រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកធ្នឹមស្ពានប្រវែងជាង២០ម៉ែត្រ ខណៈបត់ឆ្លងផ្លូវហើយមិនមានភ្លើងបំភ្លឺនិងសញ្ញាសម្គាល់ ធ្វើឲ្យរថយន្តតូយ៉ូតាព្រូស១គ្រឿងមើលអត់ឃើញក៏បុកនិងរុលចូលក្រោមធ្នឹមស្ពានកៀបជាប់ទៅមុខលែងរួច តែសំណាងល្អមិនបណ្តាលឲ្យអ្នកបើកបររងរបួសទេ ។ គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៧ ខែតុលា នៅផ្លូវជាតិលេខ៤កែងនឹងផ្លូវបេតុង ទល់មុខបុរីញូវថោន ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ ។
តាមប្រភពព័ត៌មានថា រថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣C ១២១៣ ដឹកធ្នឹមសម្រាប់សាងសង់ស្ពានដែលមានប្រវែងជាង២០ម៉ែត្រ បើកបរតាមផ្លូវបេតុងពីជើងទៅត្បូង លុះទៅដល់ផ្លូវជាតិលេខ៤ បានបត់ឆ្វេងឆ្លងផ្លូវ ។
ចំណែករថយន្តតូយ៉ូតា ព្រូស ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ២R ៩៥៨៩ បើកបរតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ។
ក្រោយពេលកើតហេតុ ភាគីរថយន្តទាំងសងខាងសុំសម្រួលគ្នា ដោយភាគីរថយន្តកុងតឺន័រដឹកធ្នឹមស្ពាន សងថ្លៃខូចខាតទៅខាងរថយន្តព្រូស ៕
ចែករំលែកព័តមាននេះ