ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានបទ​23 តុលា 25​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស កម្ពុជា​មាន​សន្តិភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្រាប់​ខួប​២៥​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ដែល​ក្រុម​អ្នកនយោបាយ​កំពុង​យក​ធ្វើ​ជា​ប្រធានបទ​របស់​ខ្លួន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្រាប់​ខួប​២៥​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ដែល​ក្រុម​អ្នកនយោបាយ​កំពុង​យក​ធ្វើ​ជា​ប្រធានបទ​របស់​ខ្លួន ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ គឺជា​ទិវា​ជា​ប្រវត្តិសាស្ត្រ ដែល​នាំ​មក​នូវ​ការ​បញ្ចប់​ជម្លោះផ្ទៃក្នុង ការ​បង្រួបបង្រួម​ជាតិ លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការ​លើកកម្ពស់សិទ្ធិ​មនុស្ស និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។

សេចក្តីថ្លែងការណ​ការ​បញ្ជាក់​ថា សមិទ្ធ ផល​ដែល​មាននៅ​ថ្ងៃនេះ គឺ​យើង​មិន​អាច​បំភ្លេច​នូវ​គុណូបការៈ និង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១​រវាង​ព្រះ​បរម​រតន​កោដ្ឋ​នរោត្តម សីហ​នុ និង​សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២​ដល់ទី​៤ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ​FERE-EN-TARDENOIS និង​លើក​ទី​២​នៅ​ថ្ងៃ​ទី​២០-២១​ខែធ្នូ ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE​នា​ប្រទេស​បារាំង ។

វីរបុរស​ទាំង​ពីរ​បាន​រក​ឃើញ​ការ​ឯកភាព​ជាតិ​មួយ​មុន​នឹង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ភាគី​ជម្លោះ​ទាំង​បួន និង​ចូលរួម​ដោយ​ប្រទេស​ហត្ថលេខី​ចំនួន​១៩​ប្រទេស ។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ប្រទេស​ទាំងនេះ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ទាំងស្រុង និង​គ្មាន​ភារកិច្ច​នៅ​សេសសល់​អ្វី​ទៀត​ទេ ហើយ​កម្ពុជា​បាន​ក្លាយជា​រដ្ឋ​អធិបតេយ្យ និង​ស្មើមុខស្មើមាត់ ដូច​ការ​គូសបញ្ជាក់​របស់​លោក Jean David Levitte អតីតមន្ត្រី​ការទូត​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​បារាំង​ដែល​បាន​ចូលរួម​តាំងពី​ដំបូង​ក្នុង​ដំណើរការ​ចរចា​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា ។ ដូច្នេះ​គណបក្សប្រឆាំង និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​មិន​អាច​បន្ត​ការ​លើក​ឡើង​ដដែល​ៗ​ពី​តួនាទី​របស់​ប្រទេស​ទាំងនោះ​ដើម្បី​បំភ្លៃ​ការ​ពិត​តទៅ​ទៀត​ទេ ។

សម្តេច​តេ​ជោ​ហ៊ុន សែន គឺជា​ស្ថាបនិក​តែ​មួយ​គត់​ដែល​បាន និង​កំពុង​ធានា​បន្ត​មរតក​ទាំងនេះ​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ ជា​ពិសេស​ការ​ធានា​សន្តិភាព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស ។ មាត្រា​១៥​នៃ​កិច្ចព្រមព្រៀង​នេះ​បាន​ចែង​ថា «​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ជនភៀសខ្លួន និង​ជន​ផ្លាស់​ប្តូរ​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ត្រូវ​មាន​សិ​ទិ្ធ និង​សេរីភាព​ដូច​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិ​ទិ្ធ​មនុស្ស និង​ក្នុង​បណ្តា​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ដល់​សិ​ទិ្ធ​មនុស្ស​» ។

