៀតថា ខណៈនេះ មានមន្ត្រីនគរបាលម្នាក់ទៀតហើយបានសន្លប់ ហើយក្លិនឧស្ម័នកាន់តែភាយ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ ដូច្នេះបានឱ្យចាកចេញសិន ខណ:កម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងជួយអន្តរាគមន៍។
គួររំលឹកថា មានករណីអគ្គិភ័យមួយកើតឡើង នៅក្នុងរោងសិប្បកម្មផលិតទឹកកកមុខផ្សារ PC បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១៦ នេះ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ចំពោះមូលហេតុត្រូវគេសង្ស័យថា អាចបណ្តាលមកពីផ្ទុះធុងហ្គាស ហើយក្នុងហេតុការណ៍នោះ ក៏មានមនុស្ស២-៣នាក់បានរងរបួសផងដែរ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងជួយអន្តរាគមន៍ ។
ចែករំលែកព័តមាននេះ