រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២២ មិថុនា តំណាងអយ្យការសាលាដំបូងរាជធានី សហការជាមួយនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តកណ្តាល បានអានប្រកាសសាលក្រមប្រគល់ឧបករណ៍ សម្ភារ សារធាតុ និងឱសថសត្វឱ្យទៅអង្គភាពជំនាញចាត់ការ ខណៈសាលក្រមនេះបានចូលជាធរមានហើយនោះ ។ ពិធីប្រកាសសាលក្រមនេះមានការចូលរួមពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោកឧត្តមសេនីយ៍ទោ ស៊ាង ប៊ុនលាង ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញក្រោមឱវាទ ។ ក្នុងនោះក៏មានការចូលរួមពីសំណាក់មន្ត្រីក្រសួងសុខាភិបាល ក្រសួងកសិកម្ម អាជ្ញាធរខេត្តកណ្តាលផងដែរ ។
លោកហ៊ី រ័ត្ន ក្រឡាបញ្ជីបានអានសាលក្រមចំពោះមុខគណៈកម្មការទាំងអស់ប្រយោជន៍ដើម្បីបានជ្រាបពីអត្ថន័យ នៃការសម្រេចរបស់សាលាដំបូងរាជធានីទៅលើសំណុំរឿងព្រហ្មទណ្ឌមួយនេះ ។ សំណុំរឿងព្រហ្មទណ្ឌដែលមានលេខ១០៤៧ ចុះថ្ងៃទី៥ ឧសភា ឆ្នាំ២០១១ មានជនជាប់ចោទឈ្មោះ Froch Lich ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិបារាំង មុខរបរពេទ្យសត្វ មានទីលំនៅផ្ទះលេខ១៧ ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវជាប់ចោទពីបទបើកគ្រឹះស្ថានលក់ និងផលិតឱសថសត្វដោយគ្មានច្បាប់អនុញ្ញាត ប្រព្រឹត្តនៅផ្ទះខាងលើ១កន្លែង និង១កន្លែងទៀតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០១១ តំណាងអយ្យការបានដឹកនាំកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះទៅឆែកឆេរលំនៅឋានទាំង២ខាងលើ ដែលជាទីតាំងលក់ និងផលិតឱសថសត្វ ដោយតម្រូវឱ្យម្ចាស់ទីតាំង គឺលោក Froch Lich បញ្ចេញច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ធ ឱ្យលក់ និងផលិតឱសថនោះ ។ ផ្ទុយទៅវិញម្ចាស់ទីតាំងបានសារភាពត្រង់ថា ពុំទាន់មានច្បាប់ទេ និងកំពុងឱ្យមនុស្សម្នាក់ជួយរត់ការឱ្យ ប៉ុន្តែរយៈពេលជិត១ឆ្នាំហើយ មិនទាន់បានច្បាប់នោះមកទៀត។
ក្រោយពីឆែកឆេរ គណៈកម្មការចម្រុះបានសម្រេចប្លុំបេអគារ ឬឃ្លាំងដែលផ្ទុកដោយឱសថនោះជាបណ្តោះអាសន្ន លុះដល់ថ្ងៃទី៥ ឧសភា សំណុំរឿងនេះត្រូវបានលើកយកទៅបើកសវនាការជំនុំជំរះដែលមានប្រធានក្រុមប្រឹក្សា គឺលោកស្រី សែម សក្តិកូឡា សម្រេច១-ផ្តន្ទាទោសលើឈ្មោះ Froch Lich អាយុ៥២ឆ្នាំ ជនជាតិបារាំង ពិន័យជាប្រាក់២លានរៀល ពីបទបើកគ្រឹះស្ថានលក់ឱសថសត្វដោយគ្មានច្បាប់អនុញ្ញាត ២-វត្ថុតាងរួមមានថ្នាំប្រភេទកញ្ចប់ចំនួន២៩មុខ ស្មើនឹង១.៨៥០កញ្ចប់ ថ្នាំប្រភេទដបចំនួន១៩មុខ ស្មើនឹង២.២៦៩ដប ថ្នាំត្រីចំនួន៩ធុង (ក្នុង១ធុង៥០គីឡូក្រាម) ស្មើនឹង១.២៥០គីឡូក្រាម ថ្នាំមាន់១ធុង ស្មើនឹង១៣គីឡូក្រាម វត្ថុធាតុដើមផលិតថ្នាំជ្រូកចំនួន២៥០គីឡូក្រាម វត្ថុធាតុដើមផលិតថ្នាំត្រីចំនួន៩មុខ ១កេសស្មើនឹង២៥គីឡូក្រាម ៨៩កញ្ចប់ស្មើនឹង១.៤៨១គីឡូក្រាម ២៩បាវស្មើនឹង៧៥០គីឡូក្រាម និង៤ធុង ស្មើនឹង១០០គីឡូក្រាម ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ។ សរុបមកវិញ តំណាងអយ្យការដែលបានដឹកនាំកម្លាំងចុះទៅបើកប្លុំបេទីតាំងផលិតឱសថសត្វរបស់ជនជាតិបារាំងនោះ គឺតាមអំណាចសាលក្រមដែលចូលជាធរមានហើយដើម្បីប្រគល់ឱសថ និងសារធាតុដែលតុលាការរឹបអូសឱ្យទៅក្រសួងសុខាភិបាល និងក្រសួងកសិកម្មគ្រប់គ្រង៕
ចែករំលែកព័តមាននេះ