ខ្លឹមសារ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ជំពូក​ទី​៣​ស្តី​ពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ (​ចាប់ពី​មាត្រា​៣១​ដល់​មាត្រា​៥០)​ដែល​បានចែង​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ចំនួន​ប្រាំ គឺ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិ​សង្គម និងសិ​ទ្ឋិ​វប្បធម៌ ដែល​យើង​កំពុង​មាន​សព្វថ្ងៃ ។ ក្រៅ
ពី​នោះ​ក៏​បាន​ចែង​បន្ថែម​នូវ​សិទ្ធិ​របស់​កុមារ សិទ្ធិស្ត្រី និង​សិទ្ធិ​ជន​ពិការ​ដែល​ជា​សិទ្ធិ​ពិសេស​សម្រាប់ជន​ងាយ​រង​គ្រោះ ។ មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញបាន​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់និង​គោរព​សិ​ទិ្ធ​មនុស្ស ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ សេចក្តី​ប្រកាស​ជាស​កលស្តី​ពី​សិ​ទិ្ធ​មនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិ​ទ្ឋិ​មនុស្ស សិ​ទិ្ធនារី​និង​សិ​ទិ្ធ​កុមារ ។

សេចក្តីថ្លែងការណ៍​លើក​ឡើង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​ដោយ​ឥត​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើម​កំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ​ស្ថានភាព​ឯទៀត​ឡើយ ។ ការ​ប្រើ​សិ​ទិ្ធ​សេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល ម្នាក់​ៗ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ ។ ការ​ប្រើ​សិ​ទិ្ធ​សេរីភាព​នេះ ត្រូវ​ប្រព្រឹត្ត​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​ច្បាប់ ។

សេចក្តីថ្លែងការណ៍​បន្ថែម​គ្មាន​នរណា​ម្នាក់​អាច​ប្រកែក​នឹង​ការណ៍​ពិត​នេះ​បាន​ទេ សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ បើ​ទោះបី​ខ្មែរក្រហម​មិន​បាន​គោរព​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នេះ​យ៉ាងណា​ក៏​ដោយ ។ នៅ​ទីបំផុត​នា​ឆ្នាំ​១៩៩៨ តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​បន​ប៉ុ​ល ពត​ត្រូវ​បាន​ផ្តួលរំលំ​ដល់​ឫសគល់ ។

ជាង​នេះ​ទៀត សម្តេច​តេ​ជោ​បាន​បញ្ចប់សង្គ្រាម​ជាមួយនឹង​យុត្តិធម៌​ដោយ​បាន​សហការ​ជាមួយ​អង្គការសហប្រជាជាតិ​ដើម្បី​នាំ​យក​មក​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ៗ​ខ្មែរក្រហម ដើម្បី​បញ្ចប់​និទណ្ឌភាព និង​ស្វែងរក​ការណ៍​ពិត​និង​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​អស់​ជាង​៣​លាន​នាក់ ។ ការ​បញ្ចប់សង្គ្រាម​ជាមួយនឹង​យុត្តិធម៌​នេះ​ត្រូវ​បាន​កោតសរសើរ និង​ចាត់ទុកជា​គំរូ​ក្នុង​តំបន់ និង​ពិភពលោក​ដោយ​លោក Rose de Venecia អតីត​ប្រធាន​សភា​ហ្វី​លី​ពី​ន​៥​អាណត្តិ ។ ក្រៅពី​សង្គ្រាម​នេះ​សម្តេច​តេ​ជោ​បាន​ប្រយុទ្ធ​នឹង​សង្គ្រាម​មួយទៀត​គឺ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។

ជា​លទ្ធផល​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ថយ​ចុះ​ពី​១០០%​នៅ​ឆ្នាំ​១៩៧៩ មក​ត្រឹម​ជាង​១០%​នា​ពេល​បច្ចុប្បន្ន​តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ជា​ប្រចាំ​ចំនួន៧% ។ ជាក់ស្តែង​នៅ​ខែកញ្ញា និង​ខែតុលា ឆ្នាំ​២០១៦​នេះ ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​និង​ស្ថាប័ន​រូបិយ​វត្ថុ​អន្ដរជាតិ (IMF) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ដោយ​អះអាង​ថា​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង​ក្នុង​រង្វង់​៧% នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​បាន​គូសបញ្ជាក់​ថា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នេះ​បាន​រួមចំណែក​ដល់​ការ​លើកកម្ពស់​ល​ទ្ឋិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដូច​ការ​សន្យា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​កតិកាសញ្ញា និង​អនុសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ សំខាន់​ៗ​ចំនួន​៩ និង​ពិធីសារ​បន្ថែម​នៃ​កតិកាសញ្ញា និង​អនុសញ្ញា​មួយ​ចំនួន​ទៀត ៕