ប្រទេសចិន ៖ ការស្ទង់មតិឯកជនមួយបានបង្ហាញថា វិស័យសេវាកម្មរបស់ប្រទេសចិនបានលូតលាស់ក្នុងល្បឿនយ៉ាងលឿននារយៈពេល៤ខែកន្លងមក ដោយមានការលូតលាស់នៃអាជីវកម្មថ្មីៗដែលជំរុញឲ្យក្រុមហ៊ុនជាច្រើនទទួលយកបុគ្គលិកបន្ថែម ។
ការរកឃើញនេះ រួមជាមួយនឹងភាពវិជ្ជមាននៃការព្យាករទៅលើរោងចក្រ និងសេវាកម្មក្នុងសប្តាហ៍នេះបានបង្ហាញឲ្យកាន់តែច្បាស់ថាសេដ្ឋកិច្ចធំជាងគេលេខ២របស់ពិភពលោកនេះកំពុងមានភាពនឹងនរបន្ថែមទៀត ។
ប្រទេសចិនកាន់តែពឹងផ្អែកខ្លាំងឡើងទៅលើវិស័យសេវាកម្មដើម្បីបង្កើតការងារ និងជំរុញដល់ការលូតលាស់ ។ ប្រទេសនេះមានគោលបំណងក្នុងការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចពីការពឹងផ្អែកលើការវិនិយោគ និងការនាំចេញ ទៅពឹងផ្អែកលើការចំណាយក្នុងស្រុកវិញម្តង ។
សន្ទស្សន៍របស់អ្នកគ្រប់គ្រងការជាវសេវាកម្ម (PMI) របស់ Caixin ឬ Markit បានកើនពី៥២,០ក្នុងខែកញ្ញា មក៥២,៤ក្នុងខែតុលា ។ គួរបញ្ជាក់ថា តម្លៃសន្ទស្សន៍ដែលមានច្រើនជាង៥០ មានន័យថា មានការកើនឡើងនៃសកម្មភាពប្រចាំខែ ។
ក្រុមហ៊ុនផ្តល់សេវាកម្មមានការលូតលាស់លឿនជាងគេតាំងពីខែមិថុនាមកម្ល៉េះ ។ សហគ្រាសមួយចំនួនគិតថា ការល្អឡើងនៃស្ថានភាពទីផ្សារនេះមកពីការកើនឡើងនៃតម្រូវការ ។ ក្រុមហ៊ុនដែលបានចូលរួមក្នុងការស្ទង់មតិបានបន្ថែមចំនួនបុគ្គលិក២ខែជាប់ៗគ្នា ប៉ុន្តែចំនួននេះមានកម្រិតនៅឡើយ ។
លើសពីនេះ សន្ទស្សន៍ PMI របស់ Caixin រាប់បញ្ចូលទាំងផ្នែកផលិតកម្ម និងសេវាកម្មបានកើនឡើងក្នុងល្បឿនយ៉ាងលឿននារយៈពេល៣ឆ្នាំកន្លងមក គឺពី៥១,៤ក្នុងខែកញ្ញា មក៥២,៩ក្នុងខែតុលា ។
អ្នកសេដ្ឋកិច្ចបានជំរុញឲ្យរដ្ឋាភិបាលបន្តគោលនយោបាយនេះដើម្បីជួយឲ្យមានចលនានេះបន្តទៀត ។
Zhengsheng Zhong ប្រធានផ្នែកវិភាគម៉ាក្រូសេដ្ឋកិច្ចក្នុង CEBM Group ឲ្យដឹងថា ៖ « វាប្រហែលជាអាចបន្តការលូតលាស់ក្នុងត្រីមាសទី៤ខាងមុខ ប៉ុន្តែអ្វីដែលសំខាន់ គឺការមិនបញ្ឈប់គោលនយោបាយជំនួយទាំងនោះព្រោះសេដ្ឋកិច្ចនៅតែខ្វះខាតការជំរុញដដែល » ។
ជាមួយគ្នានេះ ការស្ទង់មតិផ្នែកសេវាកម្មជាផ្លូវការរបស់ប្រទេសចិនបង្ហាញថា មានការលូតលាស់យ៉ាងរឹងមាំក្នុងខែតុលាផងដែរ ។ រីឯការស្ទង់មតិក្នុងផ្នែកផលិតកម្មវិញក៏បានបង្ហាញថា សេដ្ឋកិច្ចកំពុងមានស្ថិរភាព ព្រោះមានតម្រូវការល្អឡើងវិញ និងការសាងសង់កើនឡើង ។
គួរបញ្ជាក់ថា ការស្ទង់មតិ Markit របស់ក្រុមហ៊ុន IHS Markit Limited ផ្តោតខ្លាំងទៅលើសហគ្រាសធុនតូចនិងមធ្យម ដែលបាននិងកំពុងជួបប្រទះភាពលំបាកផ្នែកហិរញ្ញវត្ថុច្រើនជាងសហគ្រាសធំៗ និងសហគ្រាសរបស់រដ្ឋ ៕
ចែករំលែកព័តមាននេះ